តុលាការ​ឃុំខ្លួន​បុរស​ញៀន​ថ្នាំ ដែល​ឡើង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ

1390
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្តាល​: លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៨ ខែមិថុនា នេះ សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់ ដែល​ឡើង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​”​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​” ប្រព្រឹត្ត​នៅ ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង កាលពី​ថ្ងៃទី​២៧ ខែមិថុនា តាម​មាត្រា​៤១០​នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​លាន​រៀល ទៅ​៤​លាន​រៀល​។

​ជន​ត្រូវ​ចោទ​មានឈ្មោះ គ្រឿន សូ​ណា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង​។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ូច នី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ សុខ ឡាង ភេទ​ស្រី អាយុ​៧២​ឆ្នាំ ។

​សាក្សី បញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែមិថុនា វេលា​ម៉ោង​១៖៣០​នាទី ឈ្មោះ គ្រឿន សូ​ណា បាន​ឡើងលើ​ផ្ទះ​ឈ្មោះ​សុខ ឡាង ហើយ​កាត់​ខ្សែភ្លើង រុះរើ​ឥ​វ៉ាន់ ខោអាវ រួច​ឡើងទៅ​លើដំបូល​ផ្ទះ​វាយ​ក្បឿង​បែក ហើយ​លោត​ឆ្លងទៅ​លើដំបូល​ផ្ទះ​ឈ្មោះ​អ៊ូច នី កាច់​បំបាក់​អង់​តែ​ន​ទូរទស្សន៍​និង​វាយ​បំបែក​ក្បឿង​អស់​មួយចំនួនទៀត​។

​ពេលនោះ​ជនរងគ្រោះ បាន​ប្ដឹង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម