​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៦ ខែកញ្ញា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់ អគារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល ដែលមាន​កម្ពស់​៣​ជាន់ មាន​ទទឹង ១៥,៥ ម៉ែត្រ និង​បណ្តោយ ១៧,១ ម៉ែត្រ ដែលមាន​ទីតាំង ស្ថិតក្នុង​បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នូ​ន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ ជាច្រើនរូប​ទៀត ។​

​លោក​វរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ​កំបូល បានលើកឡើង​ថាៈ ដោយសារតែ​ខណ្ឌ​កំបូល ជា​ខណ្ឌ​ដែល​ទើបតែ​បង្កើតឡើង​ក្រោយ​គេ ក្នុង​ឆ្នាំ​២០១៩ ជាហេតុ​ធ្វើ​ឲ្យ​ទីតាំង​រដ្ឋបាល​ទាំងអស់ ត្រូវការ​សាងសង់​ថ្មី ដើម្បី​បំពេញ សេចក្តីត្រូវការ​ជា​ចាំបាច់ ក្នុងនោះ​ក៏មាន មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​កំបូល​ផងដែរ ដែលមាន​តម្រូវការ​សាងសង់ តែ​ដោយ​ក្នុង​រយៈកាល​កន្លងមក ពុំទាន់​មាន​ទីតាំង​សមរម្យ និង​មិនទាន់មាន​កញ្ចប់​ថវិកា សម្រាប់​សាងសង់ បានធ្វើ​ឲ្យ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ត្រឹម​ជួល​ផ្ទះល្វែង នៅក្នុង​បុរី​សង្ឃឹម​ថ្មី ដើម្បី​ធ្វើជា​ទីតាំង​ធ្វើការ​បណ្តោះអាសន្ន រហូតមក ទើបតែ​ពេលនេះ ដោយ​មានការ​ជ្រោមជ្រែង​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង លោក ឃួ​ង ស្រេង ព្រមទាំង​លោក កើត ឆែ បានធ្វើ​ឲ្យ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល មានឱកាស​បញ្ចុះបឋមសិលា​សាងសង់ អគារ​មូលដ្ឋាន លើ​ទីតាំង​ផ្ទាល់​របស់ខ្លួន ដែល​ទទួលបាន​ពីសា​លា​រាជធានី​ភ្នំពេញ ទុក​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំពេញការងារ រដ្ឋបាល ក៏ដូចជា បម្រើ​ប្រជាពលរដ្ឋ​ទូទៅ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​៕/V​