​ដោយៈ​បាយ័ន / សៀមរាបៈ នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អមដំណើរ​ដោយ​លោក Phil Twyford រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​នីហរ័ណ នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ពិនិត្យមើល​សមិទ្ធផល សំខាន់ៗ នៃ​គម្រោង​សហប្រតិបត្តិការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា នៅក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ ។ នេះ​បើតាម​ការលើកឡើង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សមិទ្ធផល​សំខាន់ៗ នៃ​គម្រោង​សហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ពី​សំណាក់​ប្រទេស​នូ​វែ​ល​សេ​ឡង់ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​បាន​អនុវត្ត​ចំនួន បី​ដំណាក់កាល កន្លងមក ចាប់ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៩ និង​គម្រោង​នាពេល​អនាគត (​ដំណាក់កាល​ទី​៤) ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​សហគមន៍ នៅក្នុង​តំបន់​អង្គរ​។​

​គម្រោង​សហប្រតិបត្តិការ​ទ្វេភាគី​នេះ មាន​សារប្រយោជន៍​ខ្លាំង សម្រាប់​ជួយ​ឱ្យ ការថែរក្សា​ប្រព័ន្ធធារាសាស្ត្រ សម័យបុរាណ ឱ្យ​គង់​វង់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​គ្រប់គ្រង​ទឹក ក្នុង​តំបន់​សៀមរាប​-​អង្គរ និង​ការ​ទាញ​អត្ថប្រយោជន៍ ពី​ធនធានធម្មជាតិ ដើម្បី​អភិវឌ្ឍន៍​សហគមន៍ និង​ការកសាង​សមត្ថភាព និង​ធនធានមនុស្ស ជាដើម​។​

​សូម​រំលឹក​ផងដែរ​ថា កន្លងមក ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​គាំទ្រ​អាជ្ញាធរ​ជាតិ​អប្សរា អនុវត្ត​គម្រោង​ជា​បន្តបន្ទាប់ រួមមាន បី​ដំណាក់កាល​៖
– ដំណាក់កាល​ទី​១ (២០០៩-២០១០) ជា​គម្រោង​សាកល្បង​ដែលមាន​ឈ្មោះថា “​កម្មវិធី​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​តំបន់​អង្គរ ដោយមាន​ការចូលរួម​ពី​សហគមន៍​” ដែល​ហៅ​កាត់​ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods)​។
– ដំណាក់កាល​ទី​២ (២០១១-២០១៣) គម្រោង “​កម្មវិធី​គ្រប់គ្រង​ធនធានធម្មជាតិ ក្នុង​តំបន់​អង្គរ ដោយមាន​ការចូលរួម​ពី​សហគមន៍​” ដែល​ហៅ​កាត់​ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods)​។
– ដំណាក់កាល​ទី​៣ (២០១៤-២០១៩) គម្រោង “​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ និង​បេតិកភណ្ឌ​អង្គរ​” ដែល​ហៅ​កាត់​ថា ACHA (Angkor Community Heritage and Economic Advancement)៕ V / N