ដោយៈ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ លោក សិទ្ធិ ឡោះ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ និង​ក្រុមការងារ នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​នាំយក​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និង​លោកស្រី​ទៅ​ផ្ដល់ជូន​ដល់ អតីត​គ្រូបង្ហាត់​កីឡាប្រដាល់​សេរី​ម្នាក់ ដែលមាន​ជីវភាព​ខ្វះខាត និង​កំពុងមាន​ជំងឺ​ប្រចាំកាយ នៅ​ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។

​អំណោយ​ទាំងនោះ រួមមាន ថវិកា​ចំនួន ៧០០.០០០ រៀល អង្ករ​៦​កា​រ៉ុង ទឹកក្រូច ១២ យួរ មី ៩​កេស ទឹកត្រី ៩​យួរ ទឹកស៊ីអ៊ីវ​៩​យួរ ទឹក​ផ្លែឈើ ២​កេស ទឹក​សុទ្ធ​វី​តា​ល់ ២​កេស ត្រីខ ៩​ដុំ ស្មើនឹង​៣០​កំប៉ុង ។

​អតីត​លោកគ្រូ​បង្ហាត់​កីឡាប្រដាល់​សេរី​រូបនោះ​មានឈ្មោះ ចាន់ ពៅ អាយុ ៧៤ ឆ្នាំ ។ គាត់​ធ្លាប់បាន​បង្ហាត់​ប្រដាល់សេរី ចាប់ពី​អំឡុង​ឆ្នាំ ១៩៩៣ រហូតដល់​ឆ្នាំ​២០១២​។ក្រោយពី​អាជីព​បង្ហាត់​ប្រដាល់ មិនសូវ​កាក់កប លោក​បាន​លាឈប់ ហើយ​ទៅ​ដើរ​ស៊ីឈ្នួល​ធ្វើការ​សំណង់ និង​នេសាទ​ត្រី ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​
​បន្ទាប់មក លោក​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម គ្មាន​ថវិកា​សម្រាប់​ព្យាបាល​។ ក្នុងអំឡុងពេល​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩ មាន​ថ្ងៃ​ខ្លះ ដាច់បាយ ក៏ប៉ុន្តែ​ត្រូវបាន​អ្នកភូមិ​យក​អង្ករ​មក​ឲ្យ ខ្លះ​៣​កំប៉ុង ខ្លះ​៥​កំប៉ុង គ្រាន់​លោក​ដាំបបរ​ហូប ៕ V / N