​ដោយៈ ប​.​ខុន / ភ្នំពេញៈ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​អង្គភាព​ជំនាញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ចុងកាល់ ក្រោយពី​មាន​ភ្លៀង​ធ្លាក់ ដល់​កម្រិត​ប្រមាណ​ជា ១៤០ មី​លី​ម៉ែត្រ ក្នុង​រយៈពេល​ខ្លី កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ធ្វើឱ្យ​ទឹក​ហូរ​មិនទាន់ ដោយសារ​លូ នៅតាម​ផ្លូវលំ មាន​ទំហំ​តូច តែ​ទឹកបាន​ស្រក​ទៅវិញ ជា​លំដាប់​ហើយ​។​

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ជំនន់​ទឹកភ្លៀង លិច​លំនៅដ្ឋាន និង​ផ្លូវលំ​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន ដល់​កម្រិត ប្រមាណ​ជា ១៤០ មី​លី​ម៉ែត្រ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​នោះ បាន​ស្រក​ទៅវិញ​ហើយ លោក​កំពុងតែ​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង ជាមួយនឹង​មន្ត្រី​ជំនាញ ឃើញថា ទឹកជំនន់ បាន​ស្រក​ជា​លំដាប់ និង​ផ្ទៃមេឃ​ថ្ងៃនេះ ក៏​ស្រឡះ​ដែរ​។​

​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧ ខែកញ្ញា នៅក្នុងពេល​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវថ្នល់ និង​ភូមិដ្ឋាន​ដែល​រង​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ថា ទឹកបាន​ស្រក​ទៅវិញ​ហើយ នៅ​ព្រឹក​ថ្ងៃនេះ ។ ទឹក​លិច​ដោយសារ ភ្លៀង​ច្រើន និង​ប្រព័ន្ធ​លូ​បង្ហូរ ទឹក​នៅតាម​ផ្លូវលំ​មាន​ទំហំ​តូចៗ នាំឱ្យ​ទឹក​ហូរ​មិនទាន់ នៅពេល​មាន​ភ្លៀង ក្នុង​រយៈពេល​ខ្លី ដល់​ជាង ១០០ មី​លី​ម៉ែត្រ​។​

​លោក​ប្រធាន​មន្ទីរ បាន​និយាយ​ឱ្យដឹងទៀតថាៈ ជំនន់​ទឹកភ្លៀង​នេះ ធ្វើឱ្យមាន​ការប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចុងកាល់ ប្រមាណ​ជា ២០ គ្រួសារ តែ​មិន​ធ្ងន់ធ្ងរ​ទេ ដោយសារ ទឹក ឆាប់​ស្រក​អស់​ទៅវិញ​។ ភ្លៀង​ធ្លាក់​ច្រើន មាន​ចំ​នៅតែ​ឃុំ​ចុងកាល់ នេះ​ទេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីអំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ដែល​នៅក្នុង​ស​ប្តា​ហ៌​នេះ នឹង​រំកិល​ចុះឡើង នៅ​ចន្លោះ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម និង​ភាគ​កណ្តាល អាង​ទន្លេមេគង្គ ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​ពី ខ្សោយ​ទៅ​បង្គួរ ឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន​លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង សីតុណ្ហភាព អតិបរមា​មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​យោងតាម​ស្ថានភាព​ធាតុអាកាស ដូចខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ដែល​អាច​កើតមក ពី​បរិមាណ​ទឹកភ្លៀង​ច្រើន កន្លងមក និង​ភ្លៀង​ជា​បន្តបន្ទាប់ បន្ថែម​ផ្ទួនៗ​៕ V / N