​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប៉ា​គី​ស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ទឹកជំនន់​ថ្មី​និង​ការស្លាប់​បន្ថែមទៀត បន្ទាប់​ពី​ភ្លៀង​ខ្លាំង​មិន​ធម្មតា ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ បាន​ពន្លិច​មួយ​ភាគ​បី​នៃ​ប្រទេស និង​សម្លាប់​មនុស្ស​ជាង ១.៥០០ នាក់​។​

​ទោះបីជា​ទឹក​បាន​ចាប់ផ្តើម​ស្រក​នៅ​តំបន់​ខ្លះ​ក៏ដោយ ក៏​អាជ្ញាធរ​នៅតែ​មាន​ការព្រួយបារម្ភ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​ជិតខាង​អាច​ធ្វើ​ជន់​ទន្លេ​សំខាន់ៗ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ណែនាំ​ឱ្យ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​មួយចំនួន​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​បញ្ចៀស​ការបាត់បង់​ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​បន្ថែម​ទៀត​បន្ទាប់​ពី​ប្រទេស​នេះ​​បាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​ចំនួន ២២ នាក់​បន្ថែមទៀត​ក្នុង​មួយថ្ងៃ​។​

​ប៉ា​គី​ស្ថាន ដែល​កំពុង​ជួប​វិបត្តិ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​និង​អតិផរណា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​នោះ​ឥឡូវនេះ​កំពុង​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​អាកាសធាតុ​ដែល​បាន​ប៉ះពាល់​​ដល់​ប្រជាជន​ចំនួន ៣៣ លាន​នាក់ ដែល​ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប​នៃ​ប្រទេស​អូស្ត្រាលី និង​បណ្តាលឱ្យ​ខូចខាត​សរុប ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​ទឹកជំនន់​ថ្មី​នឹង​នាំមក​នូវ​ការឈឺចាប់​បន្ថែមទៀត​ដល់​ប្រទេស​នេះ ដែល​ថ្មីៗ​នេះ​ទើប​រួចផុត​ពី​ការខកខាន​សងបំណុល បន្ទាប់​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជួយ​។​មូលប​ត្រ​បំណុលបាន​​ធ្លាក់​ថ្លៃ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ពាក់កណ្តាល​ខែ​កក្កដា ខណៈ​រូបិយវត្ថុ​របស់ខ្លួន​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​។​

​លោក អាប់​ឌុល កា​ឌៀ ហ៊ូ​ស​សេន (Abdul Kadir Hussain) ប្រធាន​ផ្នែក​គ្រប់គ្រង​ទ្រព្យសកម្ម​នៃ​ប្រាក់​ចំណូល​ថេរ​នៅ​ក្រុមហ៊ុន Arqaam Capital​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឌូ​បៃ​​បាន​និយាយថា “​ផល​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ទឹកជំនន់​គឺជា​ប្រភព​នៃ​ការព្រួយបារម្ភ​សម្រាប់​វិនិយោគិន​សកល​”៕

​អាជ្ញាធរ​ព្រួយបារម្ភ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា​ជិតខាង​អាច​ធ្វើ​ជន់​ទន្លេ​សំខាន់ៗ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​