ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ទី១៥កញ្ញាឱ្យមានរណសិរ្សរួបរួមប្រឆាំងនឹងឧក្រិដ្ឋកម្មសម្អប់ពូជសាសន៍និងអំពើហិង្សានយោបាយនៅក្នុងសុន្ទរកថាមួយដើម្បីពង្រឹងការប្រឹងប្រែងរបស់គាត់ដើម្បីបង្ហាញខ្លួនគាត់ជាអ្នកការពារតម្លៃទូទៅនៅគ្រាដែលមានការកើនឡើងនៃភាពជ្រុលនិយមក្នុងសហរដ្ឋអាម៉េរិក។
លោកបៃដិនបានប្រាប់នៅក្នុងសាលប្រជុំចង្អៀតនៅឯកិច្ចប្រជុំកំពូលឈ្មោះថា United We Stand Summit របស់សេតវិមានថា “យើងត្រូវប្រឈមមុខនឹងរឿងល្អ រឿងអាក្រក់ និងការពិត។ នោះហើយជាអ្វីដែលប្រជាជាតិដ៏អស្ចារ្យធ្វើ ហើយយើងជាប្រជាជាតិដ៏អស្ចារ្យ។ អ្នកត្រូវតែជ្រើសរើសធ្វើជាប្រជាជាតិនៃក្តីសង្ឃឹម ឯកភាព និងសុទិដ្ឋិនិយមឬមិនអ៊ីចឹងនឹងក្លាយជាប្រជាជាតិនៃការភ័យខ្លាច ការបែកបាក់ និងការស្អប់ខ្ពើម”។
ដូចសព្វមួយដងលោកបៃដិនបានរំលឹកឡើងពីរបៀបដែលគាត់បានធ្វើការសម្រេចចិត្តដើម្បីជជីកដេញដោលជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០បន្ទាប់ពីគណបក្សសាធារណរដ្ឋដំបូងឡើយបានបដិសេធមិនថ្កោលទោសការដើរដង្ហែក្បួនយកស្ទីលតាមណាស៊ីក្នុងឆ្នាំ ២០១៧ នៅទីក្រុងឆាឡូតស៍វីល (Charlottesville) រដ្ឋវើជីនៀ។
លោកបៃដិននិយាយថា “ទីក្រុងឆាឡូតស៍វីលបានផ្លាស់ប្តូរអ្វីៗទាំងអស់ ពីព្រោះខ្ញុំជឿថា កិច្ចការរបស់យើងគឺការរួបរួមប្រជាជននៅក្នុងប្រជាជាតិតែមួយ នៅអាម៉េរិកតែមួយ”។
ប៉ុន្តែលោកបាននិយាយថា ជម្លោះហិង្សាប្រកាន់ពូជសាសន៍ រួមទាំងការវាយប្រហារដ៏សាហាវទៅលើព្រះវិហាររបស់ជនស្បែកខ្មៅនៅទីក្រុងឆាឡេសុន (Charleston) រដ្ឋសៅខារ៉ូលីណា (South Carolina) ក្នុងឆ្នាំ ២០១៥ ការបាញ់ប្រហារទ្រង់ទ្រាយធំសំដៅទៅលើជនជាតិអាម៉េរិកឡាទីននៅទីក្រុងអែលប៉ាសូ (El Paso) រដ្ឋតិចសាស ក្នុងឆ្នាំ ២០១៩និងការសម្លាប់រង្គាលដោយកាំភ្លើងមួយផ្សេងទៀត ដែលលើកនេះគឺកំណត់គោលដៅលើជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិក នៅទីក្រុងបាហ្វហ្វេឡូ (Buffalo)រដ្ឋញូវយ៉ក ក្នុងខែឧសភា បានធ្វើឱ្យប្រទេសនេះតក់ស្លុតយ៉ាងខ្លាំង។
លោកបានប្រាប់ទស្សនិកជន ដែលរួមមានសកម្មជនសិទ្ធិពលរដ្ឋ មេដឹកនាំសាសនា អ្នកសិក្សាស្រាវជ្រាវ និងមន្ត្រីជាប់ឆ្នោត ថា”អស់លោកភាគច្រើនបានបាត់បង់ផ្នែកនៃបេះដូងនិងដួងព្រលឹងរបស់ខ្លួន”។
សេតវិមានបានពណ៌នាអំពីសន្និសីទពេញមួយថ្ងៃជាមួយសុន្ទរកថាគន្លឹះរបស់លោកបៃដិនថាជាឱកាសមួយដើម្បីបង្ហាញពី”ផលប៉ះពាល់ដ៏ខ្លាំងក្លានៃអំពើហិង្សាដែលជំរុញដោយសម្អប់មកលើលទ្ធិប្រជាធិបតេយ្យនិងសុវត្ថិភាពសាធារណៈរបស់យើង”។
កិច្ចប្រជុំកំពូលនេះធ្វើឡើងតែប្រាំបីសប្តាហ៍មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលក្នុងនោះគណបក្សសាធារណរដ្ឋកំពុងព្យាយាមគ្រប់គ្រងសភា។វាក៏កើតឡើងពីរសប្តាហ៍ផងដែរបន្ទាប់ពីលោកបៃដិនបាននិយាយសុន្ទរកថាដ៏កាចមួយ ដោយថ្កោលទោស “មនោគមវិជ្ជាជ្រុលនិយម” របស់លោកត្រាំដែលអ្នកគាំទ្ររបស់គាត់បានលុកលុយវិមានកាពីតូលដើម្បីព្យាយាមលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និង អ្នកដែលបន្តផ្សព្វផ្សាយទ្រឹស្តីសមគំនិតស្តាំនិយម។
មន្ត្រីសេតវិមានម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដែលមានទាំងអភិបាលក្រុងរបស់បក្សសាធារណៈរដ្ឋ និងបក្សប្រជាធិបតេយ្យ មិនមែនជារឿងនយោបាយទេ ហើយនឹង “បង្ហាញថាយើងអាចរួបរួមគ្នាក្នុងជួរបក្សទាំងពីរបាន”៕
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន អំពាវនាវឱ្យមានការរួបរួមគ្នានៅចំពោះមុខការកើនឡើងអំពើជ្រុលនិយមនិងឧក្រិដ្ឋកម្មសម្អប់ពូជសាសន៍