ភ្នំពេញ/ម៉េងឆៃ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើនបានកើតឡើង។ ក្នុងនោះរួមមាន កម្ពុជា ចាប់ផ្តើមប្រារព្ធពិធីកាន់បិណ្ឌ ព្រះមហាក្សត្រកម្ពុជាអបអរសាទរព្រះអង្គម្ចាស់ ឆាលស៍ ទី៣ ជាព្រះមហាក្សត្រថ្មី នៃប្រទេសអង់គ្លេស រួមទាំងការសកម្មភាពជាច្រើនទៀតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។

១-ប្រជាពុទ្ធបរិស័ទ ចាប់ផ្តើមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ

កាលពីថ្ងៃ ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២២ ជាថ្ងៃបិណ្ឌទី១។ ប្រជាពុទ្ធបរិស័ទយ៉ាងច្រើន បានទៅវត្តប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលមានរយៈពេល ១៤ថ្ងៃ មុននឹងចូលដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២៥ ខែកញ្ញា។នៅតាមវត្តអារាមបានប្រារព្ធពិធីបុណ្យដោយភាពស្រស់ស្រាយនិងបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩ ដូចជា ពាក់ម៉ាស លាងដៃនឹងអាល់កុល ហើយនៅតាមច្រកចូលវត្ត មាន ទូបាញ់អាល់កុល សម្លាប់មេរោគ ជាដើម។ ពុទ្ធបរិស័ទខ្លះ ក្រៅតែពីសន្សំបុណ្យ ឧទ្ទិសកុសលជូនបុព្វការីជន និងជាការថែរក្សាប្រពៃណីពួកគាត់ក៏ ទៅវត្ត និងទៅស្រុកកំណើត នៅពេលបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដើម្បីជួបជុំមិត្តភក្តិ ក្រុមគ្រួសារនិងរំឭក អនុស្សាវរីយ៍នៅតាមវត្ត ដែលជាទីកន្លែងធ្លាប់រស់នៅ និងគង់ស្នាក់នៅ កាលនៅសិក្សា ជាក្មេងវត្ត និងព្រះសង្ឃ។

២-ព្រះមហាក្សត្រកម្ពុជា អបអរសាទរព្រះអង្គម្ចាស់ ឆាលស៍ទី៣ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានផ្ញើព្រះរាជសារ ចូលរួមអបអរសាទរថ្វាយព្រះអង្គម្ចាស់ ឆាលស៍ទី៣ (Charles III)ដែលត្រូវ បានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។

ព្រះអង្គម្ចាស់ ឆាលស៍ទី៣ បានឡើងគ្រងរាជ្យសម្បត្តិ ពេលនេះ បន្ទាប់ពីមាតា គឺព្រះមហាក្សត្រិយ៍អេលីហ្សា ប៊ែតទី២ (Elizabeth II) បានយាងចូលទិវង្គត ក្នុងព្រះជន្ម ៩៦ព្រះវស្សាកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

៣-សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី២

កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​​រាជរដ្ឋា ភិបាលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ នៅស្ថានទូតអង់គ្លេស ក្នុងរាជធានីភ្នំពេញ។ ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ បានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ក្នុង ព្រះជន្ម ៩៦ព្រះវស្សា។ សារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ដែលចុះហត្ថលេខាក្នុងឱកាសអញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំងនៅពេលបាន ទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២នៃចក្រភពអង់គ្លេសដែលបានសោយទិវង្គត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍។

ការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍អេលីហ្សបែតទី២គឺជាការបាត់បង់ដ៏មហិមាមិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះពិភពលោកទាំងមូលផងដែរ»។

៤- គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម និងឡាវ

កាលពីព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានដឹកនាំ
ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាម និងឡាវដើម្បីពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជា នីតិប្រតិបត្តិរវាងកម្ពុជា ជាមួយវៀតណាម និងរវាងប្រទេសកម្ពុជា និងឡាវ។ នៅប្រទេសជាប់ព្រំដែនកម្ពុជាទាំងពីរនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ មុននឹងសម្តេច បញ្ចប់ដំណើរទស្សនកិច្ច និងបានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់ភ្នំពេញវិញ នៅថ្ងៃទី១៦ ខែកញ្ញា។

៥- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញអនុសាសន៍ប្រាំចំណុច ជាធាតុចូល សម្រាប់វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២កាលពីថ្ងៃទី១២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ បានផ្តល់អនុសាសន៍ ៥ចំណុច ដែលសម្ដេច បញ្ជាក់ថា នឹងក្លាយទៅជាធាតុចូលបន្ថែមដល់វេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូ អាស៊ាន ឆ្នាំ២០២២ នេះ។

៦-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋនិងព្រះសង្ឃបន្តអនុវត្តវិធានការពារកូវីដ១៩ក្នុងឱកាស
បុណ្យភ្ជុំបិណ្ឌ

កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានអំពាវនាវដល់ព្រះសង្ឃនិងប្រជា ពលរដ្ឋទាំងអស់ ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តនូវវិធានការសុខាភិបាលនិង៣កុំនិង៣ការពារឡើងវិញនារដូវបុណ្យ ភ្ជុំបិណ្ឌ បើទោះជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាលក៏ដោយ។

៧-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញបញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១២ ខែកញ្ញាបានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពបញ្ចេញ រថយន្តក្រុង ដឹកពលរដ្ឋទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃនៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។ ប្រមុខរាជរដ្ឋាភិបាល ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ នារដូវបុណ្យភ្ជុំបិណ្ឌនេះ។ ភ្លាមៗ អាជ្ញាធររាជធានីភ្នំពេញ ប្រកាសរៀបចំរថយន្តក្រុងជាង ១០០ គ្រឿង សម្រាប់ដឹកពលរដ្ឋ ទៅស្រុកកំណើត តាមបណ្តាខេត្ត ដោយឥតគិតថ្លៃ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា។ មានចំណតចេញដំណើរពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានា ចំនួនប្រាំកន្លែង សម្រាប់ពលរដ្ឋឡើងជិះឡានក្រុង អំឡុងពេលភ្ជុំបិណ្ឌនាសប្តាហ៍ក្រោយ។

៨-សម្តេចតេជោហ៊ុនសែនដាក់ចេញគោលនយោបាយគន្លឹះដោះស្រាយបញ្ហាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី១៣ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប ដែលបានស្ម័គ្រចិត្ត ទៅរស់នៅទីតាំងថ្មី នៅតំបន់រុនតាឯកក្នុងស្រុកបន្ទាយស្រី។ក្នុងពិធីនោះសម្តេចតេជោបានប្រកាសដាក់ចេញគោនយោបាយគន្លឹះជាច្រើន សំដៅដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ មានជាអាទិ៍ ផ្តល់ថវិកា,ការដឹកជញ្ជូនសម្ភារៈពីទី តំាងចាស់ ទៅទីតាំងថ្មី ការកសាងផ្លូវ ប្រព័ន្ធលូ ទឹកស្អាត ភ្លើងអគ្គិសនី ប្រព័ន្ធសេវាទូរស័ព្ទ សាលារៀន មន្ទីពេទ្យ ក៏ដូចជា ការផ្តល់ប័ណ្ណក្រីក្រ និងប័ណ្ណទទួលថវិកាពីកូវីដ ១៩ ជូនប្រជាពលរដ្ឋទាំងនោះជាដើម។

៩- គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវប្រាំបួនចំណុច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញផ្សាយនូវសេចក្តីអំពាវនាវស្តីពីការបង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ។ អំឡុងពេលនេះ នឹងមានការធ្វើដំណើរច្រើន ដែលនាំឱ្យចរាចរណ៍តាមដងផ្លូវ មមាញឹកជាងថ្ងៃធម្មតា ហើយអាចនឹងកើតមានគ្រោះថ្នាក់ចរាចរណ៍ បើសិនជាប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ពិសេសអ្នកបើកបរយានយន្ត មិនបង្កើនការប្រយ័ត្នទេនោះ។ អំឡុងពេលភ្ជុំបិណ្ឌបីថ្ងៃ ឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ៣៥លើក ស្លាប់ ១៤នាក់ និង ៦៤នាក់ របួស។

១០- សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅទីក្រុងសៀមរាប

កាលពីថ្ងៃទី១៤ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបានអញ្ជើញជាអធិបតីប្រកាសបើក កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំធ្វើឡើង នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។ក្នុងពិធីបើកកិច្ចប្រជុំនេះសម្តេចតេជោហ៊ុនសែនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងចំណុចមួយចំនួន ជាធាតុចូល សម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជា រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូយកទៅជជែកស្វែង រកកាលានុវត្តភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ន។

១១-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូក

តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១៥ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្រានចោលនូវការវិភាគមួយចំនួនដែលលើកឡើងថាការសម្រេចផ្អាករៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ នាដើមខែវិច្ឆិកា ឆ្នាំនេះ ដោយសាររាជរដ្ឋាភិបាល មិនមានលុយ។ សម្តេចតេជោ ពន្យល់ថា មិនមែនរដ្ឋមិនមានលុយរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេតែការផ្អាកនោះក្រោមហេតុផលនៃការរាតត្បាតជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់ទាំងស្រុងហើយម្យ៉ាងទៀតកម្ពុជាក៏ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំប្រទេសជាមិត្តមួយចំនួនដែលនឹងត្រូវរៀបចំដំណាលគ្នានឹងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកផងដែរ។

១២- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគំនិតផ្តួចផ្តើមតភ្ជាប់ខ្សែបញ្ជូនថាមពលនិងបំពង់ឧស្ម័នកាត់តាម បណ្ដាប្រទេសអាស៊ានទំាង១០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២នៅថ្ងៃទី១៥ខែកញ្ញាបានដាក់ចេញគំនិតផ្តួចផ្តើមតភ្ជាប់ខ្សែបញ្ជូនថាមពល និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ានទំាង១០។ សម្តេចតេជោនាយករដ្ឋមន្រ្តី អះអាងថា គ្រាដែលតំបន់អាស៊ាននិងពិភពលោកទាំងមូល កំពុងប្រឈមនឹងភាពមិនច្បាស់ជាច្រើនជាពិសេស ពាក់ព័ន្ធនឹងវិស័យថាមពល និងឧស្ម័ន ថ្នាក់ដឹកនាំអាស៊ានទំាងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាល ថាមពល និងឧស្ម័ន ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចឡើងវិញប្រកប ដោយចីរភាព និងភាពរឹងមាំ។

១៣-សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យចិននិងអាស៊ានរួមគ្នា កាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងការវិនិយោគនានា

ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានផ្តួចផ្តើមគំនិតជំរុញអោយអាស៊ាន និងចិន រួមគ្នាកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងការវិនិយោគនានារវាងភាគីទំាងពីរ។ សម្តេចតេជោ អះអាងថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះកម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ទាំងពីរ។

១៤- សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយកម្ពុជាចុះបញ្ជីដំណាំភូមិសាស្ត្រ

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកញ្ញា ក្នុងឱកាសអនុញ្ញាតឱ្យលោក ដារិន តាន់អគ្គនាយកអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេចបានស្នើអោយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយប្រទេសកម្ពុជាចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជាបន្ថែមទៀត។

១៥- សម្ដេចតេជោ ហ៊ុន សែន រំលឹកគុណបំណាច់លោក ស៊ិនហ្សូ អាបេ ចំពោះកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ក្នុងឱកាសអនុញ្ញាតឱ្យលោក គីតតូកា ស៊ីនីឈី ( KITAOKA Shinichi ) អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាចៃកា( JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញសម្តេចបានរំលឹក ឡើងវិញនូវគុណបំណាច់របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ចំពោះកម្ពុជា។ សម្តេចតេជោចាត់ ទុកអតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីខែកក្កដាថា ជាអ្នកមានគុណសម្រាប់ កម្ពុជា។

១៦-ពេលភ្ជុំបិណ្ឌរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់បួនថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦កញ្ញា

កាលពីថ្ងៃទី១៦ ខែកញ្ញាក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្សនិស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់វេលវេ នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនបង់ប្រាក់ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ។
តាមសេចក្តីប្រកាសខ្សែរថភ្លើង ដែលនឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរ អំឡុងពេលភ្ជុំបិណ្ឌដែលព្រឹកចេញដំណើរ ពីភ្នំពេញហើយរសៀលវិលពីខេត្តចូលភ្នំពេញវិញគឺមានពីរខ្សែ។ខ្សែទី១.រាជធានីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង។ ខ្សែទី២ រាជធានីភ្នំពេញ-តាកែវ-កំពត-ព្រះសីហនុ។

ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន ( ស្ថានីយរថភ្លើងភ្នំពេញ ) និងនៅតាមស្ថានីយនៃបណ្តាខេត្តរយៈពេលពីរថ្ងៃ មុនថ្ងៃធ្វើដំណើរចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

១៧-សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រាប់ទាំងឆ្នោតវៀតណាម និងឆ្នោតថៃ

ក្នុងសារពិសេសជាសំឡេងជូនអភិបាលស្រុក ក្រុង ខណ្ឌ រាជធានីខេត្ត និងជនរួមជាតិ កាលពីថ្ងៃទី១៧ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់បញ្ជា ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស ពិសេសឆ្នោតវៀតណាម និងឆ្នោតថៃ ដែលត្រូវតែបង្ក្រាបឱ្យអស់នៅក្នុងរាជធានីខេត្ត ស្រុកក្រុងខណ្ឌ ឃុំសង្កាត់និងនៅតាមភូមិទូទាំងប្រទេស។សម្តេចតេជោបានដាក់បទបញ្ជាដាច់ណាត់ទៅកាន់អភិបាលរាជធានីខេត្ត ស្រុកក្រុងខណ្ឌថា តាមហាងកាហ្វេគុយទាវ ដែលបង្កប់ល្បែងស៊ីសង ពិសេសលក់ឆ្នោតត្រូវតែបិទហាងនោះ តែម្តង៕សរន