ដោយ:សម្បត្តិ/ភ្នំពេញ ៖ ជនសង្ស័យដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយនៅរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។

ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្ដតាមនីតិវិធី នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៧ខែកញ្ញាស្អែកនេះ។

ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្ដបន្ទាប់នៅពេលជនដៃដល់រត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងនៅប្រទេសថៃ។

សូមរំលឹកថា នៅថ្ងៃទី១៥ ខែកញ្ញានាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា)អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ ៕សរន