​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​ថា​នឹង​ជំរុញ​ការ​វាយលុក​លើ​អ៊ុ​យក្រែន ត្បិត​មានការ​វាយបក​ចុងក្រោយ​របស់​អ៊ុ​យក្រែន និង​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាចបង្កើន​ការវាយប្រ​ហា​ររបស់ខ្លួន​លើ​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​របស់​ប្រទេស​នេះ ប្រសិន​បើ​កងកម្លាំង​អ៊ុយ​ក្រែន​កំណត់​គោលដៅ​លើ​ទីតាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ក្នុងប្រទេស​អ៊ុយ​បេគី​ស្ថាន លោកពូ​ទីន​បាន​និយាយថា “​ការរំដោះ​”​តំបន់​ដុន​បាស​​ភាគ​ខាងកើត​ទាំងមូល​របស់​អ៊ុយ​ក្រែន​នៅតែ​ជា​គោលដៅ​យោធា​ចម្បង​របស់​រុស្ស៊ី ហើយ​ថា​លោក​មិន​មើលឃើញ​ភាពចាំបាច់​ដើម្បី​ពិនិត្យ​ឡើងវិញ​នោះទេ​។​

​មេដឹកនាំ​រុស្ស៊ី​បាន​និយាយថា “​យើង​មិន​ប្រញាប់ប្រញាល់​ទេ​” ដោយ​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​គ្រាន់តែ​ដាក់ពង្រាយ​ទាហាន​ស្ម័គ្រចិត្ត​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​។​អ្នកនយោបាយ​ក្បាលរឹង​និង​អ្នក​​សរសេរ​ប្លុក​យោធា​មួយ​ចំនួន​បាន​ជំរុញ​ឱ្យ​វិមាន​ក្រឹម​ឡាំង​ធ្វើតាម​គំរូ​របស់​អ៊ុ​យក្រែន និង​បញ្ជា​ឱ្យ​មាន​ការ​កេណ្ឌ​ទ័ព​យ៉ាង​ទូលំទូលាយ​ដើម្បី​ពង្រឹង​យោធា​ដោយ​ត្អូញត្អែរ​អំពី​ការខ្វះខាត​កម្លាំង​ទាហាន​របស់​​រុស្ស៊ី​។​

​រុស្ស៊ី​ត្រូវ​បង្ខំចិត្ត​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​តំបន់​ដ៏​ធំ​នៅ​ភាគ​ឦសាន​អ៊ុយ​ក្រែន​កាលពី​សប្តាហ៍​មុន បន្ទាប់​ពី​ការវាយលុក​យ៉ាង​រហ័ស​របស់​អ៊ុ​យក្រែន​។​ចំណាត់ការ​របស់​អ៊ុយ​ក្រែន​ក្នុងការ​ដណ្តើមការ​​គ្រប់គ្រង​ទីក្រុង​និង​ភូមិ​មួយចំនួន​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ឡើងវិញ​បាន​កត់សម្គាល់​ពី​បរាជ័យ​យោធា​ដ៏​ធំ​បំផុត​សម្រាប់​ទីក្រុង​មូ​ស្គូ​ចាប់តាំងពី​កងកម្លាំង​របស់​ខ្លួន​ត្រូវ​ដក​ថយ​ពី​តំបន់​ក្បែរ​រដ្ឋធានី​​នៅ​ដើម​សង្គ្រាម​។​

​នៅក្នុង​ការអត្ថាធិប្បាយ​ដំបូង​របស់​គាត់​លើ​ការវាយលុក​របស់​អ៊ុ​យក្រែន លោកពូ​ទីន​បាន​និយាយថា “​តោះ​ចាំ​មើល​ពី​របៀប​ដែល​វា​វិវត្ត​និង​របៀប​ដែល​វា​បញ្ចប់​”​។​

​លោក​បាន​កត់សម្គាល់​ថា “​អ៊ុយ​ក្រែន​បាន​ព្យាយាម​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​មកទល់ពេលនេះ យើង​បាន​ឆ្លើយ​តប​ដោយ​ការអត់ធ្មត់ ប៉ុន្តែ​គ្រាន់​ត​មិនទាន់​ឆ្លើយ​​តប​នៅឡើយ​”​។​

​លោកពូ​ទីន​បាន​និយាយថា “​ប្រសិនបើ​ស្ថាន​ការណ៍វិវត្ត​តាម​របៀប​នេះ ការឆ្លើយតប​របស់​យើង​នឹង​កាន់តែខ្លាំង​។ ទើបតែ​ថ្មីៗ​នេះ កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​ធ្វើ​ការវាយប្រហារ​ដ៏​មាន​ឥទ្ធិពល​ពីរ​​បី​លើក​។ សូម​ចាត់ទុក​វា​ជា​ការព្រមាន​”​។

​លោក​និយាយ​នេះ​ចង់​សំដៅលើ​ការវាយប្រហារ​របស់​រុស្ស៊ី​កាលពីដើម​សប្តាហ៍​នេះ​ទៅ​លើ​រោងចក្រ​ថាមពល​នៅ​ភាគ​ខាងជើង​អ៊ុ​យក្រែន និង​ទំនប់​វា​រី​អគ្គិសនី​នៅ​ភាគខាងត្បូង​។

​លោក​បាន​ចោទប្រកាន់​ដោយ​មិន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ថា អ៊ុយ​ក្រែន​បាន​ប៉ុនប៉ង​បើ​កការវាយប្រហារ “​នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​របស់​យើង​” ដោយ​បន្ថែម​ថា “​យើង​នឹង​សងសឹក ប្រសិន​បើ​ពួកគេ​មិន​យល់​ថា​វិធីសាស្ត្រ​បែប​នេះ​គឺ​មិន​អាច​ទទួលយកបាន​”​។​

​ទន្ទឹមនេះ លោកពូ​ទីន​កាលពី​ថ្ងៃ​សុក្រ​បាន​ព្យាយាម​បន្ធូរបន្ថយ​ក្តីបារម្ភ​របស់​ចិន​និង​ឥណ្ឌា ដោយ​ប្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ថា រុស្ស៊ី​ចង់​បញ្ចប់​ជម្លោះ​បាន​ឆាប់ ប៉ុន្តែ​ពួក​មន្ត្រី​អ៊ុយ​ក្រែន​មិន​ព្រម​ចរចា​។

​ចំណែក​លោក​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី និយាយថា វា​ជា​រុស្ស៊ី​ទេ​ដែល​មិន​ព្រម​ចរចា​បញ្ចប់​ជម្លោះ​។​លោក​ក៏​ទទូច​ឱ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​តំបន់​កាន់កាប់​របស់​អ៊ុយ​ក្រែន​សម្រាប់​ជា​បុរេ​លក្ខខណ្ឌ​​សម្រាប់​ការចរចា​ផងដែរ​៕

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (​ឆ្វេង​) និយាយ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ (SCO) នៅ​ទីក្រុង​សា​ម៉ា​កាន់ (Samarkand) ប្រទេស​អ៊ុយ​បេគី​ស្ថាន កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​