ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ រយៈពេល​៩​ខែ និង​ទិសដៅ​ការងារ ត្រីមាស​ទី​៤ ឆ្នាំ​២០២២ និង​បំពាក់​ឋានន្តរសក្ដិ និង​ប្រគល់​បណ្ណ​សរសើរ ជូន​មន្ត្រី​អាវុធហត្ថ ដែលមាន​ស្នាដៃ​។

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​កោតសរសើរ​ចំពោះ​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ដែល​បាន​ខិតខំ បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ដោយបាន​អនុវត្តតាម​បទបញ្ជា និង​គោរព​វិន័យ របស់​អង្គភាព​កងរាជអាវុធហត្ថ នាពេល​កន្លងមក បាន​យ៉ាង​ល្អប្រសើរ ប្រកបដោយ ទំនួល​ខុសត្រូវ រហូត​ទទួលបាន​ការលើកទឹកចិត្ត និង​ដំឡើង​ឋានន្តរសក្ដិ របស់​ថ្នាក់លើ ។

​លោក​មេបញ្ជាការ បាន​ណែនាំ​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវខិតខំ​បម្រើ​កិច្ចការងារ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ពលរដ្ឋ ឱ្យបាន​ល្អប្រសើរ និង​បង្ក្រាប​រាល់​បទល្មើស ដែល​កើតមានឡើង ដែលជា​ហេតុ​បង្ក​អសន្តិសុខ ដល់​សង្គមជាតិ ព្រមទាំង​ចូលរួម​អនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ពិសេស​ពង្រឹង​លើ​ការងារ ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ នៅ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន ក៏បាន​សង្កត់ធ្ងន់​ដែរ​ថាៈ មន្ត្រី​អាវុធហត្ថ​ណា ដែល​នៅ​ពីក្រោយ​ខ្នង ឬ​កាង​បទល្មើស​ផ្សេងៗ មិន​ត្រូវបាន​លើកលែង​ឡើយ ។​
​បើ​ក្នុងករណី​រកឃើញថា ប្រព្រឹត្ត​ខុស ត្រូវតែ​អនុវត្ត​តាមច្បាប់ ជាដាច់ខាត ដោយ​គ្មាន​ការលើកលែង​ឡើយ ។

​ព្រមជាមួយ​គ្នា​នោះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់ចេញ​ផែនការ បទបញ្ជា​ដល់​គ្រប់​អាវុធហត្ថ​ក្រុង​-​ស្រុក ទាំង​៩ ត្រូវ​ត្រៀម​រៀបចំ​កងកម្លាំង​ប្រចាំការ និង​សម្ភារៈ ឧបករណ៍​សង្គ្រោះបន្ទាន់ ឱ្យបាន​ជាស្រេច ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះ ទឹកជំនន់ ដែល​អាច​កេ​ី​ត​មាន​នាពេលខាងមុខ បេ​ី​ក្នុងករណី​គ្រោះទឹកជំនន់ កើត​មាន​ឡើង គ្រប់​កងកម្លាំង​តាម​គោលដៅ ត្រូវ​ចេញ​អ​ន្តា​គម​ន៍​ភ្លាមៗ មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ ។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​កិច្ចប្រជុំ ក៏​មានការ​ផ្តាស់​ប្តូរ​តួនាទី ភារកិច្ច មេបញ្ជាការរង​ខេត្ត ចំនួន​៣​រូប​, ដំឡើង​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ ១៥​រូប ក្នុងនោះ ថ្នាក់​វរសេនីយ៍ទោ ៣​រូប​, ថ្នាក់​វរសេនីយ៍ត្រី ១២​រូប​, ថ្នាក់​ពលបាលឯក ៥​រូប , ថ្នាក់​នាយឯក ៣​រូប ព្រមទាំង​ប្រគល់​ប័ណ្ណសរសើរ និង​លិខិត​សរសើរ ថ្នាក់​ក្រសួងការពារជាតិ ជូន​មន្ត្រី​អាវុធហត្ថ​ដែលមាន​ស្នារ​ដៃ ៤០ រូប​ផងដែរ ៕/V​