​ដោយ​:​សុផល​/​ភ្នំពេញ​:​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានអនុញ្ញាត​ឱ្យ លោក ខាំ​បាយ ដាំ​ឡា​ត អនុប្រធានរដ្ឋសភា​ឡាវ និង​ជា​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម ខណៈដែល​សម្តេច​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​ឡាវ​។​

    រូបខាងស្ដាំ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន

​លោក ខាំ​បាយ ដាំ​ឡា​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច និង​គណៈប្រតិភូ​នៅក្នុង​ប្រទេស​ឡាវ​នាពេល​នេះ បានធ្វើឱ្យ​ចំណងមិត្តភាព​រវាង​បក្ស រដ្ឋ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែលមាន​លក្ខណៈ​ជា​ប្រពៃណី​និង​បងប្អូន​ជា​យូរលុង​មកហើយ​នោះ កាន់តែ​ស្អិតរ​មួ​ត​និង​រឹងមាំ​ថែមទៀត​។​

​លោក​ប្រធាន​សមាគម បាន​រាយការណ៍​ជូន​សម្តេច​ពី​សកម្មភាព​ការងារ និង​កិច្ច​សហប្រតិបត្តិ​រវាង​សមាគម​មិត្តភាព​ប្រទេស​ទាំងពីរ នាពេល​កន្លងមក និង​ថា​ដើម្បី​ពង្រឹងពង្រីក​ទំនាក់​ប្រជាជន​និង​ប្រជាជន ពី​ថ្នាក់លើ​ដល់​ថ្នាក់មូលដ្ឋាន នៅពេលនេះ សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា បាន​បង្កើត​សាខា​នៅតាម​ខេត្ត​ចំនួន​ពីរ​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​បង្កលក្ខណៈ​ឱ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ងាយស្រួល តាមរយៈ​កម្មវិធី​បុណ្យទាន លេង​កីឡា និង​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​។​

​លោក ខាំ​បាយ ដាំ​ឡា​ត គោរព​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា​មេត្តាជួយ​គាំទ្រ​ដល់​សកម្មភាព​សមាគម​ប្រទេស​ទាំងពីរ​បន្តទៀត ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​ប្រសិទ្ធភាព​ការងារ​របស់​សមាគម​ក្នុងការ​បង្កើន​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​និង​ប្រជាជន​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​សកម្ម​ឡើង​ពី​ថ្នាក់លើ​ដល់​ថ្នាក់មូលដ្ឋាន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​សមាគម​មិត្តភាព​ប្រទេស​ទាំងពីរ​សម្រេចបាន​នាពេល​កន្លងមក​។ សម្តេច​ចាត់ទុក​សមាគម​មិត្តភាព​កម្ពុជា​-​ឡាវ និង​ឡាវ​-​កម្ពុជា គឺជា​តួអង្គ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​រួមចំណែក​ផ្សាភ្ជាប់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជាតិ និង​ប្រជាជន​ទាំងពីរ ឱ្យ​កាន់តែ​ស្និទ្ធស្នាល រឹងមាំ និង​ស្ថិតស្ថេរ​យូរអង្វែង តាម​បំណងប្រាថ្នា​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​។​

​សម្តេច​បាន​គាំទ្រ​សកម្មភាព​ទាំងឡាយ របស់​សមាគម​មិត្តភាព ដែល​រួមចំណែក​ក្នុងការ​ថែរក្សា​សន្តិភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ និង​បាន​លើកទឹកចិត្ត​ដល់​សមាគម​មិត្តភាព នៃ​ប្រទេស​ទាំងពីរ បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​បន្ថែមទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ សម្រាប់​ប្រជាជាតិ​ទាំងសងខាង​៕srn​ / V

រូបខាងស្ដាំ   សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន