​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង កាលពី​ថ្ងៃ​សុក្រ​ទី​១៦​កញ្ញា​បាន​អំពាវនាវ​ឱ្យ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO) រក្សា​ស្មារតី​សៀង​ហៃ ពង្រឹង​ការរួបរួម និង​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​ការកសាង​សហគមន៍ SCO កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​អនាគត​រួមគ្នា​។​

​លោក​ស៊ី​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅ​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ២២ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​នៃ SCO ដែល​ក្នុង​អំឡុងពេល​នោះ​លោក​បាន​ថ្លែង​សុន្ទរកថា​ដែលមាន​ចំណងជើង​ថា​”​ដើរ​​លើ​និន្នាការ​នៃ​ពេលវេលា និង​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដើម្បី​ចាប់​យក​អនាគត​កាន់តែ​ប្រសើរ​”​។​

​នៅក្នុង​សុន្ទរកថា លោក​ស៊ី​បានចង្អុលបង្ហាញ​ថា ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី ២០ នៃ​ការចុះហត្ថលេខា​លើ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ និង​ខួប​លើក​ទី ១៥​នៃ​ការចុះហត្ថលេខា​លើ​សន្ធិ​​សញ្ញា​ស្តីពី​ភាព​ជា​អ្នក​ជិតខាង​ល្អ​យូរអង្វែង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​។​

​ដឹកនាំ​ដោយ​ឯកសារ​ស្ថាបនិក​ទាំងពីរ​នេះ SCO​បាន​ទទួល​ជោគជ័យ​ក្នុង​ការស្វែងរក​ផ្លូវ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​នៃ​អង្គការ​អន្តរជាតិ​ហើយ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ត្រូវ​ទាញ​ចេញ​ពី​ការអនុវត្ត​ដ៏​ភ្លឺស្វាង​​របស់ខ្លួន រួមទាំង​ការរក្សា​ការជឿ​ទុកចិត្ត​ផ្នែក​នយោបាយ កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក សមភាព ភាព​បើកចំហ​និង​ការរួមបញ្ចូល​គ្នា និង​សមធម៌​និង​យុត្តិធម៌​។​លោក​​ស៊ី​បាន​និយាយថា ចំណុច​ទាំង​ប្រាំ​នេះ​បង្កប់​នូវ​ស្មារតី​សៀង​ហៃ​យ៉ាង​ពេញលេញ ពោលគឺ​ការជឿទុកចិត្ត​គ្នា ផលប្រយោជន៍​ទៅវិញទៅមក សមភាព ការពិគ្រោះ​យោបល់ ការគោរព​ភាព​ចម្រុះ​នៃ​អរិយធម៌ និង​ការស្វែងរក​ការអភិវឌ្ឍ​រួម​៕

លោក​ស៊ី​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ២២ នៃ​ក្រុមប្រឹក្សា​ប្រមុខរដ្ឋ​នៃ SCO កាលពី​ថ្ងៃ​សុក្រ​