​ដោយៈ​សុផល​/​ភ្នំពេញ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជានិង​និយ័ត​ករប​រធន​បាល​កិច្ចដែល​តំណាងឱ្យ​រាជរដ្ឋាភិបាលនិង​វិស័យ​ឯកជនបាន​ចាប់ដៃគ្នា​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាលតាមរយៈ​បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន ជំរុញ​ការវិនិយោគ​ក្នុង​គោលដៅ​រួមចំណែក​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ។​

​ក្រុមហ៊ុន Zillennium Group ដែលជា​បណ្តុំ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា រួមជាមួយ​ក្រុមហ៊ុន​ដែលជា​សមាជិក និង​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានប្រកាស​ពី​កិច្ចសហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល​កិច្ច ដែលជា​វិស័យ​ដ៏​មាន​សក្តានុពល​ថ្មី​មួយ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ស្ថាប័ន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មកពី​វិស័យ​អចលនទ្រព្យ និង​ក្រុមហ៊ុន​វិនិយោគ បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) នៅ​ថ្ងៃទី ១៦ កញ្ញា ឆ្នាំ​២០២២ នៅឯ​សណ្ឋាគារ Raffle Le Royal​។ MoU​នេះ​មានការ​ចូលរួម​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ស៊ូ សុជាតិ​ប្រតិភូ​រដ្ឋាភិបាល​ទទួល​ប​ន្ទុ​ជា​អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​, ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច​, លោក​គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក​, លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​, លោក Gao Shan នាយក​ផ្នែក​ទំនាក់ទំនង​ធុរកិច្ច ក្រុ​ហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក និង​លោក ឡែ​ម ចាន់​សំរេច នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក​។ ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើនរូប ដែល​តំណាងឱ្យ​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ខាងលើ ដើម្បី​បង្ហាញ​ការគាំទ្រ​និង​ជា​សក្ខីភាព​ដល់​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​នៅថ្ងៃនេះ​។

​ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក ជា​បណ្តុំ​អ៊ី​កូ​ស៊ី​ស្តឹ​ម (ecosystem) ក្នុង​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នក​ធុរកិច្ច​វ័យក្មេង ដែល​សុទ្ធសឹង​ជា​អ្នកជំនាញ និង​មានបទពិសោធន៍​បូក​បញ្ចូល​គ្នា​រហូតដល់​ទៅ ៩០ ឆ្នាំ ក្នុង​វិស័យ​អចលនទ្រព្យ និង​ការគ្រប់គ្រង​មុខ​ជំនួញ​ទាំង​នៅ​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។ ក្រុមហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក ដែល​ផ្តល់​សេវាកម្ម​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ក្នុង​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា​ទទួលបាន​អាជ្ញា​បណ្ណ​ពី​និយ័ត​ករបរ​ធន​បាល​កិច្ច​ក្នុង​ឆ្នាំ​២០២២ ហើយ​ក្រុមហ៊ុន​នេះ​គឺ ជា​ផ្នែក​មួយ​នៃ​ចង្កោម​ក្រុមហ៊ុន​ទាំង​៣០ នៃ​អ៊ី​កូ​ស៊ី​ស្តឹ​ម របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក​។ ​ចំណែក​ក្រុមហ៊ុន  ខេ​ម​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ឃែ​ភី​ថ​ល ផាត​នើ​រ ម​.​ក ទទួលបាន​អាជ្ញា​បណ្ណ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​កាលពី​ឆ្នាំ​២០១៩​មាន​តួនាទី​ជា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​។

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា លោក គុយ វ៉ាត ប្រធាន​ក្រុម​ប​ប្រឹក្សា​ភិ​បាល ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក បាន​មានប្រសាសន៍​ដោយ​ចាត់ទុក​កិច្ចសហការ​នៅថ្ងៃនេះ​គឺជា​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​វិស័យ​មូល​ប​ត្រ និង​វិស័យ​បរ​ធន​បាល​កិច្ច​ទៅដល់​សាធារណជន ការកសាង​សមត្ថភាព​ការចែករំលែក​ចំណេះដឹង​និង​ជំនាញ និង​ការទាក់ទាញ​ការចូលរួម​ឱ្យ​កាន់តែច្រើន និង​ការវិនិយោគ​នៅក្នុង​វិស័យ​ទាំងពីរ​នេះ​។​

​លោក​ថ្លែងថា​៖ “​កិច្ចសហការ​នៅថ្ងៃនេះ​បានបង្ហាញ​ពី​ចំណង និង​ការ​រឹតបន្ដឹង​កិច្ចសហការ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ដើម្បី​បង្កើន​សមិទ្ធិផល​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​។​” លោក​បន្ថែមថា វិស័យ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​ទីផ្សារ​ភាគហ៊ុន និង វិស័យ​មូល​ប​ត្រ​និង​វិស័យ​បរ​ធន​បាល​កិច្ច ហើយ​ការរីកលូតលាស់​នៃ​វិស័យ​ទាំងពីរ​នេះ នឹង​ជួយ​បំពេញ​ភាព​រីកចម្រើន​ដល់​គ្នា​ទៅវិញទៅមក សម្រាប់​វិស័យ​អចលនទ្រព្យ​។

 

​ឯកឧត្តម សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច បាន​មានប្រសាសន៍ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​នាពេលនេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​រវាង​វិស័យ​ឯកជន និង​ស្ថាប័ន​រដ្ឋាភិបាល ដែល​សម្រេចបាន​នូ​ថ​វ​កិច្ចសហការ​ដ៏​សំខាន់ និង​ជា​ស្មារតី​រួមមួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​មូល​ប​ត្រ និង​បរ​ធន​បាល​កិច្ច​ទៅដល់​សាធារណៈជន ជាពិសេស​ទៅដល់​សមាជិក​របស់ ក្រុមហ៊ុន​ហ្សី​លាន​នាម ឯ​.​ក ដែលជា​វិនិយោគិន និង​ធុរជន​ក្នុងការ​ស្វែងយល់​ពី​ការអភិវឌ្ឍ​ថ្មីៗ និង​ដើម្បី​រៀបចំខ្លួន​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​។​

​ឯកឧត្តម​ថ្លែងថា ៖ “​ការអភិវឌ្ឍ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា គឺជា​របត់​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​និង​កំពុង​បោះជំហាន​ទៅ​មុខជា​លំដាប់​ដែល​ធ្វើឱ្យ​សាធារណជន ជាពិសេស​វិស័យ​ឯកជន​មានការ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុងការ​ស្វែងយល់ ក៏ដូចជា​ចូលរួម​នៅក្នុង​វិស័យ​មួយ​នេះ​។​”

​និយ័ត​ករបរ​ធន​បាល​កិច្ច ជា​អាជ្ញាធរ​គ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ហើយ​ត្រូវបាន​បង្កើតឡើង​ក្រោម​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ខែមករា ឆ្នាំ​២០២១​។ រហូតមកដល់​បច្ចុប្បន្ន​មានបរ​ធន​បាល​កិច្ច​ចំនួន ៥២ ទទួលបាន​ការចុះ​ប​ញ្ចី​ជាមួយ និយ័ត​ករបរ​ធន​បាល​កិច្ច​។ ក្នុងចំណោម​នោះ ក្រុមហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក ដែល​ទើប​ទទួលបាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ប្រតិបត្តិ​ករបរ​ធន​បាល​នៃ​គម្រោង​វិនិយោគ​រួម នឹង​ផ្តល់​សេវាកម្ម​សំខាន់ៗ​មានដូចជា សេវា​បរ​ធន​បាល​ពាណិជ្ជកម្ម​ក្នុងការ​ថែរក្សា គ្រប់គ្រង​ក៏ដូចជា​ធ្វើជា​តំណាង​នៃ​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​លើ​ទ្រព្យសម្បត្តិ​បរ​ធន​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​រួម​។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​ផ្តល់​សេវា​បរ​ធន​បាល​កិច្ច​បុគ្គល​ដែលជា​សេវា​ផ្តល់​លើ​ការ​ឈរឈ្មោះ​ជា​កម្មសិទ្ធិករ​ឱ្យ​ជនបរទេស​ដែល​ចង់​ទិញ​អចលនទ្រព្យ​ដូចជា​ដីធ្លី និង​ផ្ទះ ដោយ​អនុលោមភាព​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​។​

​នាយក​ផ្នែក​ទំនាក់ទំនង​ធុរកិច្ច ក្រុ​ហ៊ុន ហ្សី​លាន ត្រាស់ ម​.​ក លោក Gao Shan បាន​លើកឡើងថា ប្រតិបត្តិការ​ក្រុមហ៊ុន​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​នឹង​រួមចំណែក​ជំរុញឱ្យមាន​ការទិញ​អចលនទ្រព្យ​ពី​ជនជាតិ​បរទេស ក៏ដូចជា​ធ្វើឱ្យ​កំណើន​រំហូរ​ចូល​នៃ​ទុនវិនិយោគ​មក​កម្ពុជា​កា​ន់​តែ​ច្រើន​ផងដែរ​។ មូលហេតុ គឺ​ដោយសារ​ថា បរ​ធន​បាន​កិច្ច ជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​ដទៃទៀត​ដែល​អាចឱ្យ​ជនបរទេស​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដោយ​ស្របច្បាប់​ហើយ​តាមរយៈ​បរ​ធន​បាល​កិច្ច​នេះ ហ្សី​លាន ត្រាស់ អាច​ឈរឈ្មោះ​ជា​កម្មសិទ្ធិករ​តំណាងឱ្យ​បុគ្គល ឬ​ជា​ក្រុមហ៊ុន​ដល់​ជនបរទេស​។​

​លោ​កប​បន្ថែមថា​៖ “​វិស័យ​ថ្មី​នេះ នឹង​ក្លាយជា​ដំណោះស្រាយ​មួយ ជាពិសេស​សម្រាប់​ជនបរទេស​ជា​លក្ខណៈ​បុគ្គល​ឬ​ជា​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​តាមរយៈ​បរ​ធន​បាល ហើយ​កិច្ចសហការ​នៅថ្ងៃនេះ នឹង​រួមចំណែក​អភិវឌ្ឍ​ក្នុង​វិស័យ​មូល​ប​ត្រ និង​បរ​ធន​បាល​កិច្ច ព្រមទាំង​ការរួមចំណែក​ដល់​ការធ្វើ​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​”

​ក្រុមហ៊ុន​បរ​ធន​បាល​ដើរតួ​ជា​អ្នកថែរក្សា​និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ ដោយ​គ្មាន​សិទ្ធិ​យកទៅលក់​បន្ត​ឡើយ ទោះជា​ដី ឬ​ផ្ទះ​នោះ​ជា​ឈ្មោះ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ក៏ដោយ ហើយ​បរ​ធន​បាល​កិច្ច​នេះ គឺ​តម្រូវ​ចុះបញ្ជី​ជាមួយ​និយ័ត​ករបរ​ធន​បាល​កិច្ច ដែល​យន្តការ​ទាំងនេះ​គឺ​កាន់តែ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកវិនិយោគ​ជា​ពិសេស​វិនិយោគិន​ជនបរទេស​ដែល​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

​យោងតាម​ច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច ដែល​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា បរ​ធន​បាល​កិច្ច​ត្រូវបាន​បែង​ចែកជា​៤​ប្រភេទ មានដូចជា បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម បរ​ធន​បាល​កិច្ច​សាធារណៈ បរ​ធន​បាល​កិច្ច​សង្គម និង​បរ​ធន​បាល​កិច្ច​បុគ្គល​។​បរ​ធន​បាល​កិច្ច​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល បំណង​ផ្សេងៗ​គ្នា​។ តួយ៉ាង​បរ​ធន​បាល​កិច្ច​ពាណិជ្ជកម្ម​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណេញ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកផ្តល់​វិភាគទាន​បរ​ធន​បាល​កិច្ច ឬ​បុគ្គល​ណាមួយ​ជាក់លាក់​ដែល​កំណត់ដោយ​អ្នកផ្តល់​វិភាគទាន​បរ​ធន​បាល​កិច្ច​។​

​លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​ចុះ MoU ផងដែរ​នោះ បាន​លើកឡើងថា​កិច្ចសហការ​នាពេលនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្ត​ទុក​យ៉ាងសំខាន់​ពី​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការជួយជ្រោមជ្រែង​ដល់​វិស័យ​ឯកជន ក្នុងការ​បង្កើត​យន្តកា​រ​វិនិយោគ​ថ្មីៗ ជាពិសេស​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​តាមរយៈ​វិស័យ​បរ​ធន​បាល​កិច្ច​។ យន្តការ​ទាំងនេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​និង​កាន់តែ​ទូលំ​ទូ​លា​ដល់​អ្នកវិនិយោគ ជាពិសេស​បង្កើន​ភាព​ទាក់ទាញ​រំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែច្រើន​បន្ថែ​ម​ទៀត​នៅ​កម្ពុជា​។​

​លោក​បន្តថា​៖ “​វត្តមាន​អ្នកវិនិយោគ​បរទេស នឹង​រួមចំណែក​ដល់​សំខាន់​ក្នុង​ការជួយ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ហើយ​រំហូរ​ទុនវិនិយោគ​ទាំងនេះ​នឹង​បង្កើតឱ្យមាន​តម្រូវការ​ទីតាំង​ដី​សម្រាប់​អភិវឌ្ឍ​អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម និង​តម្រូវការ​ដី​សម្រាប់​សាងសង់​រោងចក្រ​ឧស្សាហកម្ម​។​” លោក​បន្ថែមថា​ការទិញ​ដី​វិនិយោគ​បែបនេះ គឺ​សុទ្ធសឹងតែ​ត្រូវការ​ក្រុមហ៊ុន​បរ​ធន​បាល ដែល​ផ្តល់​សេវាកម្ម​ជឿជាក់​បាន អាច​តំណាង​ជា​កម្មសិទ្ធិករ​ដល់​អ្នក​វិនិយោគ​បរទេស​ដើម្បី​អភិវឌ្ឍ​ទីតាំង​ដី​នៃ​គម្រោង​វិនិយោគ​នោះ​៕Ph