ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ការប្រកួត​កីឡា ស្ប៉េ​ស្យា​ល់​អូឡាំពិក ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ ២០២២ នៅ​ខេត្តតាកែវ គណៈកម្មការ ស្វែង​រកឃើញ​ក្រុម​ជើង​ខ្លាំង ដណ្តើមបាន​ជើងឯក ការប្រកួត​តាម​ប្រភេទ​កីឡា​ហើយ ចំពោះ​ការប្រកួត​នេះ រៀបចំ ដោយ​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​គណៈកម្មាធិការ ស្ប៉េ​ស្យា​ល់​អូឡាំពិក ខេត្តតាកែវ ។​

​លទ្ធផល​កីឡាបាល់ទាត់ ៥ នាក់ ម្ខាង​៖ ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​ខេត្តតាកែវ (A) ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ខេត្តតាកែវ (B) និង​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ខេត្តកណ្តាល ។​

​កីឡាអត្តពលកម្ម​៖ វិញ្ញាសា ៥០ ម៉ែត្រ​នារី ចំពោះ​ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី តុង ស្រី​មាស ខេត្តតាកែវ (B) ចំណាត់ថ្នាក់​លេខ ២ កីឡាការិនី សោ ហាច ខេត្តតាកែវ (A) និង​ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី គុជ ឈុន​ណៃ ខេត្តកណ្តាល ។​

​កីឡាអត្តពលកម្ម​៖ វិញ្ញាសា ១០០ ម៉ែត្រ បុរស ចំណាត់ថ្នាក់​លេខ ១ កីឡាករ សុខ ជា មកពី​ខេត្តតាកែវ (B) ចំណាត់ថ្នាក់​លេខ ២ កីឡាករ កែវ វ៉ិ​ត មកពី​ខេត្តកណ្តាល និង​ចំណាត់ថ្នាក់​លេខ ៣ កីឡាករ ប្រាក់ វណ្ណ មកពី​ខេត្តតាកែវ (B) ។​

​លោក ឡាយ សែម ប្រធានការិយាល័យ​កីឡា​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តតាកែវ បាន​​បញ្ជាក់ថាៈ ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ ២០២២ ក្នុង​គោលបំណង ផ្តល់ឱកាស​ឲ្យ​ក្រុម​កីឡាករ -​កីឡាការិនី​ខេត្ត និង​ខេត្ត បាន​ជួបជុំគ្នា ធ្វើការ​ប្រកួតប្រជែង ដើម្បី​ចែករម្លែក បទពិសោធន៍ ភាពសប្បាយ​រីករាយ រវាង​កីឡាករ កីឡាការិនី​ជន​បញ្ញា​ខ្សោយ ។​

​លោក​បាន​បន្តថាៈ ការប្រកួត​នេះ មិនមែន​ដើម្បី​ជ័យជំនះ​តែ​ម្យ៉ាង​នោះទេ គឺ​ដើម្បី​មិត្តភាព សាមគ្គីភាព និង​ផ្តល់ឱកាស​ចូលរួម​សកម្មភាព ក្នុងសង្គម​តាមរយៈ​វិស័យ​កីឡា ស្របតាម​ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ ថ្នាក់​អនុតំបន់​មេគង្គ និង​ថ្នាក់​ពិភពលោក​
​ជាពិសេស​ការប្រកួត​នេះ ដើម្បី​ជ្រើសរើស​កី ឡាករ​-​កីឡាការិនី ឆ្នើម​ទៅ​ចូលរួម ការប្រកួត​កីឡា ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ និង​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់ អូឡាំពិក​ថ្នាក់ អន្តរជាតិ​នានា នៅពេល​ខាងមុខ​៕/V​