ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ មហិច្ឆតា​បង្ហាញខ្លួន​លើ​ទីលាន​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នោះ​គឺជា​មហិច្ឆតា​របស់​កីឡាករ​គ្រប់ៗ​រូប​ព្រោះនេះ​ជា​មោទនភាព​សម្រាប់​ពួកគេ ។ យ៉ាងណាមិញ​កីឡាករ​បាល់ទាត់​របស់​ក្លឹប​ណាហ្គា​វើ​លដ៍ ដាវ នី​ម ដែល​ទើបតែ​ប្រកាស​ឈ្មោះ​ជាប់​ជា​ជម្រើសជាតិ​ឈុត​ធំ​បានបង្ហាញ​អារម្មណ៍​របស់ខ្លួន​ក្នុងនាម​កីឡាករ​បាល់ទាត់​ម្នាក់​នៅ​ឆ្នាំ​២០២៣​ជា​ឆ្នាំ​ដែល​កីឡាករ​គ្រប់រូប​ស្រមៃ​ចង់បង្ហាញ​ខ្លួន​លើ​ទីលាន​ដូច្នេះ​ត្រូវតែ​ប្រឹងប្រែង ទើប​អាច​មានឱកាស​នេះ​។​

​ដាវ នី​ម​និយាយថា «​វា​ពិតណាស់ ឆ្នាំ​២០២៣ យើង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​កីឡាករ​ណា ក៏​គិត​ចង់បង្ហាញ​ខ្លួន​លើ​ទីលាន​ដែរ​។ ប៉ុន្តែ​យើង​ត្រូវ​ដឹងថា​ដើម្បី​អាចមាន​ឱកាស​បាន​លេង​តំណាង​ឲ្យ​ជាតិ ក្នុង​ព្រឹត្តិការណ៍​ធំៗ​បែបនេះ យើង​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​បំផុត ពិសេស គឺ​ការលេង​នៅ​ក្លិប ដើម្បី​ឲ្យ​គ្រូ​ជម្រើសជាតិ​មើលឃើញថា​យើង​ល្អ​»​។​

​កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ក្លិប​គី​រី​វង្ស​សុខ​សែន​ជ័យ​រូបនេះ​បន្ថែមថា ក្នុងនាម​ជា​កីឡា​ករ​ត្រូវការ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​អភិវឌ្ឍ​ខ្លួន ពោលគឺ​មិនអាច​ចោល​ចំណុច​ណា​​មួយ​បានឡើយ​។ អ្នកគាំទ្រ​ក៏​គួរ​បន្ត​លើកទឹកចិត្ត​ដល់​កីឡាករ ដើម្បី​ចូលរួម​គាំទ្រ​កីឡា​ជាតិ​។ យ៉ាងណា រូបគេ​ក៏​ជឿថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ណាមួយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣ ព្រោះថា កម្ពុជា​បាន​ត្រៀមខ្លួន​យូរហើយ​ដែរ​។​

​សូមបញ្ជាក់ថា ដាវ នី​ម បាន​ជាប់​ជម្រើសជាតិ​ដំបូង​នៅ​ឆ្នាំ​២០១៩​។ ក្រោយមក ក៏​ខកខាន​រហូតមកដល់​ពេលនេះ​ទើប​មានឱកាស​បានជា​ប់​ជម្រើសជាតិ​ជាថ្មី​ដើម្បី​ត្រៀម​ប្រ​កួត​មិត្តភាព​អន្តរជាតិ Minebea Mitsumi ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​៕​