សមត្ថកិច្ច​ពុំទាន់​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាញ់សម្លាប់ យុវជន​ម្នា​ក់នៅ​ខណ្ឌ​ច្បារអំពៅ

1009
ចែករម្លែក

ភ្នំពេញ​៖​ យុវជន​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង មិន​ស្គាល់​អត្តសញ្ញាណ​បាញ់សម្លាប់ ខណៈដែល​រូបគេ និង​មិត្តភក្ដិ​ម្នាក់ទៀត កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ក្នុងភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ឆ្ពោះ​ទៅផ្ទះ​របស់ខ្លួន​ដែល​ស្ថិតនៅ​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​យ៉ាងណាក៏ដោយ ចំពោះ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់ ពី​មូលហេតុ​ពិត​ប្រាកដថា តើ​វា​ជា​រឿង​គំនុំ ឬ​ប្លន់​ប្រដាប់អាវុធ​នោះឡើយ ។ ប៉ុន្ដែ​ក្រោយពេល​បាញ់ ជនរងគ្រោះ​ស្លាប់​ហើយ ក្រុម​ជនសង្ស័យ​ដែលមាន​គ្នា​២​នាក់ មិនបាន​យក​ទ្រព្យសម្បត្តិ និង​ម៉ូតូ​របស់​ជនរងគ្រោះ​នោះឡើយ​។​

​យោងតាម​របាយការណ៍​របស់ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ​ជា​មេជាង​សំណង និង​មិត្តភក្តិ​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្តិ​សរុប​៧​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក MSX អត់​បំពុង​ស៊ី​ម៉ាំង តែ​ប្រើ​ភ្លើង​ឡា​សែ ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត ត្រឡប់​មកពី​ដើរលេង​នៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៦ មកពី​ក្រោយ​ហើយ​ជនដៃដល់​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ពេលដែល​មិត្ត​ភ័​ក្រ​កំពុង​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​។​

​មន្ដ្រីនគរបាល​ឃុំ​គគីរ ដែល​បាន​ចុះទៅ​សួរនាំ​ដល់ផ្ទះ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ បណ្ដាល​ឲ្យ​ស្លាប់​ពិតមែន ហើយ​ក្រោយ​ធ្វើ​កោសល្យវិច័យ​ចប់ ក៏បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ ស​រិ​ទ្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម