​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សហ​ដឹកនាំ កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧត្ដមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា

​នៅក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ បានបង្ហាញ​ឆន្ទៈ​ក្នុង​ការរក្សា​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព រវាង​ប្រទេស​ទាំងពីរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ភាគី​ទាំងពីរ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួម ឱ្យដឹងថាៈ កិច្ច​ប្រជុំបាន​ដំណើរការ ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព ភាតរភាព និង​យោគយល់ គ្នា​ទៅវិញទៅមក​។ ភាគី​ទាំងពីរ ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​ឆន្ទៈ​ក្នុង​ការរក្សា​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព រវាង​ប្រទេស​ទាំងពីរ​។

​កិច្ចប្រជុំ​បានផ្តល់​តម្លៃ​ខ្ពស់ ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ លើ​កិច្ចសហប្រតិបត្តិការ យ៉ាង​ទូលំទូលាយ​ចំនួន ១៩ ចំណុច​។​

​ទី​១. កិច្ចសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ស្ដីពី​ការឆ្លងកាត់​ព្រំដែន​៖ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន សមត្ថកិច្ច នៅតាម​តំបន់​ព្រំដែន ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​។​

២. កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ការឆ្លងកាត់​ព្រំដែន កំឡុងពេល​ឆ្លង​រាលដាល​ជំងឺ កូ​វីដ​-១៩៖
​ភាគី​ទាំងពីរ លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ បង្កើន​ការសម្របសម្រួល ឱ្យ​ស៊ីសង្វាក់​គ្នា​នូវ​បែបបទ​នីតិវិធី និង​វិធានការ​ឆ្លងកាត់​ព្រំដែន រួមមាន​វិធានការ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​ដទៃទៀត សំដៅ​ជួយ​សម្រួល ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​បើក​ដំណើរការ​ឡើងវិញ នូវ​ច្រកទ្វារព្រំដែន​ផ្សេងទៀត ដែល​មិនទាន់បាន​បើក ដំណើរការ នៅឡើយ​។​

៣. កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ នៅតាម​ព្រំដែន​៖ ភាគី​ទាំងពីរ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការជំរុញ និង​សម្របសម្រួល​ដល់ សកម្មភាព​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឆ្លងកាត់​ព្រំដែន រវាង​ខេត្តបន្ទាយមានជ័យ -​ខេត្ត​ស្រះកែវ និង​ខេត្តកោះកុង​-​ខេត្ត​ត្រាត​។ បន្ថែម​លើ​នេះ ភាគី​ទាំងពីរ ឯកភាព​សហការ និង​សម្របសម្រួល​សកម្មភាព​ជំនួញ និង​ពាណិជ្ជកម្ម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ជំរុញ​ចីរភាព និង​វិបុលភាព​របស់​ប្រជាជន​រស់នៅ​តាម​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ។​

៤. កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន​៖
​ភាគី​ទាំងពីរ គាំទ្រ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ពិចារណា​ឡើងវិញ លើ​កិច្ចចរចា លើ​កិច្ចព្រមព្រៀងទ្វេភាគី ស្តីពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​គោក​រវាង​កម្ពុជា និង​ថៃ ដើម្បី​ជំរុញ​ការតភ្ជាប់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​។​

៥. កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម ក្នុង​តំបន់​ព្រំដែន​៖
​ភាគី​ទាំងពីរ លើកទឹកចិត្ត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ សម្របសម្រួល​ដល់ ការធ្វើ​ជំនួញ​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ រស់នៅ​តាម តំបន់​ព្រំដែន​។ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​បន្តធ្វើ​សហប្រតិបត្តិការ លើ​ការងារ​អនាម័យ និង​ភូ​ត្ត​គា​ម​អនាម័យ ការគ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​សត្វ និង​រុក្ខជាតិ សហការ​លើ ការកសាង​សមត្ថភាព ការផ្លាស់ប្ដូរ​លើ​ព័ត៌មាន និង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​។​

៦.​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​៖
​ភាគី​ទាំងពីរ ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ឧស្សាហកម្ម ដើម្បី​ផ្ដល់​ការគាំទ្រ ដល់​វិនិយោគិន ប្រទេស​ទាំងពីរ ធ្វើការ​បណ្តាក់ទុន​បើក​ដំណើរ ការ​រោងចក្រ នៅក្នុង​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ និង​លើកទឹកចិត្ត​ឱ្យមាន ការផ្លាស់ប្ដូរ​ទស្សនកិច្ច រវាង​មន្ត្រី និង​អ្នកជំនាញ ក្នុង​វិស័យ​ឧស្សាហកម្ម ដើម្បី​ចែករំលែក ឧ​ត្ត​មា​នុ​វត្ត និង​ចំណេះធ្វើ​។​

៧. កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​៖
​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​គាំទ្រ ដល់​ក្រសួង ស្ថាប័ន និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ សហការ​សម្របសម្រួល ឱ្យ​ពលករ នៃ​ប្រទេស​ទាំងពីរ ប្រើប្រាស់​ប័ណ្ណ ព្រំដែន​សម្រាប់ ធ្វើ​ការងារ​ប្រចាំថ្ងៃ និង​ប្រចាំ​រដូវ​នៅតាម​តំបន់​ព្រំដែន​។​

៨. កិច្ចសហប្រតិបត្តិការ ក្នុងការ​គ្រប់គ្រង​ច្រកទ្វារព្រំដែន​៖
​ភាគី​ទាំងពីរ បាន​ស្វាគមន៍​ការបើក ដំណើរការ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​ខេត្តបាត់ដំបង​)- បាន​ខៅ​ឌី​ន (​ខេត្ត​ស្រះកែវ​) នៅក្នុង​ឆ្នាំ​២០១៨ និង​ស្វាគមន៍ ការបិទ​បញ្ចប់​ការងារ​សាងសង់​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន នៅក្នុង​ឆ្នាំ​២០១៩​។ ភាគី​ទាំងពីរ ក៏បាន​លើកទឹកចិត្ត ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ សហការ​ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ឈានទៅ​បើក​ដំណើរការ ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ (​ខេត្តបន្ទាយមានជ័យ​)- បាន​ណង​អៀន (​ខេត្ត​ស្រះកែវ​) ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​បន្ថែម​លើ​នេះ ភាគី​ទាំងពីរ ឯកភាព​សហការ​ព​ន្លឿ​ន​ការដំឡើង និង​ការបើក​ដំណើរការ ច្រកទ្វារព្រំដែន នៅ​សេសសល់​ចំនួន​បី​ទៀត ជា​ច្រកទ្វារព្រំដែន​អន្តរជាតិ មានដូចជា​៖ (១) ច្រកទ្វារព្រំដែន អានសេះ​(​ខេត្តព្រះវិហារ​)-​អាន​ម៉ា​(​ខេត្ត​ឧ​ប៊ុន​រាជធានី​) (២) ច្រកទ្វារព្រំដែន​ថ្មដា​(​ខេត្តពោធិ៍សាត់​) បាន​ថា​សែន​(​ខេត្ត​ត្រាត​) និង​(៣) ច្រកទ្វារព្រំដែន​ជប់​គគីរ (​ខេត្ត​ឧ​ត្ត​រ​មានជ័យ​)-​សាយ​តា​តូ​(​ខេត្ត បុរី​រ៉ាំ​)​។​

​ភាគី​ទាំងពីរ ក៏បាន​យល់ព្រម​ពិនិត្យ​លទ្ធភាព ក្នុងការ​ដំឡើង​កម្រិត​ច្រកទ្វារព្រំដែន​ឆក​រកា (​ខេត្តបាត់ដំបង​)-​បាន​ម៉ាក់​មួង (​ខេត្ត​ត្រាត​) ទៅជា​ច្រកទ្វារព្រំដែន​អន្តរជាតិ​។
​ជាងនេះទៅទៀត ភាគី​ទាំងពីរ បាន​លើកទឹកចិត្ត​អាជ្ញាធរ​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំងពីរ ឱ្យធ្វើ​ការវាស់វែង​លម្អិត នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ និង​ភូមិ​ណន​ម៉ាក់​មួន ខេត្ត​ស្រះកែវ ដើម្បី​បង្កើត​ច្រកទ្វារ​តំបន់​ព្រំដែន​ថ្មី​មួយទៀត​។​

​បន្ថែម​លើ​នេះ ភាគី​ទាំងពីរ ឯកភាព​ថា មិន​បិទ​ច្រកទ្វារព្រំដែន ជា​ឯកតោភាគី​ឡើយ​។ ការបិទ​ច្រកទ្វារព្រំដែន​ណាមួយ គប្បី​ធ្វើឡើង​ដោយមាន​ហេតុផល​ច្បាស់លាស់ និង​តាម​ការចាំបាច់ និង​ដោយមាន​ការព្រមព្រៀង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​។​

៩. កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​សហគមន៍​៖
​ភាគី​ទាំងពីរ ឯកភាព​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ទស្សនកិច្ច​សិក្សា ឬ​រៀបចំ​សិក្ខាសាលា ឬ​សន្និសីទ​ផ្សេងៗ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ព្រមទាំង​វឌ្ឍនភាព លើ​ការងារ​សេវា​សុខាភិបាល​។​

១០. កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​៖
​ភាគី​ទាំងពីរ ឯកភាព​ពិនិត្យ​លទ្ធភាព​បង្កើត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​ការផ្ដល់​ជំនួយ​បន្ទាន់ និង​ការឆ្លើយតប​គ្រោះមហន្តរាយ​។

១១.​កិច្ចសហប្រតិបត្តិការ​កាប់​ឈើ​ខុសច្បាប់​៖
​ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញាធរខេត្ត និង​កងកម្លាំង​មាន​សមត្ថកិច្ច តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ក្នុងការ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ មិនឱ្យ​ចាញ់​ការអូសទាញ ទៅ​កាប់​ឈើ​ខុសច្បាប់ តាម​តំបន់​ព្រំដែន និង​ក្នុងការ​អនុវត្ត វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ឈើ​ខុសច្បាប់ បាន​ទាន់ពេលវេលា​។​

១២. កិច្ចសហប្រតិបត្តិការ​ថែរក្សា​បរិស្ថាន​ព្រំដែន​៖
​ភាគី​ទាំងពីរ បាន​ឯកភាព​ចាត់​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ថែរក្សា​បរិស្ថាន រួមបញ្ចូល​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ការគ្រប់គ្រង​សំណល់​រឹង និង​សំណល់​រាវ នៅតាម​បណ្ដោយ​ព្រំដែន​។​

១៣. កិច្ចសហប្រតិបត្តិការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​៖
​ភាគី​ទាំងពីរ វាយតម្លៃ​ខ្ពស់ ចំពោះ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន ជាពិសេស អំពើ​ភេរវកម្ម ការជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​ការរត់ពន្ធ​មនុស្ស ការជួញដូរ​អាវុធ គ្រាប់រំសេវ និង​គ្រឿងផ្ទុះ​។ បន្ថែម​លើ​នេះ ភាគី​ទាំងពីរ គាំទ្រ​ការកសាង​ភូមិ ស គ្មាន​គ្រឿងញៀន និង​ពង្រឹង​ដំណើរការ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) និង​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៅតាម​បណ្ដោយ​ព្រំដែន កម្ពុជា​-​ថៃ​។

១៤. កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​៖
​ភាគី​ទាំងពីរ ឯកភាព​បន្ត​សហការ​ការងារ ដើម្បី​សម្របសម្រួល​ប្រតិបត្តិ​ការដោះមីន ដោយ​មនុស្សធម៌ នៅ​តំបន់​តាម​បណ្ដោយ​ព្រំដែន ក្នុង​គោលបំណង​បំពេញ​កា​ត្វ​កិច្ច ស្របតាម​មាត្រា ៥ នៃ​អនុសញ្ញា​ស្ដីពី ការហាម​ប្រាម​ការប្រើប្រាស់​គ្រាប់មីន ប្រឆាំង​មនុស្ស​។​

១៥. កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​៖
​ភាគី​ទាំងពីរ ឯកភាព​លើ​ការអភិវឌ្ឍ​ផ្លូវ​ទេសចរណ៍​រួម ក្រោម​មូលបទ «​ព្រះរាជាណាចក្រ ពីរ គោលដៅ​តែមួយ​» និង​គាំទ្រ​លើ​ការអភិវឌ្ឍ ការតភ្ជាប់​ទេសចរណ៍ រវាង​ខេត្ត​ឆ្នេរ សមុទ្រ​កម្ពុជា និង​ខេត្ត​ភាគ​ខាងកើត ប្រទេស​ថៃ​។​

១៦. កិច្ចសហប្រតិបត្តិការ​ខេត្ត​/​ក្រុង សម្ព័ន្ធមេត្រី​៖
​ភាគី​ទាំងពីរ លើកទឹកចិត្ត​ឱ្យមាន​សកម្មភាព​រួមគ្នា ដើម្បី​ជំរុញ​ភាពជា​ដៃគូ​ទីក្រុង​សម្ព័ន្ធ មេត្រី ឱ្យ​កាន់តែ​ប្រសើរឡើង និង​ប្រកបដោយ​ចីរភាព​។ ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ភាគី​ទាំងពីរ ឯកភាព​ធ្វើការ​រួមគ្នា​ពង្រឹង​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ការពារ​និង​ថែរក្សា សម្បត្តិ​វប្បធម៌ និង​ធ្វើ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​លើកកម្ពស់ ការយល់ដឹង​សាធារណៈ ការយោគយល់ ទៅវិញទៅមក និង​ការគោរព​ទៅវិញទៅមក នៃ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​នីមួយៗ​។​

១៧. យន្តការ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​៖
​ភាគី​ទាំងពីរ លើកទឹកចិត្ត អភិបាលខេត្ត​ជាប់​ព្រំដែន និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ក្រុង ស្រុក​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ឱ្យ​សហការ​រៀបចំ​កិច្ចប្រជុំ​ជាប្រចាំ ដោយ​ប្តូរ​វេន​គ្នា ជា​ម្ចាស់ផ្ទះ ទៅតាម​ការ​ព្រមព្រៀងគ្នា​រវាង​អភិបាលខេត្ត ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

១៨. កិច្ចការ​ផ្សេងៗ​៖
​ភាគី​ទាំងពីរ សម្ដែង​នូវ​ក្តី​សោម​ន្ស​រីករាយ​ចំពោះ ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ក្នុង​ឆ្នាំ​២០២០ ដែល​បានរៀបចំ ព្រឹត្តិការណ៍ អបអរសាទរ​ជាច្រើន​ពេញ​មួយឆ្នាំ​។ កិច្ចប្រជុំ​លើកទឹកចិត្ត​ឱ្យមាន​សកម្មភាព ឬ​ព្រឹ​ត្ត​ការណ៍​បន្ថែមទៀត ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។
​នៅ​ចុងបញ្ចប់​នៃ​សេចក្ដី​ព័ត៌មាន​រួម ស្ដីពី​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ លើក​ទី​៧ ភាគី​កម្ពុជា បានបញ្ជាក់​ពី​ការយល់ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ អភិបាលខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​លើក​ទី​៨ ដោយ​កាលបរិច្ឆេទ ពេលវេលា និង​ទីកន្លែង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ នឹងត្រូវ​ពិភាក្សាគ្នា​តាមផ្លូវ​ទូត​៕ V / N

រូបថតៈ ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង