​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតីចូ បៃដិន នៅព្រឹកនេះបានប្រកាសជំនួយយោធាមួយកញ្ចប់ថ្មីតំលៃ៦០០លានដុល្លារដើម្បីជួយយោធាអ៊ុយក្រែនប្រយុទ្ធទល់នឹងកងកម្លាំងរុស្ស៊ី នេះបើតាមមន្រ្តីសេតវិមាន។

មុននេះមន្រ្តីអាម៉េរិកសុំមិនបញ្ចេញឈ្មោះម្នាក់បានអះអាងថា រដ្ឋាភិបាល​របស់​លោកចូ បៃ​ដិន នៅ​សប្តាហ៍​នេះ​ប្រុង​នឹង​ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​ជំនួយ​យោធា​៦០០​លាន​ដុល្លារ​ទៀត​ដល់​អ៊ុ​យក្រែន នៅពេល​អាម៉េរិក​ប្រញាប់ប្រញាល់​​បញ្ជូន​សព្វាវុធ​ទៅ​ពង្រឹងសមត្ថភាព​វាយបក​របស់​យោធា​អ៊ុ​យក្រែន ដែល​ទើបបាន​ដណ្តើម​យក​ទឹកដី​មួយចំនួន​មក​វិញ​និង​បង្ខំ​អោយ​ទាហាន​រុស្ស៊ី​ដកថយ​។​

​ពួក​មន្ត្រី​ដែល​ដឹង​រឿង​នេះ​បាន​និយាយថា ការប្រកាស​ផ្តល់ជំនួយ​ថ្មី​អាច​នឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឬ​សុក្រ​នេះ ។​វា​នឹង​ជា​លើក​ទី​២១​ដែល​ក្រសួង​ការពារជាតិ​បញ្ជូន​សព្វាវុធ​និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ចេញពី​ឃ្លាំង​​របស់​ខ្លួន​សំរាប់​អ៊ុ​យក្រែន​។​​ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួមមាន គ្រាប់រំសេវ​និង​គ្រឿង​បរិក្ខារ​ដែល​បាន​ជួយ​កងកម្លាំង​អ៊ុយ​ក្រែន​វា​យ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​នៅ​តំបន់​មួយចំនួន​នៅ​ខាងកើត​​និង​ខាងត្បូង​អ៊ុ​យក្រែន​។​

​ជំនួយ​មួយ​លើក​នេះ​ទៀត​បន្ថែម​លើ​ការបញ្ចេញ​ជំនួយ​យោធា​និង​ហិរញ្ញវត្ថុ​ជិត​២,៩​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្តាហ៍​មុន ។​វា​បញ្ជាក់​អំពី​បំណង​របស់​អាម៉េរិក​ដើម្បី​ធានាថា អ៊ុ​យក្រែន​​អាច​រក្សា​សម្ទុះ​វាយបក​ដែល​ត្រូវបាន​គេ​មើលឃើញថា​មាន​ការរីកចំរើន​ខ្លាំង​នៅ​ខែ​នេះ​។​

​ការផ្តល់​មូលនិធិ​ថ្មីៗ​បំផុត រួមមាន​ប្រាក់​២,២​ពាន់​លាន​ដុល្លារ​នៅក្នុង​ហិរញ្ញប្បទាន​យោធា​រយៈពេល​យូរ​ដែល​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បានប្រកាស​ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ទីក្រុង​គៀវ​កាល​​ពី​សប្តាហ៍​មុន និង​ជំនួយ​សព្វាវុធ​ចំនួន​៦៧៥​លាន​ដុល្លារ​ទៀត​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​នៅ​អឺរ៉ុប​ក្នុង​ថ្ងៃ​តែមួយ​។​

​ប្រាក់​២,២​ពាន់​លាន​ដែល​លោក​ប្លីង​កិន​បាន​ប្រកាស​នៅ​ទីក្រុង​គៀវ​គឺ​សំរាប់​អ៊ុយ​ក្រែ​ន​និង​ប្រទេស​ក្បែរ​ខាង​ចំនួន​១៨ រួមមាន​សមាជិក​អង្គការ​ណា​តូ និង​ដៃគូ​សន្តិសុខ​ក្នុង​តំបន់ ដែល​ជួប​ហានិភ័យ​ពី​ការ​​ឈ្លានពាន​បន្ថែម​របស់​រុស្ស៊ី​៕

​ទាហាន​អ៊ុយ​ក្រែន​ជិះ​លើ​រថក្រោះ​នៅក្នុង​តំបន់​អ៊ី​ហ្ស៊ី​យូ​ម ដែល​ទើប​ដណ្តើម​បាន​មក​ពី​កងកម្លាំង​រុស្ស៊ី