​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ ព្រឹត្តិការណ៍​ការប្រកួត កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២ បានចាប់ផ្ដើម​ប្រកួត​រហើយ នៅ​អគារ​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​។ ការប្រកួត​នេះ មាន​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​ថវិកា​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា និង​រៀបចំ​ដោយ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​។​

​លោក យ៉ាំ ថៃ​សាន្ត អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​មានប្រសាសន៍ នៅ​ទីលាន​ហ្វឹកហាត់​សហព័ន្ធ​ថាៈ ការប្រកួត​ជើងឯក​ឆ្នាំនេះ សហព័ន្ធ មាន​កីឡាករ កីឡាការិនី ចំនួន ៥៨ នាក់ ក្នុងនោះ មាន​កីឡាការិនី ចំនួន ២៤ នាក់ កីឡាករ​ចំនួន ៣៤ នាក់ មកពី ៨ រាជធានី​-​ខេត្ត និង​ក្រសួង ២ គឺ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ចំណែក​ខេត្ត​វិញ រួមមាន ខេត្ត​ប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខណ្ឌ​សែន​សុខ​។​

​លោក​បាន​បន្តថាៈ ការប្រកួត​ឆ្នាំនេះ សហព័ន្ធ បានដាក់​ចំនួន ១៨ វិញ្ញាសា​ទាំង​មេគុន និង​ប្រយុទ្ធ​។ វិញ្ញាសា​ផ្នែក​មេគុន​ឯកត្តជន ពេញវ័យ​មាន ៩ ប្រភេទ ដោយ​នារី​មាន ៤ ប្រភេទ គឺ​ឡុង​ហួ​ង្វៀង ថាប់​ថឺ​ង្វៀង មេគុន​ដាវ និង​កាំបិត​ធំ​។ សម្រាប់​បុរស​មាន ៥ ប្រភេទ​នោះ​គឺ ថាប់​ថឺ​ង្វៀង មេគុន​ដាវ កាំបិត​ធំ ងួន​មួង​ង្វៀន និង ដំបង ។​

​វិញ្ញាសា​មេគុន អាយុ​ក្រោម​១៦​ឆ្នាំ មានតែ ២ ប្រភេទ​ប៉ុណ្ណោះ​គឺ ឡុង​ហូ​ង្វៀង សម្រាប់​នារី និង​បុរស​។ វិញ្ញាសា​ប្រយុទ្ធ​មាន ៧ វិញ្ញាសា ដោយ​នារី​មាន ៣ វិញ្ញាសា សម្រាប់​ប្រភេទ អាយុ​១៤​ឆ្នាំ គឺ​ប្រភេទ​ទម្ងន់ ៥១ ដល់ ៥៥ គីឡូក្រាម ទម្ងន់ ៥៥ ដល់ ៦០ គីឡូក្រាម និង​ទម្ងន់ ៥១ ដល់ ៦០ គីឡូក្រាម​។ ប្រយុទ្ធ​បុរស​មាន ៤ ប្រភេទ ទម្ងន់​គឺ ៥១ ដល់ ៥៥ គីឡូក្រាម ៦០ ដល់ ៦៤ គីឡូក្រាម ៦៤ ដល់ ៦៨ គីឡូក្រាម និង ៥១ ដល់ ៦៨ គីឡូក្រាម​៕ V / N