ដោយៈ​បាយ័ន / សៀមរាបៈ ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត ចាក​ចេញពី​តំបន់​រមណីយដ្ឋាន អង្គរ ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី បាន​បញ្ជាក់ថា ពួកគាត់​មាន ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ធូរធារ ដោយសារ​តែមាន​ដី សម្រាប់ធ្វើ​កសិកម្ម និង​ប្រើប្រាស់ តាម​តម្រូវការ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៥ ខែកញ្ញា នេះ​។​

​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក រិ​ន ស្រួច ជា​អតីត​អ្នករស់នៅ​ក្នុងភូមិ​ស្រះស្រង់ សង្កាត់​នគរធំ ក្រុង​សៀមរាប ថា​កាលពី​ពេលដែល​គាត់ រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ គាត់​មាន​ដី​លំនៅដ្ឋាន ទំហំ​តូចចង្អៀត មិនមាន​កម្មសិទ្ធិ​ស្របច្បាប់ មិនអាច​ឱ្យ​លោក ទាញយក​ផលប្រយោជន៍ ពី​ដី​ឱ្យអស់​លទ្ធភាព​បាន ទើប​គ្រួសារ​លោក ស្ម័គ្រចិត្ត​ដោះដូរ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ពី​តំបន់​ការពារ​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន តា​ឯក​។​

​លោក​បាន​បន្តថាៈ បច្ចុប្បន្ន លោក​បាន​រៀបចំផ្ទះ ធ្វើជា​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវទេសចរ ដោយ​គិត​ជា​ថ្ងៃ និង​ដាក់​ខែ ហើយ​លោក​ទទួលបាន​ផល​កម្រៃ​គួរសម ក្នុង​មួយខែៗ ពី​ផ្ទះ​ស្នាក់ និង​ទិន្នផល​ចម្ការ​។​

​លោក ស្រួច សប្បាយចិត្ត ព្រោះ​ការរស់នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក អាចឱ្យ​គាត់​ចង់​ធ្វើ​អ្វី ក៏បាន តាម​សេចក្តីត្រូវការ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​ដោយឡែក លោកស្រី កី កិន្នរី បានឱ្យដឹងថាៈ លោកស្រី បាន​ស្ម័គ្រចិត្ត​ផ្លាស់​ទីលំនៅ ទៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក រយៈពេល ៥ ឆ្នាំ​មកហើយ​។ ចាប់តាំងពី​រូបគាត់ ទៅ​រស់នៅ លោកស្រី បាន​កែប្រែ​ដី​នោះ មាន​ដាំ​ដំណាំ​ដូចជា ដូង ល្ហុង ម្នាស់ ក្រូចឆ្មារ និង​ចិញ្ចឹមសត្វ គោ មាន់ ទា ក្ងាន ជាដើម​។ សព្វថ្ងៃនេះ លោកស្រី កិន្នរី មាន​គោ​ចំនួន ១៣ ក្បាល និង មាន់ ទា ក្ងាន ចំនួន​ជាង ១០០ ក្បាល​។​

​ជា​រៀងរាល់ថ្ងៃ លោកស្រី អា​ចរក​កម្រៃ​បាន​ពី​ការលក់​ក្រូចឆ្មា លក់​ពង​ទា ពងមាន់ យ៉ាងហោចណាស់ ក៏​ទទួលបាន ៣ ម៉ឺន​រៀល​ដែរ ក្នុង​១​ថ្ងៃ​។ ដោយឡែក នៅ​រដូវ​ក្ងាន​ពង វិញ គឺ​គាត់​អា​ចរក​កម្រៃ​ប្រចាំថ្ងៃ បាន​ច្រើន​គួរសម​ដែរ តាមរយៈ​ការលក់​ពង​ក្ងាន ដែល​ធ្វើឱ្យ​ជីវភាព​ធូរធារ​។​

​ចំពោះ​មុខរបរ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មួយចំនួន​បាន​ចូល​បំពេញ ការងារ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ខ្លះ​ប្រកបមុខរបរ​ធ្វើ​ផ្ទះ​ស្នាក់ សម្រាប់​ទទួលភ្ញៀវ ទេសចរ និង​ខ្លះទៀត ធ្វើ​កសិកម្ម នៅលើ​ដី​កម្មសិទ្ធិ​របស់ខ្លួន ដែលជា​ហេតុ​បាន​ចំណូល ច្រើន​ផ្នែក​ក្នុង​មួយខែៗ​៕/V​