ដោយៈ សុផល / ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កម្មវិធី « ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» ដើម្បី​រំលឹក និង​បង្កើត​អនុស្សាវរីយ៍ បង្កើន​មិត្តភាព សាមគ្គីភាព បំផុសស្មារតី​ចូលរួម​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ ដល់​យុវជន​ជំនាន់​ក្រោយ បង្កើត​ឱកាស​ជួបជុំ និង​ចែករំលែក​របៀប​វេច​នំ​ខ្មែរ រួមទាំង​កម្មវិធី​កម្សាន្ដ​សប្បាយ នានា បែប​ប្រពៃណី​ខ្មែរ ដល់​អ្នកចូលរួម​កម្សាន្ដ​សប្បាយ ផងដែរ​។

​សូម​ជម្រាបជូន​ផងដែរ​ថា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ដំបូង​នៃ​កម្មវិធី « ភ្ជុំបិណ្ឌ​៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា​» មាន​សាធារណជន​ជាច្រើន បាន​អញ្ជើញ ចូលរួម​វេច​នំ ថតរូប​អនុស្សាវរីយ៍ និង​ចូលរួម​កម្សាន្ដ​ជាមួយ​ការសម្តែង​ឧបករណ៍ ភ្លេងបុរាណ និង​កម្មវិធី​សប្បាយ​ជាច្រើន​ផ្សេងទៀត​។​

​អ្វី​កាន់តែ​ពិសេស​នោះ​គឺ ត្រឹមតែ​ថ្ងៃ​ដំបូង បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចូលរួម​វេច​នំ​ខ្មែរ បាន​ចំនួន ១.០៣៧ នំ ក្នុងនោះ​មាន នំអន្សមជ្រូក ចំនួន ១៣៤ អន្សម នំអន្សមចេក ចំនួន ២៥៧ អន្សម នំ​បត់​ចំនួន ១៤២ នំ និង​នំគម​ចំនួន ៥០១ នំ ។

​សាធារណជន អាច​អញ្ជើញ​ចូលរួម​ដោយ​សេរី នៅ​អគារ​ខេមរា​នី ដោយ​កម្មវិធី​នេះ នឹង​បើក​ឱ្យ​សាធារណជន ចូលរួម​ចំនួន ២ ថ្ងៃ​ទៀត នៅ​ថ្ងៃទី​១៧-១៨ ខែកញ្ញា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៩:០០ នាទី​ព្រឹក រហូតដល់​ម៉ោង ៤ រសៀល​៕/V​