ដោយៈដេប៉ូ /ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគេនផ្លិតយសព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណា​ចក្រកម្ពុជាដល់ព្រះសង្ឃព្រះនាមព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ។

មន្រ្តីការងារបានប្រាប់ថា ក្នុងឱកាសនោះក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអរព្រះគុណ ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ដែលបានបំពេញភារកិច្ចជាច្រើនកន្លងមកក្នុងការជួយសម្រប
សម្រួលជាកន្លែងស្នាក់នៅផ្តល់អាហារហូប ចុកនិងផ្តល់ការប្រឹក្សាយោបល់ដល់បងប្អូនពលករដែលផ្លាស់ប្តូរការងារ ស្ត្រីរៀបការស្វាមីកូរ៉េនិស្សិតក៏ដូចជាបងប្អូនខ្មែរផ្សេងទៀតនិងតែងតែជួយបកប្រែភាសាកូរ៉េតាមការពឹងពាក់របស់ពួកគាត់នៅតាមមន្ទីរពេទ្យស្ថាប័នរដ្ឋនិងឯកជនរបស់កូរ៉េរួមទាំងជួយស្វែងរកការងារឲ្យបងប្អូនយើងទៀតផងដែលកាយវិការនេះពិតជាសក្ដិសមនឹងទទួលបានគោរម្យងារជាព្រះរាជាគណៈថ្នាក់កិត្តិយសពិតប្រាកដ។

លោករដ្ឋមន្ត្រី បានអរព្រះគុណចំពោះសមានព្រះទ័យជឿជាក់ និងការខិតខំជួយសម្រួលការងារគ្រប់យ៉ាងដល់ក្រុម ការងារនៅប្រទេសកូរ៉េ ក៏ដូចជាស្ថានទូតខ្មែរ បានសម្រេចគោលដៅជាបន្តបន្ទាប់កន្លងមក។ លោកបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ក្នុងការបំពេញការងារមនុស្សធម៌នៅ សាធារណរដ្ឋកូរ៉េ និងជួយសម្រួលដល់ការងាររបស់ក្រុមការងារកូរ៉េ ដើម្បីសម្រេចបានគោលដៅប្រកបដោយផ្លែផ្កា នៅពេលអនាគត។

ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីកាចំណាប់អារម្មរណ៍ ពីការប្តេជ្ញាព្រះទ័យ ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួយផ្តល់ការប្រឹក្សាយោបល់ កន្លែងស្នាក់នៅ អាហារបកប្រែភាសាដល់បងប្អូនពលករខ្មែរស្ត្រីរៀបការស្វាមីកូរ៉េនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ។

ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ បានថ្លែងអំណរគុណចំពោះលោកបណ្ឌិត អ៊ិត សំហេង ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ ក្រុមការងារកូរ៉េ ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ដល់ការបដិបត្តិ គោរពព្រះពុទ្ធសាសនា របស់បងប្អូនខ្មែរយើង ជាពលករ ពលការិនី ស្ត្រីរៀបការ និងកូនៗ ព្រមទាំងនិស្សិត នៅទូទាំងប្រទេសកូរ៉េ៕/V/សរន

រដ្ឋមន្រ្តីក្រសួងការងារប្រគេនផ្លិតយសព្រះរាជាគណៈថ្នាក់កិត្តិយសនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាដល់ព្រះសង្ឃមួយអង្គនៅកូរ៉េ(រូបថតក្រុមការងារ)