ដោយៈសុផល/ភ្នំពេញៈលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោក ដ៏ធំមួយរបស់ប្រទេសឡាវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈដែលគណៈប្រតិភូបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ។

តាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Vientiane Logistice Park គម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។

តាមលោកអគ្គនាយកក្រុមហ៊ុន ថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលទៀតផង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកស្រីចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។

ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំ។ លោកជំទាវបានបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ៕