ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ពិនិត្យឃើញ​ពី​បច្ចេកទេស និង​ការបង្ហាត់​ដល់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ទាំង​ក្នុង​សាល និង​បាល់ទះ​ឆ្នេរ​ខ្សាច់​អស់​មួយរយៈ​រួចមក សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​សម្រេចចិត្ត​ចុះ​កុងត្រា​ទទួលយក​គ្រូបង្ហាត់​ជនជាតិ​គុយបា​ជា​ផ្លូវការ​ហើយ​។​

ការចុះកិច្ចសន្យា​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​​របស់​សហព័ន្ធ ក្នុង​វិមាណ​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​វត្តមាន​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ និង​មន្ដ្រី​សហព័ន្ធ​ផ្សេងទៀត ពិសេស​ក៏មាន​ការចូលរួម​ពី​លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើជា​សាក្សី​នៃ​​ការចុះ​កុងត្រា​នេះ​ផងដែរ ។​

​គ្រូបង្វឹក​ទាំង​២​រូបនោះ​គឺ​លោក Karell Pena Ventoza និង កញ្ញា Berto Friol Barrios ។ លោក Leonid Abum Castillo និង​កញ្ញា​Natyelis Riol Cardenas​ដែលជា​អ្នកគ្រប់គ្រង​របស់​គ្រូបង្វឹក​ទាំង​ពីរបាន​តាំងចិត្ត​នឹងចូលរួម​ជា​ធ្លុង​មួយ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ដើម្បី​ប្រជែង​យកជ័យ​ជម្នះ​ក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ពិសេស​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។​

​ភាគី​គុយបា​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាល់​ដឹកនាំ​សហព័ន្ធ​ដែល​បាន​ជួយ​សម្រប​សម្រួល​ការរស់នៅ និង​ការធ្វើការ​របស់ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​តាមរយៈ​ការប្រឹងប្រែង​លើ​ឆាក​អន្តរជាតិ​របស់លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ ។​

លោក​បណ្ឌិត​អាំង សិរី​ពិសិដ្ឋ បានលើកឡើង​ក្រោយ​បន្ថែម​ក្បាលម៉ាស៊ីន​ក្នុង​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ថា តាមរយៈ​ការជួយជ្រោមជ្រែង​ពី​សំណាក់​លោកស្រី​អគ្គរដ្ឋទូត​គុយបា ប្រចាំ​កម្ពុជា ពេលនេះ​សហព័ន្ធ​បានសម្រេច​ចុះកិច្ចសន្យា​ជាមួយនឹង​លោក លោក Karell Pena Ventoza ជា​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស ហើយ​លោក Berto Friol Barrios ជា​គ្រូ​ជំនួយ​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​។​

​ក្រោយ​យើង​ធ្វើតេស្ត​សាកល្បង​ពិនិត្យ​លើ​ការផ្តល់​បច្ចេកទេស និង​ទស្សនវិស័យ​មួយចំនួន​ស្របតាម​អ្វីដែល​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ និង​លោក ស សុខា អនុប្រធាន​សហព័ន្ធ ចង្អុលបង្ហាញ​។ ក្នុងន័យ​តែមួយគត់ គឺ​យើង​ចង់បាន​មេដាយមាស ពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​។​ការប្រកួត​លើ​ទីលាន​វា​មិន​ស្រួល​ដូច​យើង​និយាយ​នោះទេ​តើ​ជាក់ស្តែង​យើង​ធ្វើបាន​កម្រិតណា​?​យើង​ជឿជាក់ថា​ការបន្ថែម​គ្រូបង្វឹក​ទាំង​២​នាក់​នេះ​មកជួយ​យើង​ឱ្យមាន​សង្ឃឹម​កាន់តែ​ធំ​ក្នុងការ​ប្រជែង​យក​មេដាយមាស​»​។ លោក​អគ្គលេខាធិការ​បន្ថែម​។​

​ចំពោះ​ខ្លឹមសារ​នៃ​កិច្ចសន្យា​ក៏​បើកទូលាយ​ដែរ​ដោយ​យើង​ទទួល​គាត់​ជា​គ្រូបង្វឹក​ទាំង​បាល់ទះ​ឆ្នេរ​ខ្សាច់​ក្តី បាល់ទះ​ក្នុង​សាល​ក្តី រយៈពេល​១​ឆ្នាំ បើ​ងាកមើល​ទៅក្រោយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ចប់​រយៈ​៣​ខែ​ទើប​ផុត​កិច្ចសន្យា​។ ប្រសិនបើ​យើង​ចង់​បន្ត​កិច្ចសន្យា​ត្រូវ​ជូនដំណឹង​គ្នា​រយៈពេល​៣​ខែ​មុន ប៉ុន្តែ​បន្ត​ឬ​មិន​បន្ត​គឺ​អាស្រ័យ​លើ​គុណ​ផល​ដែល​គាត់​មក​បង្វឹក​ក្រុម​កីឡាករ​របស់​យើង​ឈាន​ទៅមុខ​ដល់​កម្រិតណា​។ បើសិន​សន្ទុះ​ខ្ពស់​ចាំបាច់​ត្រូវតែ​បន្ត ដើម្បី​ពង្រឹង​ឱ្យ​វិស័យ​បាល់ទះ​យើង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​ក្រៅពី​នាំយក​គ្រូបង្វឹក​មកពី​ប្រទេស​គុយបា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​កំពុងតែ​ទាក់ទង តាមរយៈ​ឯកអគ្គរដ្ឋទូត​គុយបា ដើម្បី​ការរៀបចំ​ការប្រកួត​មិត្តភាព​រវាង​ក្រុម​មកពី​គុយបា ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ផងដែរ​នៅ​អំឡុង​ខែតុលា​ខាងមុខ ពោលគឺ​ស្របពេល​នឹង​ការរៀបចំ​ពានរង្វាន់​បាល់ទះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ឆ្នាំ​២០២២ បន្ថែម​ពីលើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ៕​