ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ការប្រកួតកីឡាជាតិ(NationalGames)លើកទី៣នឹងត្រូវរៀបចំធ្វើឡើងវិញនៅខែវិច្ឆិកាខាងមុខហើយព្រឹត្តិការណ៍នេះក៏ជាការសាកល្បងដ៏សំខាន់ដើម្បីពិនិត្យវាយតម្លៃនិងកែតម្រូវសម្រាប់ត្រៀមដំណើរ ឆ្ពោះទៅរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយចប់កិច្ចប្រជុំពិភាក្សាការងាររវាងគណៈកម្មការទីលានប្រកួតនិង គណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន។

លោកអគ្គលេខាធិការបានអធិប្បាយថា កិច្ចប្រជុំខាងលើនេះក៏បានជជែកគ្នាអំពីការរៀបចំពិធីបើក-បិទការប្រកួត កីឡាជាតិលើកទី៣នាថ្ងៃទី២១និងថ្ងៃទី៣០ខែវិច្ឆិកាខាងមុខដោយនឹងមានការរៀបចំឱ្យមហាជនចូលរួមទស្សនា ទៅតាមច្រកចេញ-ចូល ដែលគណៈកម្មការរបស់ CAMSOC បានរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធី បើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីធានាបាននូវសុវត្ថិភាពនិងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

លោកបន្ថែមថា ពិធីបើក-បិទកីឡាជាតិនេះ គឺជាការសាកល្បងនូវចរន្ដភ្ញៀវ សាកល្បងនូវការរៀបចំទីតាំងអ្នកចូល រួម សាកល្បងក្នុងការរក្សានូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ផ្សេងៗនិងសាកល្បងការសម្ដែងតូចមួយ។ ការសាកល្បងទាំងអស់នេះជាការសាកល្បងឲ្យយន្ដការនៃប្រព័ន្ធទាំងអស់ដើរ។បើមានខ្វះខាតអ្វី?មានចំណុចណា ឆ្គង ឬពេលអនុវត្តទៅចំណុចណាធ្វើត្រូវយើងរក្សាទុក ហើយចំណុចណាធ្វើខុស ឬមិនទាន់ត្រូវ គឺយើងនឹងកែប្រែ និងរៀបចំឲ្យហើយ។ធ្វើដូចនេះនៅពេលស៊ីហ្គេមយើងអាចកាត់បន្ថយភាពខុសឆ្គងឲ្យបានច្រើនបំផុតតាមដែលអាច ធ្វើបាន។

មន្រ្តីកីឡានិយាយថា ការប្រកួតកីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ប្រាំចំណុច រួមមាន៖១. ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេសដែលបានបណ្ដុះបណ្ដាល រួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។២.កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត។៣.អាចប៉ាន់ស្មានតម្រូវការទីលាននិងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេម។៤.តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃការប្រកួតជាលក្ខណៈហ្គេមនិង៥.ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣និងជាការពង្រឹងការរៀបចំការប្រកួតក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP)និងការគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់៕សរន