ដោយ​៖ សុវណ្ណ​កុម្ភៈ​/ ភ្នំពេញ​៖ នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជា​ជាតិ​អូឡាំពិក​កម្ពុជា ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់ កម្ពុជា និង​លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ទទួលបន្ទុក​រួម បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​ចៅក្រម​កីឡា​ចំបាប់ កម្រិត​មូលដ្ឋាន នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជា​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក Casey Douglas Barnet អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​និយាយថាៈ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កម្រិត​មូលដ្ឋាន​នេះ ធ្វើឡើង​ដើម្បី ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាកណ្តាល សម្រាប់​ព្រឹត្តិការណ៍ ការប្រកួត​ថ្នាក់ជាតិ​នានា​និង​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ជាពិសេស ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​បន្តថាៈ នា​ខែធ្នូ ចុងឆ្នាំ​នេះ យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក​កម្រិត​អន្តរជាតិ ហើយ​ការប្រកួត​នេះ ជាការ​ធ្វើ​តេ​ស្តិ៍​សមត្ថភាព មន្ត្រី​អាជ្ញាកណ្តាល ដូច្នេះ​សិក្ខាកាម​ទាំងអស់គ្នា ដែល​ចូលរួម​ត្រូវ​ចេះ​ភាសា​អង់គ្លេស បន្តិចបន្តួច ក៏បាន សម្រាប់​ទំនាក់​ទំនងជា​មួយ​មន្ត្រី​អាជ្ញាកណ្តាល​អន្តរជាតិ និង​កីឡាករ -​កីឡាការិនី​អន្តរជាតិ​។​

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថាៈ ការប្រកួត​នីមួយៗ ធ្វើឡើង​ដើម្បី​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​បច្ចេកទេស​ទាំងអស់ ទាំង​ចំណេះដឹង ភាសាបរទេស ច្បាប់​ការប្រកួត ប្រឹងប្រែង​ហ្វឹកហាត់​កម្លាំងកាយ ឲ្យ​មាន​ភាពរឹងមាំ អំណត់​អត់ធន់ និង​មាន​សមត្ថភាព ក្នុងការ​កាត់សេចក្តី ប្រកបដោយ​ភាពយុត្តិធម៌ ។​

​មន្ត្រី​អាជ្ញាកណ្តាល​ទាំងអស់ ដែល​ឆ្លងកាត់​វគ្គ​សិក្សា​នេះ និង​មានឱកាស​ចូលរួម ធ្វើ​អាជ្ញាកណ្តាល និង​ចៅក្រម​ព្រឹត្តិការណ៍​ការប្រកួត​នានា ជាពិសេស​ការប្រកួត​កីឡា​ជាតិ ឆ្នាំ ២០២២ ខាងមុខនេះ​។​

​រាល់​ការធ្វើ​តេ​ស្តិ៍​កីឡាករ កីឡាការិនី​ចំ​បាច់ ត្រូវ​អាជ្ញាកណ្តាល និង​ចៅក្រម ដើម្បី​ឲ្យ​ពួក​គាត់ អនុវត្ត​មានការ​ងារ​ទីលាន ហើយ​ប្រធាន​អាជ្ញាកណ្តាល និង​ចៅក្រម និង​អាជ្ញាកណ្តាល និង​ចៅក្រម​កម្រិត​ទាំង​២​នាក់ ត្រូវ​ចូលរួម ដើម្បី​ពិនិត្យ​និង​បង្រៀន បន្ថែមទៀត នូវ​ចំណុច​ខ្វះខាត​៕V / N