ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ៖អភិបាលខេត្តព្រះវិហារបានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនប្រជាពលរដ្ឋតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ការក្រើនរំលឹកនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកឆែបកាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ។

លោក គីម រិទ្ធី អភិបាលខេត្តបានបញ្ជាក់ថា ដីក្នុងដែនបរិស្ថាន មានដីតំបន់អភិរក្សស្នូល អភិរក្សរបស់សហគមន៍ និងមានច្បាប់បរិស្ថាន។ការធ្វើប្លង់ដីជូនពលរដ្ឋ ក៏មិនត្រូវចេះតែធ្វើតាមការនឹកឃើញនោះទេ ត្រូវគិតឱ្យបាន គ្រប់ជ្រុងជ្រោយ។លោកបានស្នើឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍ និងបញ្ចប់សកម្មភាពអានាធិបតេយ្យក្នុងដែនដីខេត្ត ព្រះវិហារ និងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មស្របច្បាប់ បើស្របច្បាប់ខេត្ត មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។

លោកអភិបាលខេត្តក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងអាជ្ញាធរគ្រប់គ្រប់ថ្នាក់នៅទូទាំងស្រុកដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនានា។

សូមបញ្ជាក់ថា លោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ត្រូវបានតែងតាំងជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ៕សរន