ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​លុប​កិច្ចសន្យា ភាស៊ី​ចំណត ស្រុក​ថ្មពួក ដោយសារ​អ្នកម៉ៅការ​ភាស៊ី អនុវត្ត​មិន​ត្រឹមត្រូវ និង​ខុស​នីតិវិធី​។ នេះ​បើតាម​មន្ត្រី បាន​បង្ហើប​ប្រាប់​កាសែត​រស្មី​កម្ពុជា បន្ទាប់ពី​មាន ” កិច្ចប្រជុំ​ពិនិត្យ​និង​វាយតម្លៃ លើ​ករណី​ភាស៊ី​ចំណតរថយន្ត​ស្រុក​ថ្មពួក​” កាលពី​ថ្ងៃទី​១៦ ខែកញ្ញា នៅ​សាលា​ប្រជុំ (​ខ​)​សាលាខេត្ត ។​

​កិច្ចប្រជុំ​នោះ​ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ចូលរួម​ដោយ​នាយក​រដ្ឋបាលខេត្ត ប្រធាន និង​តំណាង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ទីចាត់ការ​ហិរញ្ញវត្ថុ ទីចាត់ការ​ផែនការ និង​វិនិយោគ ទីចាត់ការ​អន្តរ​វិស័យ អង្គភាព​ច្រកចេញ ចូល​តែមួយ​ខេត្ត អង្គភាព​លទ្ធកម្ម ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​នៃ​សាលាខេត្ត លោក អែម សុខា អភិបាលស្រុក​ថ្មពួក (​ភាគី​ក​) និង​មន្ត្រី​ពាក់ព័ន្ធ និង​លោក គី ជា (​ភាគី ខ​) ។​

​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​នោះ មានការ​លើកឡើង​តឹងតែង​ផងដែរ ចំពោះ​ការស្រាវជ្រាវ ប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ករណី​លុប​កិច្ចសន្យា រវាង​រដ្ឋបាល​ស្រុក​ថ្មពួក ហៅថា ភាគី (​ក​) និង​អតីត​ឈ្មោះ ភ្ល​ន់ ចំរើន ជា​ម្ចាស់​ភាស៊ី​ចំណតរថយន្ត​ស្រុក​ថ្មពួក (​នៅ​ផ្លូវជាតិ​លេខ​៥៦ ឃុំ​គំរូ​១​កន្លែង និង​នៅ​នៅ​ផ្លូវជាតិ​លេខ​៥៨ រង្វង់​មូល​បឹង​ត្រកួន ឃុំ​គោក​រមៀត​១​កន្លែង​) ហៅ​ភាគី (​ខ​) បច្ចុប្បន្ន ឈ្មោះ គី ជា អ្នកទទួល​សិទ្ធិ​ធ្វើ អាជីវកម្ម​បន្ត ។​

​ក្នុងនោះ លោក គី ជា ជា​ភាគី (​ខ​) ម្ចាស់​បន្ត​នៃ​ម្ចាស់​ភាស៊ី​ចំណតរថយន្ត​ស្រុក​ថ្មពួក បាន​ទទូចថាៈ ទោះបី​លោក​បាន​អនុវត្ត​មិនបាន​ត្រឹមត្រូវ និង​ស្របតាម​នីតិវិធី​ទាំងស្រុង ក៏​លោក​សូម​អង្វរក សូ​ុ​ម​រដ្ឋបាលខេត្ត និង​ជំនាញ មេត្តា​អនុញ្ញាតឱ្យ​លោក បន្តធ្វើ​សកម្ម ភាព​ភាស៊ី​ចំណត នៅ​ស្រុក​ថ្មពួក​នេះ ឱ្យ​ចប់​កិច្ចសន្យា​សិន ព្រោះ​នៅតែ​ជាង ២ ឆ្នាំ​ទៀត (​នៃ​កិច្ចសន្យា ១៥ ឆ្នាំ​) ។​

​លោក គី ជា បាន​បន្តថាៈ ទោះបី​ការសន្យា​កន្លងមក លោក​ធ្វើ​មិនបាន ក៏​លើក​នេះ លោក​សូម​ធានាថា ធ្វើឱ្យបាន ហើយ​សូម​អះអាងថា ក្រោយ​ចប់​កិច្ចសន្យា (​នៅ​ឆ្នាំ​២០២៥) លោក​នឹងមិន​សុំ​បន្ត​កិច្ចសន្យា​អាណត្តិ​ថ្មី​ឡើយ ។​

​ចំណែក​មន្ត្រី​ដែល​ចូលរួម​កិច្ចប្រជុំ បាន​បង្ហើប​ឱ្យដឹងថាៈ ស្មារតី​នៃ​កិច្ចប្រជុំ បាន​ពិនិត្យ ពិចារណា និង​សម្រេច​ថា រដ្ឋបាលខេត្ត ត្រូវ​លុប​ទាំងស្រុង ភាស៊ី​ចំណត​ស្រុក​ថ្មពួក ដែល​បច្ចុប្បន្ន អនុវត្ត​បន្ត​ដោយ​លោក គី ជា នោះ​ហើយ ។ ប៉ុន្តែ​បើ​ម្ចាស់​មិន​សុខចិត្ត គេ​អាច​តវ៉ា​បាន ឬក៏​អាច​សុំច្បាប់​កិច្ចសន្យា​ភាស៊ី​អាណត្តិ​ថ្មី ក៏បាន ។​

​ករណីនេះ លោក ង៉ោ ម៉េង​ជ្រួ​ន បាន​ប្រាប់​យ៉ាងខ្លី​ដល់​កាសែត​រស្មី​កម្ពុជា នា​ថ្ងៃទី​១៦ ខែកញ្ញា​ថាៈ អង្គប្រជុំ​បានសម្រេច​លុប​ចោល​កិច្ចសន្យា​ភាស៊ី​ចំណត​ស្រុក​ថ្មពួក​នោះ ហើយ ប៉ុន្តែ​ត្រូវធ្វើ​របាយការណ៍​ដែល​ស្រង់​ចេញ ពី​កំណត់ហេតុ​ប្រជុំ ដាក់ជូន​លោក អភិបាលខេត្ត ពិនិត្យ និង​សម្រេច​សិន ។​

​សូម​រំលឹកថា ករណី​ស្រាវជ្រាវ ពិនិត្យ​និង វាយតម្លៃ​ករណី​លុប​កិច្ចសន្យា​ភាស៊ី​ចំណត ស្រុក​ថ្មពួក ត្រូវបាន​ក្រុមអធិការកិច្ច នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ បាន​ចុះទៅ ស្រុក​ថ្មពួក ។ ការចុះ​នោះ​ធ្វើឡើង​តាម​បញ្ជា​របស់លោក អភិបាលខេត្ត បន្ទាប់ពី​កិច្ចប្រជុំ គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត និង​ក៏​បន្ទាប់ពី​មាន​ពលរដ្ឋ បាន​ប្តឹង​ចូល​ទំព័រ ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ស្នើ​៖ ១-​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ឈ្មោះ គី ជា ដាក់​កន្លែង​ទារ​ភាស៊ី​លើដី ចំណី​ថ្នល់ ពីមុខ​ដី​កម្មសិទ្ធិ​របស់គេ (​នៅ​រង្វង់​មូល​បឹង​ត្រកួន ភូមិ​បឹង​សុ​ក្រំ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​) ២-​សកម្មភាព​ហូត​ភាស៊ី ដូច​កុងត្រូលជជុះ ។​

​ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ កន្លងមក ក្រុមអធិការកិច្ច​មួយ​របស់ រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក ណង វុទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត បាន​ចុះ​ម្តង ហើយ លើ​ករណីនេះ គឺ​ឱ្យឈ្មោះ គី ជា ដែល​ទទួល​សិទ្ធិ​យក​ភាស៊ី​ចំណត នៅ​ទីតាំង ខាងលើ​ត្រូវ​៖ ទី​១ ផ្តល់​ឯកសារ​ទាក់ទិន​ទីតាំង​ចំណត (​ដី​ចំណត​) ។ ទី ២ ផ្តល់​វិក្កយបត្រ ទូទាត់​ថវិកា​ដែលថា បង់​ចូល​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត និង​ថា​បាន​បង់​ចូល សាលាខេត្ត និង​ទី​៣ ផ្តល់​ឯកសារ​កិច្ចសន្យា​ទិញ​-​លក់ អាជ្ញាប័ណ្ណ រវាង​លោក គី ជា និង លោក ភ្ល​ន់ ចំរើន ហៅ ងី ដែល​បន្ត​ដំណើរការ​ភាស៊ី​ចំណត ពី​អ្នកទទួល​សិទ្ធិ​ជំនាន់​មុន (​ឆេង សុខា​) និង​សាលាស្រុក​ថ្មពួក ពោលគឺ ម្ចាស់​ភាស៊ី​នេះ នៅ​បន្ត​អនុវត្ត​មិនបាន ត្រឹមត្រូវ ហើយ​មិនមាន​ចេតនា កែតម្រូវ​ដដែលៗ ព្រមទាំង​មាន​បាតុភាព​ជាមួយ​ពលរដ្ឋ ពិសេស​កសិករ បាន​ប្តឹង​ជា​បន្តបន្ទាប់ ករណី​ម្ចាស់​ភាស៊ី​នេះ យក​ភាស៊ី​ពី​គោយន្ត​ដឹក កសិផល និង​សកម្មភាព​បង្ក​ឱ្យ​ពលរដ្ឋ មានការ​ថ្នាំងថ្នាក់ ផងដែរ ៕ V / N

រូបថត : រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​លុប​កិច្ចសន្យា ភាស៊ី​ចំណត ស្រុក​ថ្មពួក