ចាប់ពី​ឆ្នាំ​២០០០​មក ការងារ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រលួស​មាន​ការវិវត្ត​អ្វីខ្លះ​?

2480
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: តំបន់​រលួស​ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​រាជធានី​ដើម​សម័យអង្គរ​។ តំបន់​នេះ​មាន​ប្រាសាទ​ចម្បងៗ​មួយចំនួន ដូចជា​ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង​ប្រាសាទបាគង​។ មិន​ខុសពី​ប្រាសាទ​ដ៏​ទៃ​ប្រាសាទ​ក្នុង​តំបន់​នេះ​រង​ការខូចខាត​ជាច្រើន ដែល​ទាមទារ​ឱ្យមាន​ការជួសជុល​ឱ្យបាន​ទាន់ពេលវេលា​។

​លោក តាន់ សុផល​អនុប្រធាននាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ជាតិ​មួយរូប ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ ក្នុង​តំបន់​រលួស​ចាប់ពី​ឆ្នាំ​២០០០​មកទល់នឹង​បច្ចុប្បន្ន បាន​រៀបរាប់​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ដើមខែ មិថុនា ឆ្នាំ​២០១៨​ថា​៖ ប្រាសាទ​ក្នុង​តំបន់​រលួស​ដែល​ទទួលបាន​ការជួស​ជុល​មានដូចជា ប្រាសាទលលៃ ប្រាសាទ​ព្រះ​គោ និង​ប្រាសាទបាគង​។ លោក​បន្ថែមថា ការជួសជុល​ទាំងនោះ​ភាគច្រើន​ជាការ​ជួសជុល​ប្រាសាទ​ឥដ្ឋ ដោយមាន​ទាំង​ការ​ទល់​ទ្រ និង​ការជួសជុល​ផ្នែក​រចនា​សម្ពន្ធ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​ខូ​ត​ខាត​ត​ទៅមុខទៀត​។​

១. ការជួសជុល​ប្រាសាទលលៃ​

​ការជួសជុល​ប្រាសាទលលៃ​គឺ​ចាប់ពី​ឆ្នាំ​២០០០​មក ដោយ​ផ្តើម​ពី​កា​ងារ​តូច រហូតដល់​ការងារ​ធំ​។ នៅ​ទីនោះ​អ្នកជំនាញការ​ខ្មែរ​បានរៀបចំ​ទល់​ទ្រ និង​ជួសជុល​រចនា​សម្ពន្ធ​ប្រាសាទ​ឥដ្ឋ​។ តួ​ប្រាង្គ​ចំនួន​២ ដែល​ទទួលបាន​ការជួស​ជុល​បាន​ជាង ៥០​ភាគរយ ដូចជា​ប្រាង្គ​នៅ​ជ្រុង​ពាយ័ព្យ​មួយ និង​នៅ​ជ្រុង​ឦសាន​មួយ ហើយ​ក្រុមការងារ​រំពឹងថា គម្រោង​នេះ​នឹង​អាច​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

២. ការជួសជុល​ប្រាសាទ​ព្រះ​គោ​

​ការជួសជុល​ប្រាសាទ​ព្រះ​គោ ចាប់ផ្តើម​ពី​ឆ្នាំ​២០០១​មក ដោយបាន​ជួសជុល​តួ​ប្រាង្គ​កណ្តាល ដែលជា​ប្រាង្គ​ធំជាងគេ​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០០៩​។ ចំណែក​ប្រាង្គ​នៅ​ជុំវិញ​ទាំង​៥​ទៀត ក៏​ទទួលបាន​ការជួសជុល​ផ្នែក​ខ្លះ​ដែរ ដូចជា​សសរ​ពេជ្រ និង​សសរ​ផ្អោប ហើយ​នៅ​ឆ្នាំ​២០១៦-២០១៧ ការជួសជុល​បណ្ណាល័យ​នៅ​ប្រាសាទ​ព្រះ​គោ ក៏​ត្រូវបាន​រួចរាល់​ជា​ស្ថាពរ​។​

៣. ការជួសជុល​ប្រាសាទបាគង​

​ប្រាសាទបាគង​ដូច​ទៅនឹង​ប្រាសាទ​ផ្សេងទៀត​ដែរ​ក្នុង​តំបន់​រលួស គឺ​ប្រាសាទ​ភាគច្រើន​សង់​ពី​ដីឥដ្ឋ​។ ការងារ​ជួសជុល​នៅ​ប្រាសាទ​នេះ គឺ​បាន​ជួសជុល​ប្រាង្គ​ធំ​នៅ​ជ្រុង​ពាយ័ព្យ ដែលជា​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​អាឡឺម៉ង់ GACP ដែល​បានបញ្ចប់​នៅ​ដើមឆ្នាំ​២០១៨​។ បច្ចុប្បន្ន គម្រោង​កំពុង​បន្ត​ជួសជុល​ប្រាង្គ​លេខ​៨ ដែលជា​ប្រាសាទ​ឥដ្ឋ ហើយ​នេះ​ជាការ​ងារ​មួយ​ដ៏​ធំ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ត្រូវការ​ទាំង​ពេលវេលា និង​ថវិកា ដោយសារ​នៅ​ទីតាំង​នោះ​មាន​ផ្តែ​ធំ​មួយ​បាន​ធ្លា​ក់នៅ​ឆ្នាំ​២០១០​។ បច្ចុប្បន្ន​ផ្តែ​នោះបាន​ជួសជុល​រួចរាល់ ហើយ​យើង​នឹង​រៀបចំ​ឱ្យមាន​ឡើងវិញ​។​

​បើតាម​អ្នកជំនាញ​ការងារ​ជួសជុល​ប្រាសាទ លោក តាន់ សុផល ការជួសជុល​ប្រាសាទ​ក្នុង​តំបន់​រលួស មាន​ជួប​បញ្ហា​មួយចំនួន​ផងដែរ​។ លោក​បញ្ជាក់ថា អ្នកបច្ចេកទេស ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់​លើ​ផ្នែក​អ្វីមួយ ដូចជា​រចនា​សម្ពន្ធ គឺ​ការជួសជុល​ត្រូវគោរព​ទៅតាម​ទម្រង់​ដើម ទាំង​សោ​ភណ្ឌ​ភាព និង​ភាពរឹងមាំ គឺ​ត្រូវ​បញ្ចូល​ធាតុ​ផ្សំ​ទាំងនេះ​តែមួយ ទើប​ការងារ​ជួសជុល​ទទួលបាន​ជោគជ័យ និង​មាន​ភាព​យូរអង្វែង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម