ដោយៈ​យោធិន​/​ភ្នំពេញៈគម្រោង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​រវាង​កង​យោធា​មួក​ខៀវ​កម្ពុជា​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​រួមមាន​គម្រោង​ទ្វេភាគី​លើ​ការសាងសង់​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​និង​សំណើរ​សម្ភារៈ​មួយចំនួន​បន្ថែម​សម្រាប់​ការហ្វឹកហ្វឺន​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​លើកឡើង​ក្នុងឱកាស​ជំនួប​កិច្ចពិភាក្សា​ការងារ​ជាមួយនឹង​មន្ត្រី​ការ ទូត​យោធា សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​ជាមួយ​លោក​វរសេនីយ៍ឯក Park Suman អនុព័ន្ធយោធា​សាធារណរដ្ឋ​កូរ៉េ

​ក្នុង​កិច្ចពិភាក្សា​ការងារ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០២២​នា​ស្នាក់ការ​មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព​រវាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​ជាមួយ​លោក​វរសេនីយ៍ឯក Park Suman អនុព័ន្ធយោធា​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បានបង្ហាញ ពី​សុ​ឆន្ទៈ​របស់​ភាគី​ទាំងពីរ​ក្នុងការ​ឯកភាព​នូវ​រាល់​គម្រោង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

ក្នុងជំនួប​ពិភាក្សា​នេះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថាៈ​កងកម្លាំង​យោធា​មួក​ខៀវ​កូរ៉េខាងត្បូង​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ រួមទាំង​ការពារ​សុខ​សុវត្ថិភាព​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​កំពុង បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ជាមួយគ្នា​នោះដែរ​។

​ជាការ​ឆ្លើយតប​លោក​វរសេនីយ៍ឯក​អនុព័ន្ធយោធា​នៃ​សាធារណរដ្ឋ​កូរ៉េ​រីករាយ​ចំពោះ​រាល់​ការស្នើ​ឡើង​របស់​ប្រមុខ កង​យោធា​មួក​ខៀវ​កម្ពុជា​និង​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​
​ជាមួយគ្នា​នោះដែរ សាធារណរដ្ឋ​កូរ៉េ នឹង​ផ្តល់​ឧបករណ៍​ហ្វឹកហ្វឺន​មួយចំនួន​សម្រាប់​កងក​ម្លាំ​ង​មួក​ខៀវ​កម្ពុជា រួមទាំង​ផ្តល់ជូន​គ្រូ​បង្គោល​ផងដែរ​។
​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី សង្ឃឹមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​ល្អប្រសើរ​៕​សរន / N