ដោយៈ​ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៤ ឈ្មោះ ណាន់​ម៉ា​ដូ​ល (Nanmadol) បាន​បង្កើន​ឥទ្ធិពល ដល់​ព្យុះ​ទី​ហ្វុ​ង កម្រិត​៤ នៅ​រសៀល​ថ្ងៃនេះ (១៦​កញ្ញា​) បន្ទាប់ពី​ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ អស់​ឥទ្ធិពល​។ នៅពេល​ព្យុះ​ទី​១៤ បាន​បង្កើន​ឥទ្ធិពល ដល់​ព្យុះ​ទី​ហ្វុ​ង​កម្រិត​៤ វា​មាន​កម្លាំង​ស្រូប​ខ្លាំង ធ្វើឱ្យ​នៅលើ​ផ្ទៃសមុទ្រ និង​តំបន់​មាត់ សមុទ្រ​របស់​ប្រទេស​កម្ពុជា មាន​ខ្យល់​បក់បោក​ខ្លាំង រហូតដល់​ល្បឿន ក្នុង​រង្វង់ ២០ ម៉ែត្រ ក្នុង​មួយ​វិនាទី (​ធម្មតា​ពី ៣ ទៅ ៥ ម៉ែត្រ ក្នុង​មួយ​វិនាទី​) នៅ​អំឡុង​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី ១៨ ខែកញ្ញា​។ ឯ​ស្ថានភាព​ភ្លៀង នៅ​បន្ត​មាន​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​នេះ នៅលើ​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្យុះ​ទី​១៤ ឈ្មោះ ណាន់​ម៉ា​ដូ​ល (Nanmadol) បាន​បង្កើន​ឥទ្ធិពល​ដល់​ព្យុះ​ទី​ហ្វុ​ង​កម្រិត​៤ នៅ​រសៀល​ថ្ងៃនេះ (១៦​កញ្ញា​) បន្ទាប់ពី​ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ បាន​អស់​ឥទ្ធិពល​។ ព្យុះ​ទី​១៤ ដែលមាន​ឥទ្ធិពល​ខ្លាំង នេះ​តាម​ការ​ព្យាករ មានដំណើរ​ទៅរក​ប្រទេស​ជប៉ុន នៅពេល ពីរ បី ថ្ងៃ​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ នៅពេល​ព្យុះ​ទី​១៤ បាន​បង្កើន​ឥទ្ធិពល ដល់​ព្យុះ​ទី​ហ្វុ​ង​កម្រិត​៤ វា​មាន​កម្លាំង​ស្រូប​ខ្លាំង ធ្វើឱ្យ​នៅលើ​ផ្ទៃសមុទ្រ និង​តំបន់​មាត់សមុទ្រ​របស់​ប្រទេស​កម្ពុជា មាន​ខ្យល់​បក់បោក​ខ្លាំង រហូតដល់​ល្បឿន​ដល់ រង្វង់ ២០ ម៉ែត្រ ក្នុង​មួយ​វិនាទី (​ធម្មតា​ពី ៣ ទៅ ៥ ម៉ែត្រ ក្នុង​មួយ​វិនាទី​) នៅ​អំឡុង​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែកញ្ញា​។
​ឯ​ស្ថានភាព​ភ្លៀង នៅ​បន្ត​មាន​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​។ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​នេះ នៅលើ​រាជធានី​ភ្នំពេញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីអំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​ថា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ដែល​នៅក្នុង​សប្តាហ៍​នេះ នឹង​រំកិល​ចុះឡើង នៅ​ចន្លោះ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម និង​ភាគ​កណ្តា​លអាង​ទន្លេមេគង្គ ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​ខ្សោយ​ទៅ​បង្គួរ ឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន​លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​យោងតាម​ស្ថានភាព​ធាតុអាកាស ដូចខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ដែល​អាច​កើត​មកពី​បរិមាណ​ទឹកភ្លៀង​ច្រើន កន្លងមក និង​ភ្លៀង​ជា​បន្តបន្ទាប់ បន្ថែម​ផ្ទួនៗ​៕/V​