​ដោយៈ សុផល / ភ្នំពេញ​៖ កម្ពុជា​-​តួ​ក​គី បាន​ឯកភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទេសចរណ៍ បន្ថែមទៀត ជាពិសេស​បង្កើត​ជើងហោះហើរ​ត្រង់ នាពេល​ឆាប់ៗ​។​

​ការសន្យា​នេះ ធ្វើឡើង​នាឱកាស​ដែល​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ស្ថានទូត​តួ​ក​គី ប្រចាំ​កម្ពុជា លោកស្រី អ៊ូ​ល​ឃូ កូ​ចេ​អ៊ែ​ហ្វ៊ែ (ÜLKÜ KOCAEFE) ជួបពិភាក្សា​ការងារ ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

    លោក រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាបជូន​លោកស្រី ឯកអគ្គរដ្ឋទូត

​លោក រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាបជូន​លោកស្រី ឯកអគ្គរដ្ឋទូត អំពី​ស្ថានភាព​ទេស ចរណ៍​កម្ពុជា ដែល​កំពុង​ងើបឡើង​វិញ​បណ្ដើរៗ តាមរយៈ​ការខិតខំ​ស្ដារ និង​លើកស្ទួយ វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ពី​សំណាក់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ ប្រការនេះ បាន​ជំរុញ​ឱ្យ​កម្ពុជា ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជិត ១ លាន​នាក់ (​កើនឡើង ៧២០%) ត្រឹម​រយៈពេល ៨​ខែ ឆ្នាំ​២០២២​។​

​លោកស្រី អ៊ូ​ល​ឃូ កូ​ចេ​អ៊ែ​ហ្វ៊ែ បាន​កោតសរសើរ​អំពី​ភាពល្អប្រសើរ នៃ​ការគ្រប់គ្រង ស្ថានភាព​កូ​វីដ ១៩ នៅ​កម្ពុជា ការគោរព​បាន​នូវ​វិធានការ​សុខាភិបាល​របស់​ប្រជាជន កម្ពុជា ការយកចិត្តទុកដាក់ ចំពោះ​សុខភាព អាយុជីវិត​របស់​ប្រជាជន តាមរយៈ​គោល នយោបាយ​ចាក់​ស្រោច​វ៉ាក់សាំង និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩ របស់​រាជរដ្ឋាភិបាល​។​

​លោកស្រី ក៏​ពេញចិត្ត​ជាខ្លាំង​ចំពោះ ភាពរួស​រាយ​រាក់ទាក់​របស់ ប្រជាជន​កម្ពុជា គឺ​ដូច​ការផ្សព្វផ្សាយ នៅក្រៅ​ប្រទេស​ពិតមែន​។ លោកស្រី បានបង្ហាញ​អារម្មណ៍ មាន​ភាពកក់ក្ដៅ មាន​សុវត្ថិភាព ក្នុងការ​មក​រស់នៅ និង​បំពេញបេសកកម្ម នៅ​កម្ពុជា​នេះ ហើយ​មាន​ចំណាប់អារម្មណ៍​ខ្លាំង ចំពោះ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​តំបន់​បេតិកភណ្ឌ​អង្គរ​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក​រដ្ឋមន្ត្រី ថោង ខុន ភាគី​កម្ពុជា​-​តួ​ក​គី ឯកភាពគ្នា​ជំរុញ ការអនុវត្ត នូវ​កិច្ចព្រមព្រៀង ស្ដីពី​វិស័យ​ទេសចរណ៍ ដែល​បាន​ចុះហត្ថលេខា​រួចរាល់ នៅ​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំ​២០១៨ និង​បានរៀបចំ​ក្រុមការងារ​អនុវត្ត​រួចហើយ​ដែរ ធ្វើយ៉ាងណា អនុវត្ត​ឱ្យបាន​ប្រសិទ្ធភាព ផ្លែផ្កា និង​ផ្ដល់​ផលប្រយោជន៍ ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមថាៈ កិច្ចព្រមព្រៀង ស្ដីពី​វិស័យ​ទេសចរណ៍​នោះ គឺ​ផ្ដោតលើ​ការជំរុញ​ចលនា​ទេសចរ ទៅវិញទៅមក ពិសេស គឺ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ រវាង​កម្ពុជា​-​តួ​ក​គី​។​

​លោក​បាន​មានប្រសាសន៍ថាៈ «​ក្នុង​អាណត្តិ​ដែល​លោកស្រី បំពេញបេសកកម្ម នៅ​កម្ពុជា លោកស្រី ឯកអគ្គរដ្ឋទូត​តួ​ក​គី បាន​សន្យា​សម្រេច​ឱ្យបាន នូវ​ការតភ្ជាប់ ការហោះហើរ​ត្រង់ កម្ពុជា​-​តួ​ក​គី ពីព្រោះ​ដើម្បី​ជំរុញឱ្យមាន​កំណើន​ទេសចរ​ទៅបាន ចាំបាច់​ត្រូវមាន​ការដឹកជញ្ជូន​»​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាងថាៈ បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ គឺ​សុទ្ធតែ​អាចឱ្យ​យន្តហោះ​ខ្នាត​ធំ ចុះចត​បាន ដូច្នេះ​ការ​ចុះចត​យន្តហោះ ដែល​មកពី​តួ​ក​គី​នោះ គឺ​មិនមែនជា​បញ្ហា​ឡើយ​។​

​ពិសេស​ជាង​នេះ ភាគី​ទាំងពីរ ក៏បាន​លើកឡើង​ពី​ការជំរុញ​ឱ្យមាន​បណ្ណទេ​ស​ចរណ៍ ពណ៌​បៃតង (Green Pass) ដែល​នឹង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ ការស្នើសុំ​ទិ​ដ្ឋ​ការចេញ​/​ចូល របស់​ភ្ញៀវទេសចរ ក៏ដូចជា ការធ្វើដំណើរ​កម្សាន្ត នៅក្នុង​ប្រទេស​ទាំងពីរ​។​

​ក្រៅពីនេះ កិច្ចព្រមព្រៀង ក៏​ផ្ដោតលើ​ការជំរុញ​អ្នកវិនិយោគ ក្នុង​វិស័យ​ទេសចរណ៍ ខណៈ​តួ​ក​គី គឺមាន​អ្នកវិនិយោគ​ច្រើន​ដែរ ហើយ​កម្ពុជា​-​តួ​ក​គី ក៏ត្រូវ​បន្ត​ការបណ្ដុះបណ្ដាល ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​មន្ត្រីរាជការ​ប្រទេស ទាំងពីរ ជាដើម​៕V / N