ដោយៈ​ដេប៉ូ​/​ភ្នំពេញ​៖លោក លាន សុខលាភ ទទួលបាន​ជ័យលាភី​លេខ​២ នៅក្នុង​ការប្រកួត​គំនូរ​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​អូហ្សូន​ចំពោះ​បរិយាកាស​(Ozone2Climate)​នា​ឆ្នាំ​២០២២​។​ជ័យលាភី​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៦ កញ្ញា​នេះ ដោយ​គណៈកម្មការ​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ (UNEP)​។​អាច​និយាយបានថា នេះ​ជា​មោទនភាព​ជាតិ​មួយ​សម្រាប់​កម្ពុជា​យើង​ដែលមាន​យុវជន​ដែល​ពោរពេញ​ទៅដោយ​សមត្ថភាព​។​

រូបថត  យុវជន លាន សុខលាភ​ (​ ក្រសួងបរិស្ថាន )

​ប្រភព​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា យុវជន លាន សុខលាភ​អាយុ​២១​ឆ្នាំ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង​បាន​ក្លាយជា​យុវជន​តំណាង​កម្ពុជា​ក្នុងការ​ចូលរួម​ប្រកួត​ស្នាដៃ​គំនូរ​យុវជន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​អូហ្សូន ចំពោះ​បរិយាកាស​ឆ្នាំ​២០២២ បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ជ្រើសរើស​ថ្នាក់ជាតិ កាលពី​ខែមិថុនា​កន្លងទៅ​។​

​គួរ​បញ្ជាក់ថា​នៅក្នុង​ការដាក់​ប្រឡង​នៅតាម​ប្រទេស​នីមួយៗ​ក្នុង​តំបន់​ក្រុមការងារ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ បានទទួល​ស្នាដៃ​សិល្បៈ​ជាង​៥.០០០ ស្នាដៃ ក្នុង​នោះគេ​បានធ្វើការ​បែងចែក​ជា​៣​ប្រភេទ រួមមាន​ដូចជា​៖ រូបគំនូរ ការថតរូប និង​ការ​រចនា​ក្រា​ហ្វិ​ច​តាមរយៈ​អន​ឡាញ​។ ក្នុងចំណោម​ស្នាដៃ ដែល​ត្រូវ ជ្រើសរើស សម្រាប់​យកទៅ​ប្រកួត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ មាន​ស្នាដៃ​សិល្បៈ​គំនូរ​ចំនួន ៩៨ ផ្ទាំង ដែលជា​ស្នាដៃ​យុវជន​មកពី ២៧ ប្រទេស​។​

​ស្នាដៃ​គំនូរ​របស់​យុវជន​កម្ពុជា លាន សុខលាភ កើតចេញពី​ទេពកោសល្យ​ធម្មជាតិ គួរ​ជាទី​ចាប់អារម្មណ៍ និង​ព្រមទាំង​បង្កប់​ទៅដោយ អត្ថន័យ​អប់រំ ឲ្យ​សាធារណជន​ចូលរួម ក្នុង​សកម្មភាព​មេត្រី​បរិស្ថាន កិច្ចការពារ​ស្រទាប់​អូហ្សូន កាត់បន្ថយ​ការ​កើន​កំដៅ​ភពផែនដី ដើម្បី​ភពផែនដី​ស្រស់ស្អាត​។

​លោក លាន សុខលាភ បានឱ្យដឹងថា គំនូរ​របស់លោក​បាន​រំលេច​ពី​សារៈសំខាន់ នៃ​ស្រទាប់​អូហ្សូន​មូលហេតុ​ផល ប៉ះពាល់ ដល់​ស្រទាប់​អូហ្សូន ព្រមទាំង​បាន​លើកទឹកចិត្ត ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ស្រទាប់ អូហ្សូន តាម​វិធីសាស្ត្រ​ងាយ​ប្រចាំថ្ងៃ​ដូចជា​ជិះ​កង់​ដើរ​ហាត់ប្រាណ​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈផូស៊ីល​និង​ម៉ាស៊ីនត្រជាក់​ដែល​ប្រើប្រាស់​សារធាតុ​ត្រជាក់​មិន​បំផ្លាញ​ស្រទាប់​អូហ្សូន និង​មាន​សក្ដានុពល​កំដៅ​សកល​ទាប​ដោយ​ប្រើប្រាស់ ខ្យល់​ធម្មជាតិ សន្សំសំចៃ​ថាមពល ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។​

​អបអរសាទរ «​ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា​» ឆ្នាំ​២០២២ ដែល​បាន​រៀបចំឡើង ក្រោម​ប្រធានបទ «​ខួប​៣៥​ឆ្នាំ​នៃ​ពិធីសារ​ម៉ុងរ៉េអាល់​៖ សហប្រតិបត្តិការ​ជា​សាកល ការពារ​ជីវិត​នៅលើ​ផែនដី​» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បី​បំផុសប្រជាជន គ្រប់​មជ្ឈដ្ឋាន ឱ្យ​យល់ដឹង កាន់តែច្បាស់​អំពី​សារៈសំខាន់ នៃ​ស្រទាប់​អូហ្សូន​សម្រាប់​ជីវិត លើ​ភពផែនដី និង​បន្ត​ចូលរួម​ឱ្យ​កាន់តែ​ខ្លាំងក្លា បន្ថែមទៀត សំដៅ​ថែរក្សា​ការពារ ស្រទាប់​អូហ្សូន និង​កាត់បន្ថយ​ការ​កើន​កម្តៅ ភពផែនដី​៕​សរន​​​​​ / N

រូបថត ( ​ក្រសួងបរិស្ថាន )