ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជួសជុល​គ្រឹះ និង​អ៊ុត​កៅស៊ូ AC កំណាត់​ផ្លូវជាតិ​លេខ​២ ប្រវែង​ជិត ៥ គីឡូម៉ែត្រ ដើម្បី​សម្រួលការ​ធ្វើចរាចរ របស់​បងប្អូន​ប្រជាពលរដ្ឋ ខណៈ​កំណាត់​ផ្លូវ​នេះ មានការ​ខូចខាត ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយក៏​ដើម្បី​ជា​ការលើក​សោភ័ណភាព រាជធានី​ភ្នំពេញ ផងដែរ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៦ កញ្ញា​នេះ​ថាៈ អនុវត្តតាម​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​បើក​ការ​រដ្ឋា​ន​ជួសជុល​គ្រឹះ និង​អ៊ុត​កៅស៊ូ AC កំណាត់​ផ្លូវជាតិ​លេខ​២ ដែលមាន​ប្រវែង ៤ គីឡូម៉ែត្រ​កន្លះ ទទឹង ១៨ ម៉ែត្រ ដោយ​ចាប់ពី​ស្ពាន​អាកាស​ក្បាលថ្នល់ ដល់​រង្វង់​មូល​ព្រះ​នរាយណ៍ (​ព្រំប្រទល់​ភ្នំពេញ និង​ខេត្តកណ្ដាល​)​។​

​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ថាៈ ការដ្ឋាន​នេះ បានចាប់ផ្តើម​ដំណើរការ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២២ ពោលគឺ ប្រើប្រាស់​ពេលវេលា ១​ខែ​គត់ ដើម្បី​ធ្វើឱ្យ​កំណាត់​ផ្លូវ​នេះ មាន​សោភ័ណភាព និង​ធ្វើឱ្យ​ប្រជាព​លយ​រដ្ឋ អាចធ្វើ​ដំណើរ​ទៅមក​បាន​ស្រួល​។​

​គួរ​រំលឹក​ផងដែរ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​២៩ សីហា ២០២២ កន្លងមកនេះ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ពិនិត្យមើល​ស្ថានភាព​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ និង​ចាក់អង្រែ​ក្រោម ខណ្ឌ​មានន័យ ហើយ​កាលណោះ លោក​អភិបាល​រាជធានី បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី នៃ​ខណ្ឌមានជ័យ រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ផ្លូវជាតិ​លេខ​២ នេះ ឱ្យបាន​ល្អ ដោយ​មិន​ឱ្យមាន ការលក់ដូរ​រំលោភ យក​ចិញ្ចើមផ្លូវ​សាធារណៈ និង​ជួសជុល​មើលថែ​ផ្លូវ ក្រលុក​សំបុកមាន់ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ទៅមក​បាន​ស្រួល​៕ V / N