មន្ត្រី​សំណូមពរ​ពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដី​សម្បទាន​ហើយ​កុំ​លក់​ដី​ទាំងនោះ​

1148
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក​បណ្ឌិត ដោក ដូ​ម៉ា នាយក​គម្រោង LASED ដែលជា​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ផ្តាំ និង ផ្ញើ​សារ​ដល់​ថា  ប្រជាពលរដ្ឋ​ដែល​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដី​សម្បទាន​ហើយ មេត្តា​កុំ​លក់​ដី​ទាំង​នោះឡើយ ព្រោះ​លុយកាក់​ដែល​បាន​ពី​ការលក់​ដី​ទាំងនោះ មិនអាច​ដោះស្រាយ​ភាពក្រីក្រ​បានឡើយ ហើយ​ថែមទាំង​អាចធ្វើឱ្យ​គ្រួសារ​ពួកគាត់​ត្រឡប់​ទៅរក​ភាពក្រីក្រ​វិញ​ថែម​ទៀតផង ។ សូម​ប្រើប្រាស់​ដី​របស់ខ្លួន​ឱ្យបាន​ល្អ និង ទុក​បន្ត​ជា​ប្រយោជន៍​ដល់​កូន និង ចៅ រាប់​ជំនាន់​ត​ទៅមុខទៀត  ។​


LASED គឺជា​គម្រោង​រួមគ្នា​រវាង​ក្រសួង​ចំនួន ៣ គឺ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក្រសួងមហាផ្ទៃ និង ក្រសួងកសិកម្ម ។ ដី​សម្បទាន​សង្គមកិច្ច ដែល​ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​តាមរយៈ​គម្រោង LASED ក្នុងនោះ​មាន​ដី​លំនៅឋាន ដី​កសិកម្ម ដី​សម្រាប់​សាងសង់​ហេ​ដ្ឋា​រន​ច​នា​សម្ព័ន្ធ​សាធារណៈ និង ដី​បម្រុង​សហគមន៍​ផង សរុប​ជាង ១ ម៉ឺន ៧ ពាន់​ហិកតា ហើយ ដែល​ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥.១៤១ គ្រួសារ នៅ​ខេត្ត​ចំនួន ៥ គឺ​ខេត្ត ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និង ខេត្តកំពង់ស្ពឺ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​លំនៅ​ថា ៣០ X ៤០ ម៉ែត្រ និង ដី​កសិកម្ម ១ ហិកតា ។​

​តាម​ការគ្រោងទុក ប្រជាពលរដ្ឋ​ដែល​ទទួលបាន​សម្បទាន​សង្គមកិច្ច​ទាំងនោះ នឹងត្រូវ​បានប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទាំងនោះ​ជា​បន្តបន្ទាប់​ហើយ​ចាប់ពី កក្កដា ខាងមុខ​នេះហើយ បន្ទាប់ពី​ពួកគាត់​បានរស់នៅ និង ប្រើប្រាស់​ដី​សម្បទាន​ទាំង​នោះបាន ៥ ឆ្នាំ ។​

​លោក​បណ្ឌិត ដោក ដូ​ម៉ា បានឱ្យដឹងថា LASED នឹង​នៅ​ត​បន្ត​ស្វែងរក​ដី​ទំនេរ​របស់​រដ្ឋ​សម្រាប់​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​បន្ថែមទៀត ។​

LASED មិន​គ្រាន់តែ​ផ្តល់​ដី​សម្បទាន​ឡើយ ប៉ុន្តែ​ក៏​នៅបាន​ធ្វើ​កិច្ចការ​សំខាន់ៗ ៣ ទៀត​គឺ​៖ ១. ជួយ​សាងសង់​លំនៅឋាន​ជូន​គ្រួសារ​ដែល​ទទួលបាន​ដី​សម្បទាន , ២. សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដូចជា​ផ្លូវថ្នល់ សាលារៀន និង ប៉ុស្តិ៍​សុខភាព​ជាដើម និង ទី ៣. បណ្តុះបណ្តាល​ជំនាញ​កសិកម្ម និង ដូចជា​ដាំ​ដំណាំ និង ចិញ្ចឹមសត្វ​ជាដើម រួមទាំង​ការអនុវត្ត​ជាក់ស្តែង និង ផ្តល់​ពូជ​សត្វ និង ពូជ​ដំណាំ ដើម្បី ឱ្យ​គ្រួសារ​សម្បទា​និក​ទាំងនោះ អនុវត្ត និង ទទួលបាន​ផល​ជាក់ស្តែង ។

ភូមិ សុខសែនជ័យ ស្ថិតនៅក្នុងឃុំ ពាម ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង គឺជា ភូមិមួយក្នុងចំណោមភូមិរាប់សឹបដែលត្រូវបានបង្កើតឡើងតាមរយៈគម្រោង LASED ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម