ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​កោះកុង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាចម៍ដី​មិន​គ្រប​

1377
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ប្រជាពលរដ្ឋ​ទូទៅ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានស្នើ​ដល់​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស ក្រសួង​រ៉ែ និង​ថាមពល តែម្តង គឺ​ចាត់វិធានការ​ជាបន្ទាន់​យ៉ាងណា​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​ជីក​កាយ​អាចម៍ដី ហើយ​ដឹកជញ្ជូន​តាម​ដងផ្លូវ​មិន​គ្រប​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។​

​ការដឹកជញ្ជូន​ខ្សាច់ គ្រួស និង​ដី​តាម​ដងផ្លូវ​សាធារណៈ​ពី​ស្រុក​មណ្ឌលសីមា​ចូលមក​ក្រុង​ខេមរភូមិន្ទ ដោយ​មិនបាន​គ្រប​អាចម៍​ដីនៅលើ​រថយន្ត​អោយបាន​ត្រឹមត្រូវ ពុំមែន​ជា​រឿង​ថ្មី​ទេ ដែល​ក្រុមហ៊ុន​អាជីវកម្ម​ជីក​កាយ និង​ម្ចាស់​រថយន្ត​តែង​ល្មើស​ទៅតាម​ច្បាប់​របស់​ក្រសួង​រ៉ែ និង​ថាមពល ទោះបី​ជាមាន​អាជ្ញាធរ​ធ្លាប់​ណែនាំ​អប់រំ​ក៏ដោយ​។​

​លោក ម៉ាត់ សុខ និង​លោក សំ សឿន ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ បានឱ្យដឹង​នៅ​ថ្ងៃទី​២៨ មិថុនា ថា ពួកគាត់​មិន​សប្បាយចិត្ត​ទាល់តែសោះ នៅពេល​ឃើញ​មាន​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ និង​គ្រួស តូចធំ ហាក់​ប្រ​ងើយ​កន្តើយ​នឹង​ផលប៉ះពាល់​ដល់​សុខភាព​អ្នករស់នៅ សុវត្ថិភាព​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ និង​បង់​បាត់​សោ​ភណ្ឌ​ភាព​ទីក្រុង ព្រោះតែ​ដឹក​អាចមន៍​ដី ខ្សាច់ និង​គ្រួស​លើ​រថយន្ត​ពុំបាន​គ្រប​ហៀរ​កំពប់​ពាសពេញ​ផ្លូវថ្នល់​។​

​ក្រុម​ពលរដ្ឋ សង្កត់ធ្ងន់ៗ​ថា ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងនោះ គឺ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត​ប្រយោជន៍​សាធារណៈ​ទេ ចំណែក​អ្នកបើក​រប​រថយន្ត​ដឹក​អាចម៍ដី​វិញ បើក​លឿនៗ​ពុំ​ខ្វល់​ពី​ការបង្ក​គ្រោះ​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​ជាមួយ​ឡើយ​។ ដូច្នេះ​ពួកគាត់​ស្នើ​យ៉ាងទទូច​ដល់​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​អាជ្ញាធរ​ខេត្តកោះកុង​ផ្ទាល់​តែ ម្តង ចាំបាច់​ធ្វើ​យ៉ាង​ចាត់វិធានការ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​ផង​។​

ដោយឡែក​លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា និង​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ថ្លែងថា ក្រុម​អាជ្ញាធរ​ពួកគាត់​ធ្លាប់មាន​វិធាន​ការចុះ​អប់រំ​ណែនាំ និង​ពិន័យ​ទៅដល់​ម្ចាស់​ក្រុមហ៊ុន អំពី​ការ​គ្រប​អាចម៍ដី គ្រួស និង​ខ្សាច់​ជាច្រើនលើក ច្រើនសារ​មកហើយ មុននឹង​ចេញដំណើរ​ធ្វើ​អាជីវកម្ម ករណី​មិន​គោរព​ច្បាប់​។ ​ប៉ុន្តែ​ការអនុវត្ត​របស់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ អនុវត្ត​បានតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ កើត​បញ្ហា​ជាថ្មី​ឡើងវិញ​។ ទោះយ៉ាងណា​ក៏ដោយ លោក​អភិបាលស្រុក​មណ្ឌលសីមា និង​លោក​អភិបាលក្រុង​ខេមរភូមិន្ទ អះអាងថា ពួកគាត់​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ផ្តើម​រឹតបន្តឹង​ភាព​ឆក់ល្វែង​នេះ​ជាថ្មី​។​

​លោក ពេជ្រ ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង មិនអាច​សុំ​ការបកស្រាយ​ពន្យល់​លម្អិត​អំពី​ការស្នើសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​បាន​នោះទេ​។ ទាក់ទិន​បញ្ហា​នេះ ឯកឧត្តម យស់ មុន្នី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ក៏​ឱ្យដឹង​ដែរ​ថា លោក​នឹង​ពិនិត្យមើល​រឿង រាល់​ការធ្វើ​អាជីវកម្ម​រ៉ែ ចាំបាច់​គោរព​ទៅតាម​បទដ្ឋាន​គោលនយោបាយ​ច្បាប់​។ ករណី​ម្ចាស់​អាជីវកម្ម​មិន​គោរព​នឹង​ទទួល​ការ ណែនាំ​អប់រំ​ជា​ជំហាន​ដំបូង តែបើ​បន្ត​ប្រព្រឹត្ត​ខុស​រង​ពិន័យ​ជា​ប្រាក់ ឬ​ដក​អាជ្ញាធរ​ប័ណ្ណ​តែម្តង​។​

​បើតាម​ពលរដ្ឋ រាល់ពេល​មាន​អ្នកសារព័ត៌មាន​ចុះមក​ថត​រថយន្ត​ដឹក​ដី ខ្សាច់ និង​គ្រួស​មិន​គ្រប​នេះ​ម្តងៗ អ្នកបើកបរ​រថយន្ត​ក៏បាន​ទូរស័ព្ទ​ហៅ​គ្នីគ្នា​គេ​អោយ​គ្រប​ធ្វើដូច្នេះបាន​អនុវត្ត​ត្រឹមត្រូវ ផ្ទុយ​មកវិញ បានតែ​កន្លះ​ម៉ោង សកម្មភាព​អសកម្ម​បាន​កើតមានឡើង​វិញ​ដដែល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម