ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោកស្រី សុទ្ធ ស្រី​លក្ខណ៍ គ្រូបង្វឹក​កីឡាអត្តពលកម្ម លើ​វិញ្ញាសា​លោត​កម្ពស់ បាន​ថ្លែង​បញ្ជាក់ថាៈ «​ការហ្វឹកហាត់ រយៈពេល​វែង នៅ​ប្រទេស​ចិន គឺ​កីឡាអត្តពលកម្ម ក្នុងការ​ប្រជែង​មេដាយ ពី​ព្រឹ​ត្ត​ការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។​

​គ្រូបង្វឹក​រូបនេះ បាន​បន្តថាៈ ចំពោះ​កីឡាអត្តពលកម្ម លើ​វិញ្ញាសា​លោត​កម្ពស់ គឺ​សហព័ន្ធ​កីឡាអត្តពលកម្ម បាន​បញ្ជូន​កីឡាករ ២​រូប មាន​កីឡាករ ខេ​ម ញ៉​ក និង យ៉ាន ចាន់ ទៅ​ហ្វឹកហាត់ រយៈពេល ៦​ខែ នៅ​ប្រទេស​ចិន​។​

​លោកស្រី បាន​បន្ថែមថាៈ ក្រោយ​បញ្ចប់​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ថ្មីៗ​នេះ កីឡាករ ខេ​ម ញ៉​ក និង​កីឡាករ ពីរ​នាក់​ទៀត បាន​បង្កើន​ការហ្វឹកហាត់​យ៉ាងខ្លាំង ដោយ​មួយថ្ងៃ ហាត់​ពីរ​ពេល គឺ​ពេលព្រឹក និង​ល្ងាច ដោយមាន​រយៈពេល​ពី ២ ម៉ោង ទៅ ៣​ម៉ោង ទៅតាម​កម្មវិធី និង​ផែនការ​ប្រចាំឆ្នាំ មាន​ប៉ុន្មាន​ដំណាក់កាល អីចឹង​ទៅ គឺ​ហ្វឹកហាត់​កម្លាំង មាន​ខ្លាំង មាន​ខ្សោយ បច្ចេកទេស និង​ការសម្រួល​សាច់ដុំ ទៅតាម​កម្មវិធី​ហ្វឹកហាត់ ប្រចាំខែ ប្រចាំឆ្នាំ​។​

​កីឡាករ ខេ​ម ញ៉​ក និង​កីឡាករ យ៉ាន ចាន់ សិទ្ធ​ផល​ពួកគេ មានការ​កើនឡើង គួរ​ជាទី​គាប់ចិត្ត​។ ខេ​ម ញ៉​ក ធ្វើ​បានល្អ នៅ​ស៊ី​ហ្គេម​វៀតណាម គឺ​លោត​បាន​កម្ពស់ ១​ម៉ែត្រ​៩៥ និង​កីឡាករ យ៉ាន ចាន់ ឈ្នះ​មេដាយសំរិទ្ធ ពី​ព្រឹត្តិការណ៍​កីឡា សកល​វិទ្យាល័យ​អាស៊ាន លើក​ទី​២០ នៅ​ប្រទេស​ថៃ គឺ​លោត​បាន​កម្ពស់ ១​ម៉ែត្រ​៩៤​។ លទ្ធផល​នេះ គឺជា​ក្តី​រំពឹង អាច​ឈ្នះ​មេដាយ​ជូន​កម្ពុជា ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។ ម្យ៉ាងទៀត ការបញ្ជូន​កីឡាករ ទៅ​ហ្វឹកហាត់​នៅ​ចិន គឺជា​ចំណុច​វិជ្ជមាន មួយ​បន្ថែមទៀត ដើម្បីអោយ​ពួកគាត់ ពិនិត្យមើល​ពី​ចំណុចខ្សោយ របស់ខ្លួន ស្វែងរក​ចំណុចខ្លាំង ពី​គ្រូបង្វឹក​កម្រិត​ខ្ពស់​ជនជាតិ​ចិន ដូចជា​បច្ចេកទេស កម្លាំងកាយ និង​ការ​បន្សាំ​ខ្លួន​ពី​ការប្រកួត​កម្រិត​អន្តរជាតិ​ទៀតផង​។​

​លោកស្រី សុទ្ធ ស្រី​លក្ខណ៍ បាន​បន្តទៀតថាៈ ការហ្វឹកហាត់ រាល់ថ្ងៃនេះ សម្រាប់​វិញ្ញាសា​លោត​កម្ពស់ គឺមាន​បញ្ហា​ប្រឈម​លើ​សម្ភារៈ ដូចជា ពូក របារ ជើង​ទម្រ​របារ ស្បែកជើង​។​

​សូមបញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា សរុប ១៦១ នាក់ លើ ១២ ប្រភេទ​កីឡា ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស រួមមាន កីឡា​កាយសម្ព័ន្ធ (១១​នាក់​), យូ​ដូ (៥​នាក់​), វូ​ស៊ូ (១០​នាក់​), បាល់បោះ (១៥​នាក់​), វាយ​កូនឃ្លី​លើ​តុ (១០​នាក់​), ចំបាប់ (១៥​នាក់​), វាយ​សី (១២​នាក់​), ហែល​ទឹក (១១​នាក់​), លើក​ទម្ងន់ (១០​នាក់​), បាល់ទាត់​-​នារី (២៥​នាក់​) និង បាល់ទះ (១៥​នាក់​) ក្នុងនោះ​អត្តពលកម្ម បាន​បញ្ជូន​កីឡាករ កីឡាការិនី (២០​នាក់​)​។
​ដោយឡែក សម្រាប់​វិញ្ញាសា​លោត​កម្ពស់ មាន​កីឡាករ ២​នាក់ គឺ​កីឡាករ ខេ​ម ញ៉​ក និង​កីឡាករ យ៉ាន ចាន់ ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន នាពេលនេះ​៕/V​