​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លាក់​ខ្លួន​ក្នុងចំណោម​ហ្វូង​មហាជន លោក ដេវីដ បេក​ឃេម បាន​រង់ចាំ​អស់​រយៈពេល​ជាង​១៣​ម៉ោង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រិយ៍​កាល​ពី​សុក្រ​ទី​១៦​កញ្ញា ត្បិត​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​រំលង​ជួរ​ដោយ​សមាជិក​សភា​ក៏ដោយ​។​

​ស្លៀកពាក់​ឈុត​ធំ​ដែល​លាក់​ស្នាម​សាក់​ដ៏​ល្បីល្បាញ គឺ​រូប​មួក​និង​ម៉ាស់​ការពារកូ​វីដ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាយុ ៤៧ ឆ្នាំ​រូប​នេះ​បាន​ចូលរួម​កាន់ទុក្ខ​នៅក្នុង “​ជួរ​អេ​លីហ្សា​បេ​ត​” នៅ​ម៉ោង ២ ទៀប​ភ្លឺ ដោយ​មហាជន​មិន​បាន​កត់សម្គាល់​ជាច្រើន​ម៉ោង នៅពេលដែល​គាត់​បាន​ធ្វើដំណើរ​ពី​សួន​សៅ​វ៉ា​ក (Southwark Park) ទៅកាន់​សាល​វេស​មី​ស្ទើ (Westminster Hall) ។​

​រួមជាមួយ​នឹង​អ្នក​ដែល​នៅ​ជុំវិញ​គាត់ ដែល​បាន​ជួយ​រក្សា​ការសម្ងាត់​របស់គាត់​ពីដំបូងៗ បេក​ឃេម​បាន​និយាយថា​គាត់​អាចបំពេញ​ក្រពះ​ឱ្យ​ឆ្អែត​ពី​របប​អាហារ​ខុសពី​កីឡាករ​បាល់ទាត់ គឺ​នំ​ដំឡូង​បារាំង​​កំប៉ុង​ម៉ាក Pringles នំ​កញ្ចប់ Sherbet Lemons សាំង​វិច​, កាហ្វេ និង នំ​ដូណាត់​។​

​គាត់​បាន​ប្រាប់ BBC News ថា “​យើងទាំងអស់គ្នា​ចង់​នៅទីនេះ​ជាមួយគ្នា​។ យើងទាំងអស់គ្នា​ចង់​ទទួលបាន​បទពិសោធន៍​ពី​អ្វី​មួយ នៅពេលដែល​យើង​អបអរ​ជីវិត​ដ៏​អស្ចារ្យ​របស់​ព្រះ​មហាក្សត្រិយានី​របស់​យើង ហើយ​ខ្ញុំ​គិតថា​រឿង​បែប​នោះ​គួរតែ​ចែករំលែក​ជាមួយគ្នា​នៅ​ថ្ងៃនេះ​”​។​

​អតីត​ខ្សែបម្រើ​ក្រុម Manchester United និង Real Madrid លែង​លាក់បាំង​ពី​ភ្នែក​មហាជន​បាន​បន្ទាប់ពី​ឈាន​ដល់​ពាក់កណ្តាល​ថ្ងៃត្រង់ ដោយ​សមាជិក​សាធារណជន​បាន​ចូល​បណ្តាញ​សង្គម​ដើម្បី​ចែករំលែក​ព័ត៌មាន​ដែល​គាត់​នៅ​ទីនោះ​។​

​កាសែត Daily Mail អាច​បង្ហាញ​ថា បេក​ឃេម​ត្រូវបាន​អញ្ជើញ​ឱ្យ​ទៅ​មើល​មឈូស​របស់​ស្តេច​ដោយ​សមាជិក​សភា​ម្នាក់​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​យក​ភ្ញៀវ​ដល់​ទៅ​បួន​នាក់​ដើម្បី​រំលង​ជួរ​។ ប៉ុន្តែ​គាត់​បាន​បដិសេធ​ការ​ផ្តល់​ជូន​នេះ ដោយ​និយាយថា ជីតា​របស់​គាត់ ឈ្មោះ យ៉ូ​សេប វេស (Joseph West) ដែល​ជា​អ្នករាជានិយម​ដ៏​រឹងមាំ និង​ជា​បុរស ដែល​កីឡាករ​បាល់ទាត់​បាន​ហៅថា “​វីរបុរស​ក្នុង​ជីវិត​ពិត​” ច្បាស់​ជា​ខកចិត្ត បើ​រំលង​ជួរ​បែបនេះ​។​

​ប្រភព​មួយ​បាន​និយាយថា “​ដេវីដ​អាច​គេច​ពី​ការតម្រង់​ជួរ​បាន ប៉ុន្តែ​គាត់​ចង់​ធ្វើ​ដូច​អ្នក​ដទៃ​ទៀត​។ គាត់​បាន​និយាយថា​ជីតា​របស់​គាត់​នឹងមិន [​រំលង​ជួរ​ទេ​] ដូច្នេះ​គាត់​ក៏​មិន​រំលង​ជួរ​ដែរ​។ គាត់​គិត​ពេញ​មួយ​សប្តាហ៍​ថា​ពេល​ណា​ដែល​ល្អ​បំផុត​ត្រូវ​ចេញ​ទៅ​គោរព​ដួង​វិញ្ញាណក្ខន្ធ ហើយ​ចុងក្រោយ​គាត់​បាន​ទៅ​ព្រឹក​នេះ​”​។​

“​ដេវីដ​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​គ្រួសារ​នៅ​អ៊ី​ស​អេន (East End) ដែល​ជា​អ្នករាជានិយម​ពិតៗ ជា​ប្រភេទ​គ្រួសារ​ដែល​នឹង​ឈរ​គោរព​ភ្លាម នៅ​ពេល​ឮ​ភ្លេងជាតិ​។ គាត់​ចង់ទៅ​ជួប​ព្រះ​មហាក្សត្រិយានី​ដូច​សមាជិក​សាធារណៈ​ដទៃ​ទៀត​ដែរ​”៕

បេក​ឃេម​សុខ​ចិត្ត​តម្រង់​ជួរ​ជាង​១៣​ម៉ោង​ក៏​មិន​រំលង​ជួរ​ដែរ កុំឱ្យ​ជីតា​គាត់​ខកចិត្ត​

បេកឃេម ធ្លាប់ចូលគាល់​មហាក្សត្រិយ៍អេ​លីហ្សា​បេ​ត​