​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​របស់​រុស្ស៊ី​បានបាញ់​មី​ស៊ីល​នាំ​ផ្លូវ​នៅ​តំបន់​អាក់ទិក​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ដែល​​ត្រូវបាន​រៀបចំឡើង​ដើម្បី​សាកល្បង​ការត្រៀមខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រាប់​ជម្លោះ​ដែល​អាច​កើតមាន​នៅក្នុង​ដែនទឹក​ភាគ​ខាងជើង​ដ៏​ត្រជាក់​របស់ខ្លួន​។​

​សមយុទ្ធ ដែល​មានឈ្មោះ​ថា Umka-2022 បាន​ធ្វើឡើង​នៅ​សមុទ្រ​ឆាក់​ឈី (Chukchi) ដែល​ជា​តំបន់​ភាគ​ខាងកើត​នៃ​មហាសមុទ្រ​អា​ក់ទិក ដែល​បំបែក​រុស្ស៊ី​ពី​រដ្ឋ​អា​ឡា​ស្កា​របស់​អាម៉េរិក​។​

​រុស្ស៊ី​មើលឃើញថា​ទឹកដី​អាក់​ទិក​ដ៏​ធំ​របស់​ខ្លួន​ជា​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ហើយ​បាន​និង​កំពុង​កសាង​សមត្ថភាព​យោធា​របស់​ខ្លួន​នៅក្នុង​តំបន់​អស់​ជាច្រើន​ឆ្នាំ​ដោយ​បង្ក​ការព្រួយបារម្ភ​​នៅ​លោកខាងលិច​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​ពីរ​គឺ Omsk និង Novosibirsk បាន​បាញ់​មី​ស៊ី​ល​នាំ​ផ្លូវ​ប្រឆាំង​នាវា​ពី​សមុទ្រ​ឆាក់​ឈី ដោយ​វាយ​ចំ​គោលដៅ​នៅ​ចម្ងាយ ៤០០ គីឡូម៉ែត្រ​។​

​ក្រសួង​បាន​ផ្សាយ​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ដែល​ខ្លួន​និយាយ​ថា​បង្ហាញ​ពី​មី​ស៊ី​លបាញ់​ចេញពី​នាវា​ដែល​ស្ថិតនៅ​ចំណុច​នៃ​ផ្លូវ​សមុទ្រ​ខាងជើង ជា​បណ្តាញ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ដែល​រុស្ស៊ី​កំពុង​ផ្សព្វផ្សាយ​ជា​ជម្រើស​ជំនួស​សម្រាប់​នាវា​ដឹក​ទំនិញ ដែល​ធ្វើដំណើរ​រវាង​អឺរ៉ុប​និង​អាស៊ី​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បន្ត​កម្មវិធី​សមយុទ្ធ​យោធា​កម្រិត​ខ្ពស់​នេះ ទោះបីជា​កងកម្លាំង​ជើងគោក​ភាគច្រើន​របស់​ខ្លួន​កំពុង​ចូលរួម​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ក៏ដោយ​។​

​កាលពីដើម​ខែ​នេះ មូ​ស្គូ​បានធ្វើសម​យុទ្ធនៅ​តំប​ន់​ចុង​បូព៌ា​របស់​រុស្សី ដោយ​មាន​កងទ័ព​ប្រហែល ៥០.០០០ នាក់​ចូលរួម​។​

​សមយុទ្ធ​ទាំងនោះ​បាន​កើតឡើង ខណៈ​ការវាយលុក​របស់​អ៊ុ​យក្រែន ដែល​បង្ខំ​ឱ្យ​កងទ័ព​រុស្ស៊ី​បោះបង់​ទឹកដី​ដ៏​ធំ​នៅ​តំបន់​ខា​គី​វ​ភាគ​ខាងកើត​អ៊ុ​យក្រែន កំពុងដំណើរការ​៕

​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​របស់​រុស្ស៊ី​បានបាញ់​មី​ស៊ីល​នាំ​ផ្លូវ​នៅ​តំបន់​អាក់ទិក​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​ជា​ផ្នែក​មួយ​សមយុទ្ធ Umka-2022​