​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​កញ្ញា សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​និង​ក្រុមហ៊ុន​រុស្ស៊ី​ក្នុង​បញ្ជី​ឈ្មោះ​ដ៏​វែង​មួយ ដោយ​បង្កើន​សម្ពាធ​ជុំវិញ​ការឈ្លានពាន​អ៊ុ​យក្រែន ហើយ​សង្ឃឹមថា​នឹង​រារាំង​រាល់​ការប៉ុនប៉ង​ក្នុងការ​កសាង​វិស័យ​ការពារជាតិ​របស់​ខ្លួន ដែល​រង​ការខូចខាត​យ៉ាង​ខ្លាំង​ឡើង​វិញ​។​

​មន្ត្រី​កំពូល​ដែល​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​ទីផ្សារ​មូល​ប​ត្រ​របស់​រុស្ស៊ី ក្រុម​អ្នក​ប្រយុទ្ធ​ស្រដៀង​ពួក​ណា​ស៊ី ក្រុមមន្ត្រី​រុស្ស៊ី និង​មន្ត្រី​គាំទ្រ​រុស្ស៊ី​នៅ​តំបន់​កាន់កាប់​នៃ​អ៊ុ​យក្រែន និង​មន្ត្រី​សិទ្ធិ​កុមារ​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ថា​ដឹកនាំ​ការដឹក​កុមារ​អ៊ុយ​ក្រែន​ចេញ​ទៅ​រុស្ស៊ី ត្រូវបាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​។

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ GRU​និង​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន លោក ម៉ា​ស៊ីម អូ​រ៉េ​ស​គីន (Maxim Oreshkin) ត្រូវបាន​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​ផងដែរ​។​

​នៅក្នុង​សកម្មភាព​ស្របគ្នា​មួយ ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិកគឺ​សំដៅ​ទៅលើ​ក្រុមហ៊ុន​អវកាស កុំព្យូទ័រ និង​បច្ចេកវិជ្ជា​របស់​រុស្ស៊ី​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្អាក់​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​របស់​រុស្ស៊ី​និង​​រារាំង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការជួសជុល និង​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ឡើងវិញ បន្ទាប់​ពី​ការខាតបង់​យ៉ាង​ធំធេង​នៅ​អ៊ុ​យក្រែន​។​ហើយ​មន្ត្រី​រុស្ស៊ី​ប្រាំ​នាក់​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​សម្រាប់​​ការចោទប្រកាន់​ថា​បាន​គាំទ្រ​ឬ​ជំរុញ​ឱ្យ​មាន​ការ​លួច​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​បន្ត​ចាប់​រដ្ឋាភិបាល​រុស្ស៊ី​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុ​យក្រែន​”​។​

​លោក​បាន​និយាយថា “​អ្នក​ដែល​ត្រូវបាន​ចូល​បញ្ជី​នៅថ្ងៃនេះ រាប់​ចាប់ពី​ជនល្មើស​ប្រព្រឹត្ត​អំពើ​ហិង្សា​រហូតដល់​មន្ត្រី​ដែល​សម្របសម្រួល​ការដក​កុមារ​ចេញពី​អ៊ុយ​ក្រែន​បាន​ផ្តល់​នូវ​ឧទាហរ​ណ៍​នៃ​អាកប្ប​កិ​រិ​​យា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សង្គ្រាម​ដែល​មិន​បង្ក​ហេតុ​របស់​រដ្ឋាភិបាល​រុស្ស៊ី​”​។​

​ការដាក់ទណ្ឌកម្ម​របស់​ក្រសួងរតនាគារ​អាម៉េរិ​ក​មាន​គោលបំណង​បង្ក​ក​ទ្រព្យសកម្ម​ទាំងឡាយណា​ដែល​ត្រូវបាន​កំណត់​ថា​អាច​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​សហរដ្ឋអាម៉េរិក​និង​ហាមឃាត់​បុគ្គលឬ​ក្រុមហ៊ុន​របស់សហរ​ដ្ឋ​អាម៉េរិក រួម​ទាំង​ធនាគារ​អន្តរជាតិ​ដែល​មាន​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាម៉េរិក កុំ​ឱ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ពួកគេ​ដោយ​រឹតត្បិត​ការចូល​ប្រើប្រាស់​បណ្តាញ​ហិរញ្ញវត្ថុ​ជា​សកល​របស់​ពួកគេ​ជា​​ធរមាន​៕

ស្នងការ​សិទ្ធិ​កុមារ​រុស្ស៊ី លោកស្រី Maria Lvova-Belova (​ស្តាំ​) ត្រូវបាន​ចោទប្រកាន់​ដោយ​សហរដ្ឋ​អាម៉េរិក​ថា​ដឹកនាំ​ប្រតិបត្តិ​ការដក​កុមារ​ចេញពី​អ៊ុយ​ក្រែ​នទៅ​រស់នៅ​ជាមួយ​គ្រួសារ​រុស្ស៊ី