ដោយៈ សុផល / ភ្នំពេញ​៖ តប​តាម​អញ្ជើញ​របស់លោក សាយ​សំ​ភូ​ន ភូមិ​វិហា​ន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​មិត្តភាព នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​នីតិប្រតិបត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បន្ទាប់ពី បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​វៀតណាម​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  ( រូបខាងឆ្វេង )

​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​នេះ នា​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ស្តីពី​លទ្ធផល​សរុប នៃ​ដំណើរ​ទស្សនកិច្ច ដែលមាន​ខ្លឹមសារ ដូចខាងក្រោម​៖

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ ឯកឧត្តម សាយ​សំ​ភូ​ន ភូមិ​វិហា​ន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្ដម ផន​ខាំ វី​ផា​វ៉ាន់ (Phankham VIPHAVANH) នាយករដ្ឋមន្ត្រី​នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជា​-​មានិត​ឡាវ និង​ឯកឧត្ដម ថង​លូន ស៊ី​សូលី​ត (Thongloun SISOULITH) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​បាន​អនុញ្ញាតឱ្យ ឯកឧត្តម ខាំ​បាយ ដាំ​ឡា​ត ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ផងដែរ​។ ភាគី​ឡាវ​បាន​សម្តែង​នូវ​ភាព​រីករាយ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ គណៈប្រតិភូ​រដ្ឋសភា​ក​ម្ពុ​ជា មកកាន់​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​នឹង​ជួយ​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ទ្វេដង​ថែមទៀត​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី និង​ជំនួប​សវនាការ​នានា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ភាគី​ប្រទេស​ឡាវ បាន​សម្តែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ ដែលជា​ប្រទេស​អ្នកជិតខាង​ល្អ មានការ​យោគយល់​គ្នា​ខ្ពស់ និង​មាន​វប្បធម៌​ស្រដៀង​គ្នា ទៀតផង រហូត​ឈានទៅ​សម្រេចបាន នូវ​ការលើកកម្ពស់​កម្រិត​ដៃ​គូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​។

​ភាគី​ទាំងពីរ បាន​អបអរសាទរ ចំពោះ​សមិទ្ធផល នៃ​ការកំណត់​ដែន​សីមា រវាង​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន និង​ជំរុញ​ឱ្យ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរ បន្ត​បញ្ចប់​កា​ងារ​ព្រំដែន ដែល​នៅ​សេសសល់ ឱ្យបាន​ឆាប់រហ័ស ឈរលើ​ស្មារតី​មិត្តភាព និង​សាមគ្គីភាព ដើម្បី​តំកល់​ទុកជា​ឧ​ត្ត​ម​ប្រយោជន៍ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត​ជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​រួមគ្នា​ឱ្យមាន ប្រសិទ្ធភាព និង​ពិនិត្យ​លទ្ធភាព​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម ដើម្បីឱ្យ​ឆ្លើយតប​តាម​សភាពការណ៍​បច្ចុប្បន្ន​។ ភាគី​កម្ពុជា សន្យា​បន្ត​ផ្តល់​អាហារូបករណ៍ ដល់​មន្ត្រី​រដ្ឋសភា​ឡាវ ស្របតាម​អនុស្សរណៈ នៃ​កិច្ចព្រមព្រៀង រវាង​ក្រុម​មិត្តភាព រដ្ឋសភា​ទាំងពីរ​។​

​ឆ្លើយតប​ចំពោះ​ការគោរព​អញ្ជើញ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ឯកឧត្តម សាយ​សំ​ភូ​ន ភូម​វិហា​ន នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា និង​ចូលរួម​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤៣ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២២ ខាងមុខនេះ​។

​ភាគី​ឡាវ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​វ៉ាក់សាំង រថយន្ត​ផ្ទុក​វ៉ាក់សាំង និង​សម្ភារ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត ជូន​ដល់​ប្រទេស​ឡាវ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។​

​ភាគី​ឡាវ ក៏​ស្នើឱ្យ​រដ្ឋសភា​កម្ពុជា បន្ត​អនុវត្ត​កិច្ចព្រមព្រៀង ដែល​រដ្ឋសភា​ទាំងពីរ បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៩ តាមរយៈ​ការបង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ រហូតដល់​កម្រិត​បច្ចេក​ទេស​។​

​ថ្នាក់ដឹកនាំ​រដ្ឋសភា​ក​ម្ពុ​ជា និង​ឡាវ បានលើកឡើង​ពី​ការខិតខំ​ក្នុង​ការជំរុញ​រដ្ឋាភិបាល ប្រទេស​ទាំងពីរ ឱ្យ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ផ្សេងៗ ដែល​បាន​ចុះហត្ថលេខា ជាមួយគ្នា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំងសងខាង​។​

​រដ្ឋសភា​កម្ពុជា និង​ឡាវ បាន​ឯកភាពគ្នា​លើ​សំណើ​សូម​ឱ្យមាន​កិច្ចប្រជុំ​កម្រិត ប្រធានរដ្ឋសភា នៃ​បណ្តា​ប្រទេស CLV (​កម្ពុជា ឡាវ និង វៀតណាម​) នាពេលខាងមុខ​។

​ជាមួយគ្នានេះ ភាគី​ឡាវ​បាន​ស្នើសុំ​រដ្ឋសភា​កម្ពុជា ជួយផ្តល់​បទពិសោធន៍​ដល់ រដ្ឋសភា​ឡាវ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អាយ​ប៉ា​។ ក្នុងន័យនេះ ភាគី​ឡាវ ស្នើ​សុំឱ្យ​មន្ត្រី​រដ្ឋសភា​ឡាវ ប្រមាណ ២៥​នាក់ ទៅ​ដកស្រង់យក​បទពិសោធ​ន៍ ពី​កម្ពុជា អំពី​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​អាយ​ប៉ា នៅ​រដ្ឋសភា​កម្ពុជា​។
​នៅក្នុង​ដំណើរ​ទស្សនកិច្ច លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ទៅ​ទស្សនា តំបន់​កំពង់​ផែស្ងួត​ថា​ណា​ឡេង និង​សួន​ភស្តុភារ​វៀង​ច័ន្ទ ផងដែរ​។ ជាមួយគ្នា​នោះ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា ឡាវ បាន​ឆ្លៀតពេល​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​ឡាវ​-​កម្ពុជា ហើយ ឯកឧត្តម សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Sanya Praseuth ប្រធាន​គណៈកម្មការ​កិច្ច​បរទេស​នៃ​រដ្ឋសភា​ឡាវ ផងដែរ​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គ មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើ​មាតុភូមិនិវត្តន៍ មកកាន់​មាតុប្រទេស វិញ ដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ​៕​ V / N