ដោយៈភ្នំស្វាយ / បន្ទាយមានជ័យៈ ស្ថានភាពទឹកជំនន់នៅឃុំសឿ និងចំណុចខ្លះទៀតនៃដងស្ទឹងមង្គលបូរី មិនហក់ឡើងថ្មីទេ តែក៏មិនទាន់ស្រកវិញ ពោលគឺ នៅចំណុចខ្លះ ទឹកហូរហៀរលើកំណាត់ផ្លូវ និងខ្នងប្រឡាយនៅឡើយ ហើយស្រកចុះ តែមានល្បឿនយឺត។

មន្ត្រីរដ្ឋបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះ នៅល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅពេលលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីក្រុមការងារជាច្រើននាក់ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅប្រឡាយព្រែកសឿ ឃុំសឿ  នៅភូមិប្រឡាយចារ៍ ឃុំចំណោម ស្រុកមង្គលបូរី ។

បន្ទាប់ពីនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានបន្តដំណើរឈៀងទៅពិនិត្យមើលសំណង់អាគារសិក្សា ក្នុងអនុវិទ្យាល័យរហាត់ទឹក និងសំណង់ស្ទាក់ទឹកពោធិពីរដើម នៅឃុំរហាត់ទឹក ផងដែរ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី  ក៏បានជួបសួរសុខទុក្ខ និងស្តាប់សំណូមពររបស់ពលរដ្ឋជាកសិករខ្លះដែរ នៅចំណុចទឹកលិចផ្លូវ និងខ្នងប្រឡាយ៕ V / N