​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​និង​ប្រាំមួយ​នាក់​ផ្សេងទៀត​បាន​រងរបួស បន្ទាប់​ពី​ជញ្ជាំង​បាន​ដួលរលំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​កញ្ញា​នៅឯ​រោងចក្រ​តៃវ៉ាន់​មួយ ដែល​កំពុង​សាងសង់​នៅ​ខេត្ត​បិ​ញ​ឌិ​ញ (Binh Dinh) ភាគ​កណ្តាល​ប្រទេស​វៀតណាម​។​

​នៅ​ម៉ោង​ប្រហែល ៥ ល្ងាច មនុស្ស​ជាច្រើន​កំពុង​សាងសង់​រោងចក្រ​កែច្នៃ​អាហារ​សមុទ្រ​ដែល​វិនិយោគ​ដោយ​តៃវ៉ាន់​នៅឯ​បរិវេណ​សួន​ឧស្សាហកម្ម​ញុ​ន​ហាវ (Nhon Hoa) នៅពេល​ដែល​ជញ្ជាំង​កម្ពស់ ១០ ម៉ែត្រ​បាន​ដួលរលំ​លើ​ពួកគេ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅពេល​នោះ​បាន​ធ្វើឱ្យ​ការខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​ការលំបាក​។​

​មនុស្ស​បី​នាក់​បាន​ស្លាប់​នៅនឹងកន្លែង​។ ពួកគេ​គឺ​ស្ត្រី​អាយុ​៣៤​ឆ្នាំ​ម្នាក់ និង​បុរស​ពីរ​នាក់​អាយុ​២៤​ឆ្នាំ និង​៣៧​ឆ្នាំ​។​

​លោក ប៊ុយ វ៉ាន់ គូ (Bui Van Cu)​អនុប្រធាន​សួន​ឧស្សាហកម្ម An Nhon បាន​និយាយថា មនុស្ស ១០ នាក់​បាន​កប់​ក្រោម​គំនរ​បាក់បែក​។ លោក​បន្តថា អ្នក​ដែល​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​គិត​ត្រឹម​ម៉ោង ១១ យប់ មន្ត្រី​មូលដ្ឋាន​បានបញ្ជាក់​ថា បុរស​ពីរ​នាក់​ទៀត​អាយុ ៣៩ ឆ្នាំ​និង ៥៦ ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​ទីតាំង​គ្រោះថ្នាក់​នេះ​ត្រូវបាន​ប៉ូលិស​បិទ ខណៈ​ពួកគេ​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​

​បរិវេណ​សួន​ឧស្សាហកម្ម Nhon Hoa ជិត ៣០០ ហិកតា គឺ​មាន​អាជីវកម្ម​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ជាង ៥០៕

​ជញ្ជាំង​រោងចក្រ​វិនិយោគ​ដោយ​តៃវ៉ាន់​បាន​បាក់​រលំ​ពេល​កំពុង​សាងសង់​កាលពី​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២