ដោយៈ​បញ្ញា​សាស្ត្រ​/​កំពង់ធំ​៖​ចាប់តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បានមក​ជួបជុំគ្នា​នៅក្នុង​បរិវេណ​វត្ត​ជី​និ​ត​តា​រាម ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ដើម្បី​ទទួល​ការពិនិត្យ​ព្យាបាល​ភ្នែក​និង​ត្រចៀក​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ Raksa Koma Foundation ព្រមទាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត Khmer Sight Foundation និង HOPE Cambodia ។​

​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១.២០០​នាក់​បានមក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​។​កម្មវិធី​មនុស្សធម៌ មួយ​នេះ​ក្រោម​ជំនួយ​ឧបត្ថម្ភ និង​គាំទ្រ​ម៉ឹងម៉ាត់​របស់លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា និង​លោកស្រី ខៀវ ស៊ីណា ព្រមទាំង​ការដឹកនាំ​ប្រតិបត្តិ​ដោយផ្ទាល់​ពី​លោកស្រី​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​មន្ត្រី​ក្រុមការងារ​បានឱ្យដឹងថា ការពិនិត្យ និង​ព្យាបាល​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់នូវ​ការ​៖១.​ពិនិត្យ​សុខភាព ភ្នែក​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែលមាន​ចក្ខុ​អន់​ខ្សោយ ជាពិសេស​ចាស់ជរា និង​ពិនិត្យ និង​ព្យាបាល​ត្រចៀក ដោយ​ការ ពិនិត្យ​សុខភាព ក្រដាសត្រចៀក ការសម្អាត​ផ្អែក​ខាងក្នុង និង​ការអប់រំ​ការថែទាំ​ត្រចៀក​ជាពិសេស​ការ បំពាក់​ឧបករណ៍​ជំនួយការ​ស្តាប់​ជូន​អ្នកជំងឺ​ដែលមាន​បញ្ហា​ការ​ស្តាប់​។

​ចំពោះ​អ្នកជំងឺ​ដែលមាន​សុខភាព​ភ្នែក​ធ្ងន់ធ្ងរ​ដូចជា ភ្នែក​ឡើងបាយ ឬ​ដុះ​សាច់​ជាដើម ក្រុមការងារ​ស្ម័គ្រចិត្ត នឹង​រៀបចំ​ឱ្យមាន​ការវះកាត់​ដោយ​ក្រុមគ្រូពេទ្យ​នាពេល​ក្រោយ ព្រោះ​ការ​វៈ​កាត់​គឺ​តម្រូវឱ្យមាន​ឧបករណ៍​បរិក្ខារ គ្រប់គ្រាន់ និង​ជាងនេះទៅទៀត ក្រុមគ្រូពេទ្យ​ក៏ត្រូវ​ស្វែងយល់​ពី​អ្នកជំងឺ​ជាមុន ដើម្បី​ត្រៀម​រៀបចំ​អ្នកឯកទេស ព្រមទាំង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​។ កន្លងមក ក្រុមការងារ​ស្ម័គ្រចិត្ត​បានរៀបចំ​ឱ្យ​មានការ​សម្រាក​និង​ព្យាបាល​នៅ ពេទ្យ​រុស្សី​ជូន​ចំពោះ​អ្នកជំងឺ​ដែល​តម្រូវ ឱ្យមាន​ការវះកាត់​។

​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​ជាក់ស្តែង​លោកស្រី ជា សិរី បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ​ពី​សំណាក់​លោក​ទេសាភិបាល ជូន​ដល់​ប្រជាពលរដ្ឋ​។​ទោះបី​ជាមាន​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​លោក​ទេសាភិបាល​និង​យុវជន​ស្ម័គ្រចិត្ត​ធនាគារជាតិ នៃ​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ ដោយបាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​វិធានការ “៣​កុំ ៣​ការពារ​” និង​ការផ្តល់​បរិក្ខារ​ការពា​រ​ក៏ដូចជា​សហការ​ជាមួយ​ក​ក្រុមគ្រូពេទ្យ​ត្រចៀក​តាមដាន​អាកា​រៈ និង​ឧបករណ៍​ជំនួយ​សំលេង​ផងដែរ​។​

​កម្មវិធី​ពិនិត្យ​ព្យាបាល​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ដោយ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​អ​ញ្ចើ​ញ​មក​បាន ទទួល​ការពិនិត្យ​ព្យាបាល និង​មាន​លទ្ធផល​ល្អប្រសើរ​។ សូម​គូស​បញ្ចាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​ក្រុមការងារ​ស្ម័គ្រចិត្ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង Raksa Kom Foundation បាន​សហការ​ជាមួយ ក្រុមគ្រូពេទ្យ Khmer Sight Foundation និង HOPE Cambodia​រៀបចំ​ឱ្យមាន​ការពិនិត្យ​ព្យាបាល​ទ្រង់ ទ្រាយ​ធំ​បែបនេះ​នៅក្នុង​ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ៕ N


​រូបថត​៖​សកម្ម​ពិនិត្យ​ព្យាបាល​ភ្នែក​និង​ត្រចៀក​ជូន​ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​នាក់​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ​ (​រូបថត ធនាគារជាតិ​នៃ​កម្ពុជា​)​