​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​រាប់ពាន់​នាក់​កំពុង​ស្វែងរក​ជម្រក​មាន​សុវត្ថិភាព​នៅ​ជប៉ុន​ភាគ​និរតី​កាលពី​ថ្ងៃអាទិត្យ នៅពេល​ព្យុះ​ណាន​ម៉ា​ដូល​(Nanmadol)​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់​​តំបន់​នេះ នាំ​អោយ​អាជ្ញា​អំពាវនាវ​អោយ​អ្នកស្រុក​ប្រមាណ​៣​លាន​នាក់​ភៀសខ្លួន​ចេញឬប្រុងប្រយ័ត្ន​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​«​ការព្រមាន​ពិសេស​»​ដ៏​កម្រ​សំរាប់​តំបន់​កាហ្គោ​ស៊ីម៉ា​(Kagoshima) ។​វា​ជា​ការព្រមាន​ដែល​ទើបតែ​ចេញម្តង​សំរាប់​ការព្យាករណ៍​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​

​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ មនុស្ស​២៥.៦៨០​គ្រួសារ​ក្នុង​តំបន់​កាហ្គោ​ស៊ីម៉ា​និង​កំបន់​ក្បែរ​ខាង មី​យ៉ា​ហ្សា​គី​(Miyazaki)​បាន​គ្មាន​ចរន្តអគ្គិសនី​ប្រើ​រួចជាស្រេច នៅពេល​សេវា​រថភ្លើង ការហោះហើរ​ក្នុង​តំបន់​​រួម​ទាំង​សេវា​នាវា​ចម្លង​ត្រូវបាន​លុប​ចោល​រហូត​ដល់​ពេល​ព្យុះ​ទៅ​ផុត​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ចេញ​ការ​ព្រមាន​ថា ព្យុះ​ណាន​ម៉ា​ដូលនឹង​ជា​ព្យុះ​គ្រោះថ្នាក់​មួយ​និង​បាន​ប្រាប់​អោយ​អ្នកស្រុក​ភៀសខ្លួន​ចេញ​ពី​មុខ​ព្យុះ​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ព្រមាន​តំបន់​កាហ្គោ​ស៊ី​ម៉ានិង​តំបន់​ក្បែរ​ខាង​អាច​ជួប​គ្រោះថ្នាក់​«​ដែល​នឹកស្មាន​មិន​ដល់​»​ពី​ខ្យល់​ខ្លាំង កំណើន​ទឹកសមុទ្រ​និង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ដោយ​ទាមទារ​«​ការ​ប្រុង​​ប្រយ័ត្ន​ខ្ពស់បំផុត​»។​

​រី​យូ​តា គូ​រ៉ូរ៉ា​(Ryuta Kurora)​ប្រធាន​ក្រុម​ព្យាករណ៍​នៅ​ទីភ្នាក់ងារ​នេះ​បាន​និយាយថា«វា​ជា​ព្យុះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​មួយ​​។​​ខ្យល់​ខ្លាំង​អាច​ដល់​រំលំ​ផ្ទះ​»​និង​ភ្លៀង​អាច​បង្ក​ទឹកជំនន់​និង​ការបា​ក់ដី​។​

​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​អគ្គិភ័យ តាំងពី​មុន​មក​អ្នកស្រុក​ប្រមាណ​២,៩​លាន​នាក់​នៅ​តំបន់​គ្យូស៊ូ​(Kyushu)​ត្រូវ​បាន​ប្រាប់​អោយ​ប្រុងប្រយ័ត្ន និង​ជាង​៨.៥០០​នាក់​បាន​ទៅ​នៅ​​ក្នុង​ជម្រក​សុវត្ថិភាព​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​។​

​លោក គូ​រ៉ូរ៉ា បាន​ប្រាប់​អ្នកស្រុក​អោយ​ភៀសខ្លួន​មុន​ហេតុការណ៍​អាក្រក់​កើតឡើង​និង​ថា សូម្បី​តែ​អ្នក​រស់នៅ​ក្នុង​អគារ​មាំ​ទាំង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ​។

​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃអាទិត្យ ព្យុះ​នៅ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​កោះ​យ៉ាគូស៊ី​ម៉ា​របស់​ជប៉ុន ជាមួយនឹង​ល្បឿង​ខ្យល់​២៥២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​វា​ត្រូវ​រំពឹងថា​នឹង​ចូល​ដល់​ដីគោក​ជប៉ុន​នៅពេល​​ល្ងាច​ថ្ងៃ​អាទិត្យ ។​

​ជប៉ុន​កំពុង​ស្ថិត​ក្នុង​រដូវ​ជួប​ព្យុះ​និង​ប្រឈម​ព្យុះ​ប្រមាណ​២០​ក្នុង​មួយឆ្នាំ ដោយ​តាម​ធម្មតា​វា​បង្ក​ការបា​ក់ដី​និង​ជំនន់​ទឹកភ្លៀង​។​នៅ​ឆ្នាំ​២០១៩ ព្យុះ​ហា​ជី​ប៊ីស​(Hagibis)​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់​​នៅ​ជប៉ុន​និង​មួយ​ឆ្នាំ​មុន​នេះ ព្យុះ​ជេ​ប៊ី​(Jebi)​បាន​បង្ខំ​អោយ​បិទ​អាកាសយានដ្ឋាន​មួយ​នៅ​ក្រុង​អូ​សា​កា និង​សម្លាប់​មនុស្ស​១៤​នាក់​៕