​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​រកឃើញ​ផ្នូ​រកប់​សាកសព​ធំ​មួយ ដែល​ផ្ទុក​សាកសព​មនុស្ស​ដល់​ទៅ​ជាង​៤៤០​នាក់​នៅក្នុង​ទីក្រុង​អ៊ី​ហ្ស៊ី​យូ​ម​(Izium)​ភាគ​ខាងកើត​ដែល​ទើប​​ដណ្តើម​បាន​មក​ពី​ទាហាន​រុស្សី នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រីប៉ូលិស​តំបន់​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​បើ​តាម​មន្ត្រី​រូបនេះ សាកសព​ខ្លះ​ត្រូវបាន​សម្លាប់​ក្នុង​ការបាញ់​ផ្លោង​និង​ការវាយប្រហារ​តាម​ផ្លូវអាកាស​។​

​លោក សឺ​ហ៊ី​យ បុល​វី​ណូវ​(Serhiy Bolvinov) នាយ​ប៉ូលិស​ស៊ើបអង្កេត​សំរាប់​តំបន់​ខា​គី​វ បាន​ប្រាប់​សារព័ត៌មាន​Sky News​ថា ការស៊ើបអង្កេត​ពិនិត្យ​សាកសព​នឹង​ត្រូវ​ធ្វើឡើង​ពី​សាកសព​មួយ​​ទៅ​សាកសព​មួយ​។​«​ខ្ញុំ​មិន​អាច​និយាយថា​វា​ជា​ផ្នូរ​កប់​សាកសព​រួមមួយ​ក្នុងចំណោម​កន្លែង​បញ្ចុះសព​ធំៗ​បំផុត​នៅក្នុង​ទីក្រុង​ដែល​ទើប​រំដោះ​បាន​…​សាកសព​៤៤០​ត្រូវបាន​កប់​តែ​មួយ​កន្លែង​។​ខ្លះ​ស្លាប់​​ដោយ​ត្រូវ​គ្រាប់ផ្លោង និង​ខ្លះ​ស្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​»​។​

​ទាហាន​រុស្សី​រាប់ពាន់​នាក់​បាន​ភៀសខ្លួន​ចេញពី​ក្រុង​អ៊ី​ហ្ស៊ី​យូ​ម​កាលពី​ចុង​សប្តាហ៍​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី បាន​បន្ទោស​លើ​រុស្សី និង​ប្រដូច​ការរកឃើញ​នេះ​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​បូ​ឆា​(Bucha)​នៅ​ជាយក្រុង​គៀវ​ក្នុងដំណាក់កាល​ដំបូងៗ​​នៃ​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ​។​

​អ៊ុយ​ក្រែ​ន​និង​សម្ពន្ធមិ​ត្តលោក​ខាងលិច​បាន​ចោទប្រកាន់​កងកម្លាំង​រុស្សី​ថា​បាន​បរព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីនោះ​។​

​លោក​ប្រធានាធិបតី ហ្សេ​ឡេន​ស្គី​បាន​ថ្លែងកា​ល​ពី​ម្សិ​មិញ​ថា​« រុស្សី​កំពុង​ស​ន្ស​ល់​ទុក​ស្លាកស្នាម​សាកសព​មនុស្ស​នៅ​គ្រប់​កន្លែង​និង​ត្រូវ​តែ​ចាប់​អោយ​ទទួលខុសត្រូវ​»​ទោះជា​យ៉ាង​ណា​កន្លងមក​រដ្ឋាភិបាល​​ទីក្រុង​មូ​ស្គូ​តែ​អះអាង​ថា​ប្រតិបត្តិការ​សឹក​របស់​ខ្លួន​មិន​ផ្តោត​លើ​ជន​ស៊ីវិល ឬ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដូច​ការចោទប្រកាន់​ទេ​៕

​ទាហាន​អ៊ុយ​ក្រែន​ឈរ​នៅមុខ​ប្លុក​អាគារ​ដែល​រង​ការខូចខាត​ដោយ​សង្គ្រាម​នៅ​ក្រុង​អ៊ី​ហ្ស៊ី​យូ​ម​

​សាកសព​ជាង​៤០០​ត្រូវបាន​រក​ឃើញ​ក្នុង​ផ្នូរ​រួមមួយ​នៅ​អ៊ី​ហ្ស៊ី​យូ​ម​ក្រោយ​រុស្សី​ដកចេញ​