ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញ​នេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា បាល់បោះ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព បិទ​វគ្គ​បណ្ដុះបណ្ដាល អាជ្ញាកណ្ដាល កម្រិត​ជាតិ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា បាល់បោះ​កម្ពុជា

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថាៈ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល កម្រិត​ជាតិ​នេះ ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាកណ្តាល សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​ថ្នាក់ជាតិ​នានា និង​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ជាពិសេស​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​បន្តថាៈ សម្រាប់​ការពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​បច្ចេកទេស​ទាំងអស់ ត្រូវមាន​ចំណេះដឹង​ភាសាបរទេស​ច្បាប់ នៃ​ការប្រកួត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​កម្លាំងកាយ ឲ្យ​មាន​ភាពរឹងមាំ អំណត់​អត់ធន់ និង​មាន​សមត្ថភាព​ក្នុងការ​កាត់សេចក្តី​ប្រកបដោយ ភាពយុត្តិធម៌ ។ មន្ត្រី​អាជ្ញាកណ្តាល​ទាំងអស់ ដែល​ឆ្លងកាត់​វគ្គ​សិក្សា​នេះ នឹងមាន​ឱកាស ចូលរួម​ធ្វើ​អាជ្ញាកណ្តាល និង​ចៅក្រម​ព្រឹត្តិការណ៍ ការប្រកួត​នានា ជាពិសេស ការប្រកួត​កីឡា​ជាតិ ឆ្នាំ ២០២២ ខាងមុខនេះ​៕ V / N