ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​អោយ​ម្ចាស់​អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ​និង​ខុន​ដូ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវតែ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រ​ភ្ញៀវ​គ្រប់រូប ដែល​ចូល​ស្នាក់នៅ​ទីតាំង​របស់ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​។​
ការណែនាំ​បែបនេះ​របស់លោក​ហួត ហៃ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០២២​នេះ ខណៈ​លោក​,​លោក​សុខ ពេញ​វុ​ធ និង​លោក ហ៊ុន សុរិទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ ស្តីអំពី​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​នៅតាម​បណ្តា​មូល​ដា្ឋ​ន អាជីវកម្ម សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ដោយមាន​អ្នក​ចូល​មកពី​ម្ចាស់​អាជីវកម្ម សេវាកម្ម ផ្នែក​ទេសចរណ៍ ខុន​ដូ ប្រមាណ ៣០០​នាក់ នៅ​សាលា​រា​ជនី​ភ្នំពេញ​។​

លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ( រូបកណ្ដាល )
លោក​ហួត ហៃ​បាន​មានប្រសាសន៍​លើកឡើងថា ការអញ្ជើញ​បងប្អូន​ជា​ម្ចាស់​អាជីវកម្ម សេវាកម្ម ផ្នែក​ទេសចរណ៍ ខុន​ដូ មកនេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គោលបំណង​ណែនាំ​ឲ្យ​បងប្អូន អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ច្បាប់​ជា​ធរមាន​។ និយាយ​ជារួម​គឺ​ឲ្យ​បងប្អូន​យកចិត្តទុកដាក់ ចំពោះ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ​ផ្ទះសំណាក់ សណ្ឋាគារ​និង​ខុន​ដូ​របស់ខ្លួន​
​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ត់ចត់ ដោយសារ​ថា កន្លងមកនេះ អ្នក​ដែល​បាន​ស្នាក់នៅ​មួយចំនួន​បានធ្វើ​សកម្មភាព​បង្ករ​បទល្មើស​ផ្សេងៗ​នៅក្នុង​ទីតាំង​ដែល​ខ្លួន​ស្នាក់នៅ ដូច្នេះហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច ជំរុញ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងអស់​ត្រូវតែ ថតចម្លង​អត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រ​សម្រាប់​ភ្ញៀវ​គ្រប់រូប ដែល​ចូល​ស្នាក់នៅ​ទីតាំង​របស់ខ្លួន ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស តែបើ​បទល្មើស​ផ្សេងៗ​កើតមានឡើង យើង​មាន​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​អាចអោយ​យើង​សាវ​ជ្រាវ​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ទាំង​នោះមក​ដាក់ទោស​តាមផ្លូវ​ច្បាប់​បាន​។
បន្ថែម​ពីនេះ លោក​ហួត ហៃ ក៏បាន​ជម្រុញ​អោយ​ម្ចាស់​អាជីវកម្ម សេវាកម្ម ផ្នែក​ទេសចរណ៍​ទាំងអស់​ដែល​មិនទាន់មាន​ច្បាប់​អនុ​ញ្ញា​ត្តិ សូម​មកសុំ​ច្បាប់​អាជីវកម្ម​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ តាមរយៈ​ច្រក ចេញ ចូល​តែ​១​នៅ​ថ្នាក់​ខណ្ឌ​និង​អង្គភាព​ច្រក ចេញ ចូល​តែមួយ​នៅ​ថ្នាក់​រាជធានី​។​
បើ​យោងតាម​សារា​ចរណ៍​ណែនាំ​របស់​ក្រសួងទេសចរណ៍​ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​គឺ​៖
​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​កើតមាន​ជាយថាហេតុ នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ថ្ងៃ​១៤-១៥​រោច ខែភទ្របទ និង​ថ្ងៃ​១​កើត ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២២ ក្រសួងទេសចរណ៍​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ទេសចរ​ណ៏ រាជធានី ខេត្ត ដូចខាងក្រោម​៖
១​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្លា​ប់​ខ្លួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ “៣ ការពារ​” និង “៣ កុំ​” ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមជាមួយ​ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គ​ល្ហុង​ប្រក្រតីភាព​ថ្មី ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម និង​ធានា សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​
២​ត្រូវ​បន្ត​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា រៀបចំ​ឲ្យ​មាន​កម្មវិធី​លើកទឹកចិត្ត ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង ខណៈដែល​បុគ្គលិក​បម្រើការ​ទាំងអស់ ត្រូវ​ទទួលបាន ការចាក់​វ៉ាក់សាំង​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​
៣. ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល ទេសចរណ៍ ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ រាល់ តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាប ជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ដែល បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​
៤. ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ទូកដ កាណូត​ទេសចរណ៍ និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក នានា ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ និង ត្រូវ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​ចាំបាច់​នានា​៕​​ N