ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រជាជនក្នុងខេត្តបាត់ដំបងទាំងអស់ក្នុងការ ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ខណៈដែល៨០ភាគរយនៃការចំណាយប្រចាំថ្ងៃក្នុងខេត្តបាត់ដំបងត្រូវ បានធ្វើឡើងជាប្រាក់រៀល ។

ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី(រូបថតធនាគារជាតិនៃកម្ពុជា)

ក្នុងយុទ្ធនាការផ្សព្វផ្សាយប្រាក់រៀលនៅខេត្តបាត់ដំបងនៅថ្ងៃទី១៦ ខែកញ្ញាលោកស្រី ជា សិរី បានប្រាប់ទៅអ្នក ចូលរួមថាចំណូលនិងចំណាយរបស់ប្រតិបត្តិការគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តបាត់ដំបងជាប្រាក់រៀលមាន ការកើនឡើងគួរឱ្យ កត់សម្គាល់។ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះប្រាក់រៀលក្នុងចរាចរបានកើនឡើង ១៦ភាគរយ ប្រាក់បញ្ញើជារៀលកើនឡើង២៩ភាគរយ និងឥណទានជាប្រាក់រៀលកើន៣៨ភាគរយជាមធ្យម ក្នុងមួយឆ្នាំ។

គួរជម្រាបថាលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជាសហការជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន(ចៃកា)កាលពីឆ្នាំ២០១៧កន្លងមកបានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងប្រើប្រាស់កាន់តែច្រើនឡើង ជាពិសេសចំពោះចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយ នៅក្នុងជីវភាពរស់នៅ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង(រូបថតធនាគារជាតិនៃកម្ពុជា)

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថាការចាយវាយប្រាក់រៀលនៅខេត្តបាត់ដំបងពីសំណាក់ ប្រជាពលរដ្ឋមានច្រើនគួរជាទីមោទនៈ។ ជាពិសេសការចំណាយប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ ភេសជ្ជៈសម្លៀក បំពាក់ និងការធ្វើ ដំណើរជាដើម ទោះបីខេត្តបាត់ដំបងជាខេត្តទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ បរទេសដែលបាន នាំមកនូវប្រភពចំណូលជារូបិយប័ណ្ណបរទេសយ៉ាងច្រើន។

លោកអភិបាលរងខេត្តបាត់ដំបងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសឱ្យចូលរួមប្រើប្រាស់ ប្រាក់រៀលជំនួសឱ្យរូបិយប័ណ្ណបរទេសឱ្យកាន់តែច្រើនឡើងថែមទៀតពីព្រោះប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិយើងទាំងអស់គ្នា៕សរន

ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី(រូបថតធនាគារជាតិនៃកម្ពុជា)